loading...

យោងតាមព្រះរាជពង្សាវតាក្រុងរតនកោសិន្ទ្ររជ្ជកាលទី ៤ របស់ចៅពញាទិពាករវង្ស គ.ស. ១៨១៣ ដល់ គ.ស.១៨៧០ ទាក់ទងនឹងការរុះរើប្រាសាទរបស់ខ្មែរ នៅខេត្ត សៀមរាប ដើម្បីនាំយកប្រាសាទខ្មែរនោះ មកដាក់នៅក្នុងប្រទេសសៀម ។

ព្រះបាទសម្ដេចព្រះចម ក្លៅរជ្ជកាលទី ៤ ទ្រង់មានព្រះតម្រិះថា ឲ្យទៅរុះរើ ប្រាសាទថ្ម គឺ ប្រាសាទនគរវត្តឯខេត្តសៀមរាប នាំយកមកដាក់នៅ ក្នុងទីក្រុងបាងកក ទ្រង់ត្រាស់ បញ្ជាឱ្យ ព្រះសុពណ្ណពិសាល ឃុនជាតិវិទ្យា ទៅត្រួតពិនិត្យមើលប្រាសាទអង្គរតូច អង្គរធំ លុះពិនិត្យមើលហើយ ព្រះសុពណ្ណពិសាល ឃុនជាតិវិទ្យាបានត្រឡប់ មក ក្រាបទូល ថា មិនអាចរុះរើមកបានទេ ព្រោះសុទ្ធតែ ប្រាសាទថ្មធំៗ ។

loading...

ព្រះបាទសម្ដេចព្រះចមក្លៅ លុះទ្រង់ស្ដាប់សេចក្ដីរាយការណ៍នោះហើយ​ក៏ទ្រង់ត្រាស់​បញ្ជាឲ្យទៅរុះរើប្រាសាទតាព្រហ្មដែលមានទំហំតូចជាង ដែលប្រាសាទតាព្រហ្មនេះ នៅពេល​បច្ចុប្បន្ន មានអ្នកទេសចរជាច្រើននិយមចូល ទៅទស្សនាយ៉ាងខ្លាំង ​ព្រោះ​មិន​ត្រូវ​បានជួសជុលដោយអាណាព្យាបាលបារាំងទេ​ បណ្ដោយទុកឱ្យនៅក្នុងសភាព​ដើម​ដដែល​ មានដើមឈើឬសឈើដុះព័ន្ធព័ទ្ធស្អេកស្កះ ហើយប្រាសាទតាព្រហ្មនេះ​ក្លាយជា​ឆាកថតភាពយន្តរឿង Tomb Raider យ៉ាងស្រស់ស្អាត ដែលមានតារាល្បី របស់​ហូលីវូដ គឺ នាង angelina jolie ជាអ្នកសម្ដែង ។

ព្រះរាជពង្សាវតារមានសេចក្ដីបន្ថែមទៀត ថា មានការបញ្ជូនរេហ៍ពលទៅ ៤ ក្រុម មួយក្រុម មានគ្នា ៥០០ នាក់ បែងចែកជាក្រុមអូស ក្រុមជញ្ជូន ហើយ តាំងពលីបួង​សួងនៅថ្ងៃ ៩ កើតខែពិសាខ ហើយក៏ចាប់ ផ្ដើមរុះរើប្រាសាទ ។

ហេតុការណ៍រុះរើប្រាសាទតាព្រហ្មដោយចំនួនរេហ៍ពល ២០០០ នាក់នេះកើតឡើង​ក្នុងគ.ស. ១៨៦០  ត្រូវនឹងរជ្ជកាលរបស់មហាក្សត្រកម្ពុជា គឺ ព្រះបាទ នរោត្តម ដែល​គ្រងរាជ្យរវាងគ្រិស្តសករាជ ១៨៥៤ ដល់ ១៩០៤ ដែលនៅសម័យនោះ ប្រទេស​កម្ពុជា​ធ្លាក់ខ្លួនទន់ទាប ក្លាយជាប្រទេសរាជរបស់ប្រទេសសៀមនិងយួន មុនពេលទទួល​យក​អាណាព្យាបាលបារាំងនៅគ.ស. ១៨៦៧  ពោលគឺ ខេត្តសៀមរាបនិងខេត្តបាត់ដំបង ដែលមានត្រកូលអភិជនអភ័យវង្សជាអ្នកគ្រប់គ្រង ស្ថិតនៅក្រោម​ចំណុះទីក្រុងបាងកក​នៅឡើយ ហើយព្រះសុពណ្ណពិសាល​ជាមន្ត្រីនៅខេត្តនោះ​បានទទួល​ព្រះរាជបញ្ជា​ឲ្យធ្វើ​ជាប្រធានគ្រប់គ្រងការរុះរើប្រាសាទតាព្រហ្មនោះ ។


គេមិនដឹងហេតុផលច្បាស់អំពីព្រះរាជបំណងនេះ ថា ហេតុអ្វីបានជាព្រះបាទសម្ដេច​ព្រះចមក្លៅ​ទ្រង់ត្រាស់បញ្ជាឲ្យរុះរើប្រាសាទថ្មដ៏មហិមានោះទេ ប៉ុន្តែកាលនោះ ត្រូវនឹង ការដែលបារាំងកំពុងចូលមកកាន់ដែនដីឥណ្ឌូចិន ឆ្លងចូលវៀតណាម កម្ពុជា និង លាវ ប្រជែងជាមួយនឹងអង់គ្លេសដែលចូលទៅភូមានិងម៉ាឡាយូ ធ្វើឱ្យសៀម ស្ថិតក្នុង​តំបន់​រនាំង​របស់មហាអំណាចទាំងពីរ ។


ប៉ុន្តែរឿងគួរឲ្យចាប់អារម្មណ៍មួយ គឺថា ការរុះរើប្រាសាទតាព្រហ្មនោះទទួលបរាជ័យ ។ យោងទៅតាមព្រះរាជពង្សាវតារដដែលបានបន្តទៀត ថា មានខ្មែរប្រហែល ៣០០ នាក់​ចេញ​មកពីក្នុងព្រៃ ចូលទៅបាញ់ កាប់ចាក់កងរេហ៍ពល ដែលកំពុងរុះរើប្រាសាទ សម្លាប់​ព្រះសុពណ្ណ ពិសាលស្លាប់ ១ នាក់ ព្រះវាំងស្លាប់ ១ នាក់ កូន ព្រះសុពណ្ណ​ពិសាល​ស្លាប់ ១ នាក់ ដេញកាប់ចាក់ព្រះមហាតថៃ ព្រះយុកក្បាត់ ទទួលរង​របួស​ជាច្រើននាក់ ប៉ុន្តែរេហ៍ពលតូចតាច​ពួកខ្មែរទាំងនោះ​មិនធ្វើអន្តរាយទេ​ បន្ទាប់មក​ក៏គេចខ្លួន​ចូលព្រៃបាត់ទៅ ។

loading...


បានសេចក្ដីថា នៅសម័យនោះ មានក្រុមខ្មែរអ្នកស្នេហាជាតិ បង្កើតកងកំលាំង​ការពារ​ប្រាសាទឡើង ហើយខឹង សម្បានឹងការរុះរើប្រាសាទតាព្រហ្មនោះ​ទើបដល់ថ្នាក់​ចូល​ទៅកាប់សម្លាប់ប្រធានគ្រប់គ្រងការរុះរើប្រាសាទស្លាប់និងរបួសជាច្រើន ព្រោះហេតុ​នោះ ទើបព្រះបាទសម្ដេចព្រះចមក្លៅទ្រង់រម្ងាប់គម្រោងរុះរើប្រាសាទនោះ ឱ្យប្ដូរមក​ជាការចម្លងយកប្រាសាទអង្គរតូចមកតម្កល់ក្នុងវត្តព្រះស្រីរតនៈសាស្ដារាមជំនួសវិញ រហូតដល់សព្វថ្ងៃនេះ ។

Facebook Comments

loading...