loading...

ភាសាបាលីប្រៀបដូចជាតួដើមរបស់ដើមឈើ

ការសិក្សាអ្វីមួយសុទ្ធតែល្អទាំងអស់ ប៉ុន្តែការសិក្សាដែលសំខាន់ជាងគេក្នុង ព្រះពុទ្ធសាសនា គឺ ការសិក្សាភាសាបាលី ព្រោះព្រះពុទ្ធសាសនាពឹងផ្អែក ទាំងស្រុងលើការសិក្សាទ្រឹស្ដីភាសាបាលី បើអ្នកបួសមិនចង់សិក្សាភាសាបាលីទេ ប៉ុន្តែបែរជាចង់សិក្សាមុខវិជ្ជាផ្សេងវិញ អ្នកបួសនោះមិនអាចជាធម្មទាយាទបានទេ ហើយព្រះពុទ្ធសាសនាក៏មិនអាចតាំងនៅបានយូរអង្វែងដែរ ច្បាស់ជានឹង​ត្រូវអន្ដរធាន​នៅពេលណាមួយមិនខាន ព្រោះបើប្រៀបធៀបព្រះពុទ្ធសាសនាទៅនឹងដើមឈើ ភាសាបាលីប្រៀបដូចជាតួដើមរបស់ដើមឈើ ។

ការសិក្សាលើមុខជំនាញផ្សេងទៀតប្រៀបដូចជាមែកឈើ បើនៅពេលណាមួយ​ តួដើមរបស់ដើមឈើនោះត្រូវបាត់បង់ មែកឈើមិនអាចតាំងនៅបានទេ ប៉ុន្តែបើ​បាត់បង់មែកឈើទៅ តែតួដើមរបស់ដើមឈើនៅមាន ក៏អាចបែកមែកសាខា​ចេញ​ផ្លែផ្កាតទៅទៀតបាន ។

loading...

ការសិក្សាភាសាបាលីត្រូវមានកម្មវិធីសិក្សាមួយដែលច្បាស់លាល់ និង​ ចេញពី​សាលា​បាលីមួយដែលមិនលាយឡំដោយមុខវិជ្ចាផ្សេង ហើយថែមទាំងស្របតាមមាត្រា ៦៨ នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសទៀតថា “រដ្ឋជួយផ្សព្វផ្សាយ និង លើកតម្កើង សាលាបាលី និង ពុទ្ធិកសិក្សា” ពោលគឺ ត្រូវមាន​សាលាបាលី ការិយាល័យ​សាលា​បាលី នាយកសាលាបាលី និង លេខាធិការសាលាបាលី  ដែលចាត់​ទុកថាជា​ក្បាល​ម៉ាស៊ីន​​​យ៉ាងសំខាន់មួយ​ក្នុងការ​ជំរុញការសិក្សាភាសាបាលីឱ្យរីកចម្រើន ៕

Facebook Comments

loading...