ពន្យល់ បចតិ យ៉ាងពិស្តារ

ពាក្យថា បចតិ ជាកិរិយាប្រភេទអាខ្យាត ភូវាទិគណៈ ប្រែថា ចម្អិន អាំង ចៀន ស្ល ជាដើម ស្រេចតែលើសេចក្តីក្នុងប្រយោគ ។​

loading...

គ្រឿងផ្សំសំខាន់របស់កិរិយាអាខ្យាត មាន ៣ យ៉ាង គឺ ធាតុ បច្ច័យ និង វិភត្តិ

បចតិ ប្រកបដោយគ្រឿងផ្សំសំខាន់ ៣ យ៉ាង គឺ បច-ធាតុ + អ-បច្ច័យ + តិ-វត្តមានាវិភត្តិ

អាខ្យាតប្រកបដោយគ្រឿងផ្សំយ៉ាងពិស្តារ ៨ ប្រការ គឺ វិភត្តិ កាល បទ វចនៈ​ បុរស ធាតុ វាចក បច្ច័យ

តទៅនេះ នឹងវែកញែកពាក្យថា បចតិ យ៉ាងពិស្តារ

បចតិ ចុះ តិ វត្តមានាវិភត្តិ និង តិ វិភត្តិ អាចប្រែជាសេចក្តីបាន ៥ យ៉ាង គឺ “កំពុង, បានកំពុង, រមែង, ទើប, នឹង” ហើយហៅកាលទៅតាមពាក្យប្រែទាំងនោះ ដូចតទៅនេះ

loading...

បចតិ ប្រែថា “កំពុងចម្អិន” ប្រាប់បច្ចុប្បន្នកាលខណៈ​ ពោលគឺ កិរិយាចម្អិន​កំពុងប្រព្រឹត្ត​ទៅ ។

បចតិ ប្រែថា “បានកំពុងចម្អិន” ប្រាប់អតីតៈខណៈ ពោលគឺ ខណៈកំពុងចម្អិន​បាន​កន្លងហើយ ។

បចតិ ប្រែថា “រមែងចម្អិន” ប្រាប់បច្ចុប្បន្នធម្មតា ដែលតែងតែធ្វើជាប្រចាំ ឬ ជាសច្ចធម៌ដែលតែងតែកើតជាដរាប ។

បចតិ ប្រែថា “ទើបចម្អិន” ប្រាប់បច្ចុប្បន្នស្ទើរអតីតៈ ពោលគឺ កិរិយាទើបកន្លងផុតទៅថ្មី ៗ ។

បចតិ ប្រែថា “នឹងចម្អិន” ប្រាប់បច្ចុប្បន្នស្ទើរអនាគត ដែលហៀបនឹងកើតឡើង មានន័យស្រដៀងថា ប្រុង គ្រោង​​ ចង់ ។

តិ វត្តមានាវិភត្តិ​ ប្រាប់កាលដូចពោលខាងលើ ប្រាប់បទ ជាបរស្សបទ ប្រាប់វចនៈ ជាឯកវចនៈ ប្រាប់បុរស​ជាបឋមបុរស (First Person)  ។

និង បចតិ​ ជាកត្តុវាចក ព្រោះ​ អ​-បច្ច័យ កាលចុះជាមួយធាតុណា ធាតុនោះជាកត្តុវាចក ។​

សរុបសេចក្តីមក បចតិ ប្រកបដោយគ្រឿងផ្សំ ៨ យ៉ាង គឺ វិភត្តិ គឺ តិ វត្តមានា, កាល​មានបច្ចុប្បនខណៈជាដើម,​ បទ​ ជាបរស្សបទ, វចនៈ ជាឯកវចនៈ, បុរស​​ ជាបឋមបុរស ធាតុ ជា បច-ធាតុ, វាចក ជាកត្តុវាចក និង បច្ច័យ គឺ អ-បច្ច័យ

 

 

 

 

Facebook Comments

loading...