ពឹងខ្លួនឯងប្រសើរជាងពឹងអ្នកដទៃ

self_breath

អត្តា ហិ អត្តនោ នាថោ           កោ ហិ នាថោ បរោ សិយា
អត្តនា ហិ សុទន្តេន                 នាថំ លភតិ ទុល្លភំ ។
“ខ្លួនឯងជាទីពឹងរបស់ខ្លួន អ្នកដទៃណានឹងមកជាទីពឹងបាន
បុគ្គលដែលហ្វឹកហ្វាត់ខ្លួនបានល្អហើយ តែងបានទីពឹងដែលរកបានដោយកម្រ”
ក្នុងលោកយើងនេះ មានបុគ្គល 2 ប្រភេទ គឺ បុគ្គលគួរឲ្យស្រឡាញ់ចូលចិត្ត គួរឲ្យជួយសង្គ្រោះ និង បុគ្គលដែល គួរឲ្យស្អប់ គួរឲ្យធុញទ្រាន់ មនុស្សយើងបើចេះជួយខ្លួនឯង ហ្វឹកហ្វាត់ធ្វើការងារដោយខ្លួនឯង មិនងាប់ដៃងាប់ជើង មិនយកប្រៀបលើអ្នកដទៃ មានសេចក្តីប្រឹងប្រែងខ្នះខ្នែង មិនខ្ជិលច្រអូសខ្នងវែង បុគ្គលដែលចេះជួយ ខ្លួនឯងបែប នេះ ចាត់ជាបុគ្គលគួរឲ្យស្រឡាញ់ចូលចិត្ត គួរឲ្យលើកតម្កើង បុគ្គលដែលក្រវើនក្រតើនបែបនេះ បើធ្វើកិច្ចការ ណានីមួយទៅហើយ មិនបានទទួលជោគជ័យ បុគ្គលបែបនេះគួរឲ្យជួយសង្គ្រោះ គួរឲ្យជ្រោមជ្រែង ចំណែកឯ បុគ្គលដែលមិនចេះជួយខ្លួនឯង ខ្ជិលច្រអូសខ្នងវែង មិនតស៊ូនឹងការលំបាក ងាប់ដៃងាប់ជើង គិតតែពីពឹងអ្នកដទៃ សុំពឹងអ្នកដទៃជារឿយៗ បុគ្គលប្រភេទនេះ ចាត់ជាបុគ្គលគួរឲ្យស្អប់ គួរឲ្យធុញទ្រាន់ មិនគួរឲ្យជួយសង្គ្រោះដោយ ប្រការទាំងពួង ។
ក្មេងតូចៗ ជនពិការ មនុស្សវ័យចាស់ អ្នកជម្ងឺ បើចេះជួយខ្លួនឯងខ្លះ ដូចជា នៅពេលយំស្រែក បើចេះធ្វើតាម ពាក្យណែនាំរបស់អ្នកមើលថែ មិនង៉ក់ងរ មិនរឹងរូស កាលបើចេះជួយខ្លួនឯងមុនបែបនេះ ក៏គួរឲ្យជួយសង្គ្រោះ គួរឲ្យចិញ្ចឹមមើលថែ និង គួរឲ្យប្រណិប័តន៍ ។

lovelygirl
អ្នកដែលចេះជួយខ្លួនឯងបែបនេះ ចាត់ទុកថាជាមនុស្សចេះពឹងខ្លួនឯង មានខ្លួនឯងជាទីពឹង មនុស្សបែបនេះ តែងមិនពិបាកចិត្ត ទោះរស់នៅកន្លែងណា ជួបស្ថានការណ៍បែបណា ព្រោះតែមិនធ្លាប់គិតសុំពឹងអ្នកដទៃ ទាំង មិនបានទទួលជំនួយពីអ្នកណាមួយ ក៏មិនតូចចិត្ត ឬ អាក់អន់ស្រពន់ចិត្តដូចយ៉ាងមនុស្សដែលចាំតែពឹងអ្នកដទៃ ឡើយ កាលបើមិនបានទទួលជំនួយពីអ្នកដទៃតាមដែលខ្លួនចង់បាន ក៏ច្រើនតែតូចចិត្ត ឬ អន់ចិត្តចំពោះមនុស្ស ដែលមិនបានជួយខ្លួន ដូច្នេះ មនុស្សត្រូវព្យាយាមសាងទីពឹងឲ្យខ្លួនឯងឲ្យបាន ប៉ុន្តែការដែលនឹងសាងទីពឹងឲ្យ បាននោះ មនុស្សត្រូវហ្វឹកហ្វាត់ធ្វើអ្វីៗដោយខ្លួនឯង ឲ្យចេះធ្វើអ្វីៗដោយខ្លួនឯង សិក្សារៀនសូធ្យឲ្យមានចំណេះ ដឹងក្នុងការធ្វើអ្វីមួយបានពិតប្រាកដ បើឱកាសមកដល់ ក៏អាចធ្វើអ្វីៗបានដោយខ្លួនឯង កាលបើមានហេតុ ចាំបាច់ ឬ ភាពអាសន្នអន់ក្រណាមួយកើតឡើង ក៏អាចដោះស្រាយបញ្ហារបស់ខ្លួនឯងបានភ្លាម ដោយមិនចាំបាច់រងចាំឲ្យអ្នកដទៃមកជួយមុនឡើយ ។

ការដែលពឹងខ្លួនឯងបានជាការល្អបំផុត និង សប្បាយចិត្តមិនពិបាក ចិត្តក្នុងរឿងផ្សេងៗ ដូចជាចាស់ទុំពោលថា ខ្ចីច្រមុះអ្នកដទៃដកដង្ហើមមិនស្រួលដូចដកដង្ហើមដោយច្រមុះ ខ្លួនឯងទេ ឬ សព្វថ្ងៃនេះ ត្រូវពោលថា ដកដង្ហើមដោយគ្រឿងជួយដកដង្ហើម ទោះបីជាចាំបាច់ក្នុងឱកាសខ្លះ ក៏ត្រូវខំដកដង្ហើមដោយខ្លួនឯងឲ្យបាន ពីព្រោះគ្រឿងជួយដកដង្ហើមមិនអាចជួយបានជារហូតទេ ម្យ៉ាងទៀត កាលបើដល់ពេលត្រូវអាស្រ័យគ្រឿងជួយដកដង្ហើម ក៏មិនអាចធ្វើអ្វីៗបានដោយខ្លួនឯងទៅហើយ ហេតុដូច្នេះបានជាពោលថា ដកដង្ហើមដោយច្រមុះខ្លួនឯងប្រសើរជាង
កើតមកជាមនុស្សគួរពឹងខ្លួនឯងប្រសើរជាងពឹងអ្នកដទៃ ពីព្រោះអ្នកដទៃពឹងបានតែម្តងម្កាលប៉ុណ្ណោះ មិនពឹងបានជារហូតទេ ចំណែកឯខ្លួនឯងវិញពឹងបានគ្រប់ពេលវេលា ទាំងពឹងបានជារហូតផង ម្យ៉ាងទៀត ការពឹងអ្នកដទៃនោះច្រើនតែខុសបំណងច្រើនជាងសមបំណង រីឯការពឹងខ្លួនឯងច្រើនតែសមបំណងច្រើន ជាងខុសបំណង ។

 

Facebook Comments

Leave a Reply

Your email address will not be published.