អណ្តាតនិងធ្មេញ

Royalty-free futuristic business clipart picture of blue 3d people working together to hold colorful pieces of a jigsaw puzzle that spells out "Team Work."

សចេបិ សន្តោ វិវទន្តិ ខិប្បំ សន្ធិយតេ បុន
ពាលា បត្តាវ ភិជ្ជន្តិ ន តេ សមថមជ្ឈគូ ។
“បើសប្បុរសឈ្លោះប្រកែកគ្នា មិនយូរមិនឆាប់ក៏សម្របសម្រួលគ្នាបានវិញ
ចំណែកឯជនពាលតែងបែកបាក់គ្នា មិនដល់នូវសេចក្តីស្ងប់ឡើយដូចជាភាជនៈដីដូច្នោះ”
ការរស់នៅជាមួយគ្នាក្តី ការធ្វើការងារជាមួយគ្នាក្តី តែងតែមានរឿងត្រូវប្រកែកគ្នា ឬ ឈ្លោះគ្នាខ្លះទៅតាមធម្មតារបស់អ្នកនៅមានកិលេស ឲ្យស្ងប់រលូនរាបទាបរហូតទៅនោះ មិនអាចទៅរួចឡើយ ពីព្រោះមនុស្សយើងនៅ មានចិត្តគំនិត ឬ តម្រូវការផ្សេងៗគ្នា ការឃើញម្នាក់ម្យ៉ាងជារឿងធម្មតា មួយវិញសោត ការមានគំនិតខ្វែងគ្នា ចាត់ជាការល្អក៏បាន ពីព្រោះគំហើញខ្វែងធ្វើឲ្យផ្អូកគិតរំលឹកស្មារតីសាជាថ្មី ទោះបីជាខាតពេលវេលាខ្លះក៏ដោយ ក៏អាចធ្វើឲ្យហ្មត់ចត់ជាងមុន មិនធូររលង់ដូចជានិយាយហៃអើតាមៗគ្នាទៅដោយគ្មានសម្លេងជំទាស់នោះទេផ្ទុយទៅវិញ ការប្រកែកវីវែកគ្នាដើម្បីអួតចំណេះ ឬ ដើម្បីយកឈ្នះចាញ់នោះទើបជារឿងនាំឲ្យខាតពេលវេលា អសារឥតបានការ នាំឲ្យខូចខាតតែផ្លូវម៉្យាង ការប្រកែកគ្នាក្នុងគោលការណ៍ចាត់ទុកថាមានប្រយោជន៍ ។
សប្បុរស គឺ មនុស្សល្អដែលប្រកាន់យកហេតុផលជាគោលការណ៍ កាលបើប្រកែក ឬ ជជែកគ្នាហើយ ក៏អាចរកចំណុចចប់បាន រួចហើយក៏ធ្វើការជាមួយគ្នាតទៅទៀត ដោយមិនប្រកាន់យករឿងដែលប្រកែក ឬ ជជែកគ្នានោះមកជាអារម្មណ៍ ឬ ប្រកាន់ទោសអូសដំណើរគ្នាទៀតទេ  ម្យ៉ាងទៀត បើជាប្តីប្រពន្ធ ក្រោយពីឈ្លោះគ្នាហើយ ក៏ត្រូវរ៉ូវគ្នាវិញ បំភ្លេចរឿងដែលឈ្លោះប្រកែកគ្នានោះចោល ឬមិត្រភក្តិក្រោយពីឈ្លោះប្រកែកគ្នាហើយ ក៏សេពគប់គ្នាដូចដើមដដែល មិនប្រកួចប្រកាន់ចំពោះគ្នាទៀតឡើយ នេះឯងជាលក្ខណៈរបស់សប្បុរស ។
ចំណែកឯជនពាល ឬ មនុស្សដែលធ្វើអ្វីស្រេចតែអំពើចិត្ត ក៏តែងតែបាក់បែកគ្នា ផ្សះផ្សាគ្នាមិនជាប់ទៀតឡើយ គួរនាដូចជាភាជនៈដីដែលបែកបាក់ជាបំណែកៗហើយមិនអាចផ្សាឲ្យជាប់ជិតគ្នាវិញបានដូច្នោះ ក្រៅពីបែកបាក់គ្នាហើយ ថែមទាំងបង្កអសន្តិសុខដល់គ្នាទៅវិញទៅមកទៀតផង តាមយាយីគូជម្លោះដោយគំនុំគុំកួន ជនពាលមានលក្ខណៈយ៉ាងនេះឯង មនុស្សខ្លះអាចជាមនុស្សមានវ័យខ្ពស់ មានការសិក្សាខ្ពស់ មានឋានៈខ្ពស់ ប៉ុន្តែនៅមាននិស្ស័យពាលក្នុងបេះដូងនៅឡើយ មនុស្សធំបែបនេះចាត់ទុកថាជនពាលចំតួ ឬថាជាអ្នកលេងចំតួ ។
មនុស្សយើងរស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា ចាំបាច់ត្រូវតែស្តាប់មតិយោបល់ដែលមានហេតុផលរបស់គ្នា ទៅវិញទៅមក យល់ព្រម ឬ មិនយល់ព្រម ក៏សូមស្តាប់ហេតុផលសិន ហើយសឹមទៅរកហេតុផលមកកាច់បំបាក់ នៅពេលឃើញថាមិនត្រឹមត្រូវ មនុស្សល្អតែងស្តាប់ហេតុផលរបស់អ្នកដទៃជានិច្ច ផ្ទុយគ្នានឹងជនពាលដែលច្រើនតែធ្វើអ្វីៗស្រេចតែអំពើចិត្តដែលខ្លួនចង់ធ្វើ គិតថាខ្លួនឯងត្រឹមត្រូវតែម្នាក់ឯង មិនស្តាប់ហេតុផលរបស់អ្នកណាទាំងអស់ រឹងទទឹងធ្វើឲ្យខាងតែបាន កាលបើយ៉ាងនេះច្បាស់ជាមានជម្លោះគ្នាជារហូតទៅ ឬ ម្នាក់ៗ សុទ្ធតែជាជនពាលក៏មិនអាចរស់នៅ ឬ ធ្វើការជាមួយគ្នាបានរហូតឡើយ ត្រូវតែបែកបាក់គ្នាទៅម្នាក់ម្ខាង ។
អណ្តាតនិងធ្មេញតែងតែប៉ះទង្គិចគ្នាខ្លះជាធម្មតា ប៉ុន្តែក៏រស់នៅជាមួយគ្នាបាន មនុស្សយើងក៏ដូចគ្នាដែរ កាលបើរស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា ក៏តែងតែប៉ះទង្គិចគ្នា ឬ ឈ្លោះគ្នាខ្លះជាធម្មតា ប៉ុន្តែគួរឈ្លោះគ្នា យ៉ាងសប្បុរស គឺ មានសតិសម្បជញ្ញៈ រួចហើយក៏មិនប្រកាន់ទោសអូសដំណើរគ្នាតទៅទៀត បើឈ្លោះគ្នា យ៉ាងជនពាលទេ ច្បាស់ជាបែកបាក់គ្នាជារៀងរហូត នាំមកនូវរឿងរ៉ាវក្តៅក្រហាយដោយឥតស្រាកស្រាន្ត ។

Facebook Comments

Leave a Reply

Your email address will not be published.