loading...

ឥណ្ឌាមុនពុទ្ធកាល

ឥណ្ឌា ជាប្រទេសចំណាស់មួយក្នុងសកលលោក, ស្រដៀងចិន និង អេហ្ស៊ីប មានអារ្យធម៌បុរាណជាច្រើន, ប្រៀបដូចជាបេះដូងនៃពិភពលោក ពីព្រោះមាន​សាសនាជាច្រើនកើតឡើងនៅលើទឹកដីឥណ្ឌានេះ ​ដែលផលិតអាហារ​បំប៉ន​ចិត្តគំនិតប្រជានិករក្នុងភូមិភាគជាច្រើនរបស់ពិភពលោក ។

loading...

សាសនាដែលកើតឡើងក្នុងឥណ្ឌា គឺ សាសនាព្រាហ្មណ៍ព្រហ្មញ្ញសាសនា, ព្រះពុទ្ធសាសនា, សាសនាសិខ និង លទ្ធិកើតថ្មី ដូចជា បាហៃ និង សាឦបាបា នៃសិរឌី ជាដើម,  មានអ្នកកាន់សាសនាដែលកើតឡើងក្នុងឥណ្ឌាច្រើនរហូតដល់ ១៥០០ លាននាក់នៅជុំវិញពិភពលោក ។

ពាក្យថា “ឥណ្ឌា” ជាពាក្យថ្មី, នៅសម័យមុនពុទ្ធកាល ហៅថា “ជម្ពូទ្វីប” និង “ភារតរដ្ឋ” ។

១.ជម្ពូទ្វីប

ជម្ពូទ្វីប គឺជាឈ្មោះដែលត្រូវបានប្រើជាទូទៅនៅសម័យបុរាណ មានន័យថា ទ្វីបដើមព្រីង ឬ ទ្វីបដែលមានសណ្ឋានដូចដើមព្រីង, បច្ចុប្បន្ននេះ បានដល់ ប្រទេស ៤ គឺ ឥណ្ឌា, ប៉ាគីស្ថាន នេប៉ាល់ និង បង់ក្លាដែស

សម័យកាលខ្លះដែលស្ដេចឥណ្ឌាវាតទីអំណាចដល់ ប្រទេសអាហ្គានីស្ថានក៏ត្រូវ​បានរាប់បញ្ចូល​ផងដែរ ដូចជា ក្នុងរជ្ជកាលរបស់ព្រះបាទ អសោកមហារាជ, ព្រះបាទ​មិលិន្ទ,  ព្រះបាទកនិសកៈ និង ព្រះបាទអ័ក្បារ ជាដើម។ ជម្ពូទ្វីបស្ថិត​នៅភាគ​ពាយព្យ​នៃប្រទេសកម្ពុជា ។

loading...

បច្ចុបន្ននេះ ពាក្យថា ជម្ពូទ្វីប  មិនសូវមានអ្នកណាស្គាល់ទេ លើកលែងតែ​អ្នកសិក្សា​ប៉ុណ្ណោះ ប៉ុន្តែជនឥណ្ឌាស្គាល់ច្បាស់ពាក្យថា ភារតៈប្រទេស ព្រោះកើត​មកពី​ព្រះបាទ​ភារតៈនៃរាជវង្សបាណ្ឌពក្នុងរឿងមហាភារតៈ តាមពិត មានឈ្មោះ​ហៅ​ឥណ្ឌាជាច្រើន ដូចជា ភារតៈ ហិណ្ឌូ សិន្ធូ ឥណ្ឌា ។ ក៏ពាក្យថា«ឥណ្ឌា»នេះ ល្អៀងមកពី សិន្ធុ (Sindhu)  ដែលជាឈ្មោះរបស់ទន្លេសំខាន់​មួយនៅភាគ​ខាងជើង​របស់​ប្រទេស​ឥណ្ឌា ។ ជនព័រសៀ(បារសិក)និយាយល្អៀងថា ហិណ្ឌូ, ជនហូឡង់ ថា ឥណ្ដុស និង អង់គ្លេស ថា ឥណ្ឌា

អាកាសធាតុរបស់ជម្ពូទ្វីបមានតាំងពីត្រជាក់បំផុតនៅតំបន់ភាគខាងជើង ជាពិសេស ភ្នំហិមាល័យ រហូតដល់ រាំងស្ងួតបំផុតនៅតំបន់សមុទ្រខ្សាច់ក្នុងរដ្ឋរាជស្ថាន ។ ហេតុនោះ អាកាសធាតុក្នុងភូមិភាគនីមួយ ៗ ទើបមិនដូចគ្នា ។

ជម្ពូទ្វីបមានទំហំធំទូលំទូលាយ អាចនិយាយបានថាជាអនុទ្វីបមួយ ។ ឥណ្ឌា គឺជាប្រទេសមួយដែលធ្លាប់រីកចម្រើនមកយ៉ាងយូរអង្វែង ធៀបបានទៅនឹង​ប្រទេស​អេហ្ស៊ីបនិងប្រទេសចិន, មានភ័ស្តុតាងខាងបុរាណស្ថាន​ជាច្រើន​ត្រូវបាន​រកឃើញ ដូចជា  សំណាកបុរាណស្ថានក្រុង មោហេនជោ ដារោ (Mohenjo Daro)  នៅឯ​ដែនសិន្ធុ និង ហរប្បៈ (Harappa)  នៅឯដែនបញ្ចាបក្នុងប្រទេសប៉ាគីស្ថាន ដែលមាន​អាយុកាលប្រហែល ៣៥០០ ឆ្នាំមុនពុទ្ធកាល ។

ជម្ពូទ្វីបមុនសម័យពុទ្ធកាលនិងសម័យពុទ្ធកាល បែកចែកការគ្រប់គ្រងជា ១៦ រដ្ឋ យោងតាមឧបោសថសូត្រ តិកនិបាត អង្គុត្តរនិកាយ គឺ ១.អង្គៈ ២.មគធៈ ៣.កាសី ៤.កោសល្លៈ ៥.វជ្ជី ៦.មល្លៈ ៧.ចេតី ៨.វំសៈ ៩.កុរុ ១០.បញ្ចាលៈ ១១.មច្ឆៈ ១២.សុរសេនៈ ១៣.អស្សកៈ ១៤.អវន្តី ១៥.គន្ធារៈ ១៦.កម្ពោជៈ និង មានរដ្ឋតូច ៥ ទៀត គឺ ១.សក្កៈ ២.កោលិយៈ ៣.ភគ្គៈ ៤.វិទេហៈ ៥.អង្គុត្តរាបៈ ។

អាណាចក្រទាំងនេះគ្រប់គ្រងដោយរបបរាជានិយម របបសាមគ្គីធម៌ ដែលមានសភា​ជាទីប្រឹក្សា និង​ របបប្រជាធិបតេយ្យ ប៉ុន្តែភាគច្រើនគ្រប់គ្រងដោយរបបរាជានិយម ។

ដោយហេតុព្រះពុទ្ធសាសនាចាប់កំណើតឡើងក្នុងដែនដីឥណ្ឌា អ្នកសិក្សាទើបគួរ​ស្វែងយល់សាវតាររបស់ឥណ្ឌាមុនសម័យពុទ្ធកាលដោយសង្ខេបសិន ៖

ឥណ្ឌា បានឈ្មោះថា ជាប្រទេសចម្រុះជនជាតិ ព្រោះមានមនុស្សជា​ច្រើនអំបូរ​អាស្រ័យ​នៅលើដែនដីនេះ មនុស្សទាំងនោះមានសម្បុរលឿងបែបមុង្គោលយ (Mongoloid) ក៏មាន, មាន​សម្បុរសបែបខៅខាសយ (Caucasoid)ក៏មាន និង មានសម្បុរខ្មៅសក់រួញបែបនិក្រយ (Negroid)  ក៏មាន ។

ជនជាតិដែលគេជឿថាជាជនជាតិដើមរបស់ឥណ្ឌា គឺ សន្តូល(Santole) មុណ្ដា (Munda) កុឡារៀន (Kolarian) ទូរ៉ានៀន(Turanians)  និង ត្រាវិឌៀន (Dravidians) ជាជនជាតិស្បែកខ្មៅសក់រួញមួយអំបូរទៀត ដែលបច្ចុប្បន្ននៅសេស​សល់​ឯរដ្ឋពិហារ​និង​បេងកាល់របស់ឥណ្ឌា ។

Facebook Comments

loading...