loading...

សម្រួលពង្សាវតារបុរាណមកជាអក្សរសម័យ(គ.ស. ១៨១៣ ដល់ គ.ស. ១៨៤០)

*********

loading...

ថ្ងៃ ៩ កើត ខែបុស្ស ឆ្នាំវក ចត្វាស័ក ព្រះអង្គឯម ព្រះមហាឧបរាជ និង ព្រះអង្គឌួង សម្ដេចព្រះអនុជពៅ ចូលទៅថ្វាយបង្គំព្រះចៅ​ឡឺតឡាន:ភាល័យ​ស្រុកសៀម​ទុកតែមេទ័ពសៀមមេទ័ពខ្មែរឱ្យនៅចាំរក្សាបន្ទាយពេជ្រ ។


ដល់ថ្ងៃ ១៥ កើត ខែអស្សុជ ឆ្នាំវក ចត្វាស័ក ស្ដេច យ៉ាឡុងប្រើអុងតាតុន​ជាមេទ័ពធំ​ចេញមកពីស្រុកហ្វេរ មកដល់ស្រុកព្រៃនគរ គិតធ្វើសំពៅ និង ទូក កែន ពលយួន​បម្រុង​ទុកនឹងជូនសម្ដេចព្រះឧទ័យរាជាធិរាជ វិលមកស្រុកខ្មែរវិញ ។


ដល់ថ្ងៃ ៥ កើត ខែមិគសិរ ឆ្នាំវក ចត្វាស័ក នោះ ឧកញ៉ា សួគ៌ាលោកឯកឱ្យហ្មមុខ​នៅ​ស្រុកពោធិសាត់ទាក់បានដំរីសឈ្មោលមួយនាំទៅថ្វាយព្រះចៅឡឺតឡានៈភាល័យ ។


ដល់ថ្ងៃ ៥ រោច ខែបុស្ស ឆ្នាំវក ចត្វាស័ក នោះ ស្ដេចយ៉ាឡាងប្រើបំរើឲ្យនាំកាស ១០០០ ត្រណោត មកព្រះរាជទាននាម៉ឺននិងរាស្រ្ត ហើយថ្វាយសម្ដេចព្រះទាវប្រាក់ ២០ ណែន សម្ដេចព្រះរាជមាតាប្រាក់ ១០ ណែន ។


មកដល់ខែមាឃ ឆ្នាំវក ចត្វាស័ក ព្រះចៅឡឺតឡាន:ភាល័យត្រាស់ប្រើពញា​មហា​អាមាត្យ​ឲ្យនាំព្រះរាជឱង្ការទៅឯស្ដេចយ៉ាឡុងស្រដីសេចក្ដីរាជការស្រុកខ្មែរ ។

loading...


ដល់ថ្ងៃសុក្រ ៩ កើត ខែចេត្រ ឆ្នាំវក ចត្វាស័ក ស្ដេចយ៉ាឡុង មានព្រះបន្ទូល ១ ច្បាប់បង្គាប់មកអុងតាតុន សេចក្ដី ថា ឲ្យរៀបដង្ហែសម្ដេចព្រះឧទ័យរាជាធិរាជ ឡើង​មក​បន្ទាយពេជ្រវិញ ហើយបើកប្រាក់ ៣៥៧ ណែន និង ស្រូវ ២ ម៉ឺនថាំង ថ្វាយមក សម្ដេច​ព្រះឧទ័យរាជាធិរាជ ។ បើកកាស ៥ ពាន់ត្រណោត ព្រះរាជទានឱ្យមកចែកអស់នាម៉ឺន​មុខមន្ត្រីនិងរាស្រ្តបណ្ដាជាខ្ញុំគ្រប់គ្នា ៕


មហាសករាជ ១៧៣៥ ថ្ងៃពុធ ១៣ រោច ខែចេត្រ ឆ្នាំរកា បញ្ចស័ក អុងតាតុន រៀបដង្ហែ​សម្ដេចព្រះឧទ័យរាជាធិរាជឡើងមកស្រុកខ្មែរ នោះឲ្យទួនផូជាឧកញ៉ារាជតេជះ និង អុងធុង ជូនពល ២០០០ ហែជាទ័ពស្រួចមក ចេញពីស្រុកបាញងែ​មកជាមុន ។
ដល់ថ្ងៃ ១៥ រោច ខែចេត្រ ឆ្នាំរកា បញ្ចស័ក ឱ្យអុងទិញហ៊ៅ និង លូវធូវ ជាចៅហ្វាយ​ស្រុកនាំពល ២ ម៉ឺន ជិះទូកទ័ព ចេញពីស្រុកបាញ់ងែមកជាទ័ពស្រួចទៀត ។
(នៅមានត)

Facebook Comments

loading...