ប្រវត្តិ មោរបរិត្ត ៖ ឧទេតយញ្ចក្ខុមា

មោរបរិត្ត គឺ បរិត្តរបស់ក្ងោក ជាព្រះបរិត្តដែលពោលអំពីគុណព្រះសម្មាសម្ពុទ្ធ ហើយបង្អោនព្រះគុណនោះមកឃុំគ្រងឲ្យមានសិរីសួស្តី ។

loading...

មានប្រវត្តិមកថាក្នុងគ្រាដែលព្រះពោធិសត្វ សោយព្រះជាតិជាក្ងោកមាស អាស្រ័យនៅនា​ទណ្ឌកហិរញ្ញបព៌ត ក្នុងព្រៃហេមពាន្ត ព្រះពោធិសត្វបាន​សម្លឹង​មើលដួងព្រះអាទិត្យ ក្នុងពេលព្រះអាទិត្យទើបនឹងរះ ហើយក៏រាយមន្ត​ស្វាធ្យាយពីរ​គាថាដំបូងថា ឧទេតយញ្ចក្ខុមា… រួចទើបចេញទៅស្វែងរកអាហារ ពេលត្រឡប់មក​ពីស្វែងរក​អាហារវិញក្នុងពេលល្ងាច ក៏សម្លឹងមើលដួងព្រះអាទិត្យព្រមទាំង​រាយមន្ត​ស្វាធ្យាយ​ពីរគាថាក្រោយថា អបេតយញ្ចក្ខុមា… ក្ងោកមាសរួចផុតពី​អន្តរាយ​គ្រប់យ៉ាង ដោយសារមន្តនេះឯង ។

ថ្ងៃមួយ មានព្រានព្រៃម្នាក់ចេញពីភូមិមួយ នៅជិតក្រុង​ពារាណសី បានប្រទះក្ងោកមាស​នោះដោយចៃដន្យ ក៏បានមកប្រាប់ដំណឹង​នោះដល់កូនប្រុសរបស់ខ្លួន ។ ក្នុងពេលនោះដែរ ព្រះនាងខេមាទេវី អគ្គមហេសីនៃ​ព្រះចៅក្រុងពារាណសី ទ្រង់ព្រះសុបិន​ឃើញក្ងោកមាសសម្តែងធម៌ ក៏ក្រាបទូលព្រះស្វាមីថា ខ្ញុំម្ចាស់មានបំណង​ចង់​ស្តាប់ធម៌របស់ក្ងោកមាស ។ ព្រះរាជាទ្រង់ក៏មានព្រះរាជបញ្ជាឲ្យហៅព្រានព្រៃមកចូលគាល់ ។ ព្រានព្រៃដែលធ្លាប់បានឮពាក្យបណ្តាំឪពុករបស់ខ្លួន បានមកក្រាបបង្គំទូលថា ក្ងោកមាសមាននៅឯភ្នំទណ្ឌកហិរញ្ញបព៌ត ពិតមែន ។

ទ្រង់ក៏ត្រាស់បង្គាប់ឲ្យនាយព្រាននោះ ទៅចាប់ក្ងោកមាសមកថ្វាយ ។ ព្រានព្រៃនោះ បានធ្វើដំណើរទៅកាន់ព្រៃហេមពាន្ត ហើយក៏រាយអន្ទាក់ដាក់គ្រប់កន្លែង ត្រង់ទីដែលក្ងោកមាសមកស្វែងរកអាហារ ។ សូម្បីប្រើពេលអស់ប្រាំពីរឆ្នាំ ក៏នៅតែចាប់ក្ងោកមាសនោះមិនបាន ព្រោះក្ងោកផុតពីអន្ទាក់ទៅខ្លះ អន្ទាក់មិនវាត់ឡើងខ្លះ នៅទីបំផុតព្រានព្រៃនោះ ក៏អស់ជីវិតក្នុងព្រៃនោះឯង ។ ចំណែកខាងព្រះនាងខេមាទេវី ទ្រង់ប្រឈួនដល់អស់ព្រះជន្ម ព្រោះតែខូចព្រះទ័យដោយមិនបានសមតាមប្រាថ្នា ។

ព្រះចៅក្រុងពារាណសីទ្រង់ពិរោធ បានត្រាស់បញ្ជាឲ្យចារឹកអក្សរទុកក្នុងផែនមាសថា អ្នកដែលបានស៊ីសាច់ក្ងោកមាសនៅឯទណ្ឌកហិរញ្ញបព៌ត នឹងមិនចាស់ មិនស្លាប់ឡើយ ។ តមក ព្រះរាជាក៏អស់ព្រះជន្មទៅ ។

ព្រះរាជាអង្គថ្មីដែលគ្រងរាជបន្តបានទតឃើញអក្សរនោះក៏បញ្ជូនព្រានព្រៃឲ្យទៅចាប់ក្ងោកនោះទៀត តែគ្មាននរណាចាប់បានឡើយ ។ ពេលវេលាបានកន្លងផុតទៅ រហូតអស់ព្រះជន្មព្រះរាជាប្រាំមួយព្រះអង្គ លុះមកដល់សម័យព្រះរាជាអង្គទីប្រាំពីរ ទ្រង់ក៏មានព្រះរាជបញ្ជាឲ្យព្រានព្រៃទៅចាប់ក្ងោកមាសនោះទៀត ។ ព្រានព្រៃម្នាក់ក្រោយនេះ ឈ្លាសវៃ គាត់បានសង្កេតហេតុការណ៍មកអស់ច្រើនថ្ងៃ ក៏ដឹងច្បាស់ថា ក្ងោកមាសមិនដែលជាប់អន្ទាក់ ព្រោះមានមន្តខ្លាំងពូកែ មុននឹងចេញ​ស្វែងរកអាហារ តែងតែស្វាធ្យាយមន្ត ទើបគ្មានអ្នកណាអាចចាប់បាន គាត់គិតថា ត្រូវចាប់ក្ងោកមាសមុនពេលស្វាធ្យាយមន្ត ទើបនាំក្ងោកញីមួយមកចិញ្ចឹមទុក ហើយក៏នាំយកទៅលែងនៅនាជើងភ្នំ ដោយដាក់អន្ទាក់នៅក្បែរ ៗ ក្រៅពីនោះ ថែមទាំងធ្វើសញ្ញាឲ្យនាងក្ងោករាំច្រៀងផង ។

loading...

ព្រះពោធិសត្វ ពេលឮសំឡេងនាងក្ងោក ក៏ភ្លេចស្វាធ្យាយមន្តឃុំគ្រងខ្លួន បានហើរសំដៅទៅរកនាងក្ងោកយ៉ាងរហ័ស ទើបជាប់អន្ទាក់នាយព្រាន ក្នុងពេលនោះទៅ ។ ព្រានព្រៃ បាននាំក្ងោកពោធិសត្វទៅថ្វាយព្រះចៅក្រុងពារាណសី ។ ពេលចូលគាល់ព្រះរាជា ព្រះពោធិសត្វបានទូលសួរថា ហេតុអ្វី ទើបព្រះអង្គចាប់​ទូលព្រះបង្គំមក ។ ព្រះរាជាត្រាស់ថា ព្រោះមានអក្សរចារឹកថា អ្នកស៊ីសាច់ក្ងោក​មាស​នឹងមិនចាស់ មិនស្លាប់ ។ ព្រះពោធិសត្វក៏ទូលថា អ្នកស៊ីសាច់ទូលបង្គំ មិនស្លាប់ តែទូលបង្គំនឹងត្រូវស្លាប់ មិនមែនឬ ។ ព្រះរាជាត្រាស់ថា ត្រូវហើយ អ្នកឯង នឹងស្លាប់ ។

ព្រះពោធិសត្វទូលថា កាលទូលបង្គំ ត្រូវស្លាប់ អ្នកស៊ីសាច់ទូលបង្គំ មិនស្លាប់ដូចម្តេចបាន​ ។ ទ្រង់ត្រាស់ថា ព្រោះអ្នកមានរោមពណ៌មាស ទើបធ្វើឲ្យអ្នកដែលបានស៊ីសាច់អ្នកឯង មិនស្លាប់ ។ ព្រះពោធិសត្វទូលថា ទូលព្រះបង្គំមាន​រោមពណ៌មាស ព្រោះជាតិមុនធ្លាប់កើតជាព្រះចៅ​ចក្រពត្តិក្នុង​ព្រះនគរនេះឯង បានរក្សាសីលប្រាំនិងដឹកនាំពពួកជនឲ្យរក្សាដែរ ។ បន្ទាប់មក ព្រះពោធិសត្វបាន ក្រាបទូលរឿងដែលព្រះអង្គធ្លាប់​កប់ព្រះទីន័ងរាជរថ​របស់​ព្រះចៅចក្រពត្តិទុកក្នុងស្រះបោក្ខរណី ។

ព្រះចៅក្រុងពារាណសី ទ្រង់ក៏មានព្រះរាជបញ្ជាឲ្យបាចទឹកចេញពីស្រះ ហើយឲ្យស្រង់​យកព្រះរាជរថឡើងមក ទើបទ្រង់ជឿពាក្យព្រះពោធិសត្វ ។ បន្ទាប់មកទៀត ព្រះពោធិសត្វ បានថ្វាយឱវាទព្រះរាជាឲ្យទ្រង់តាំងនៅក្នុងអប្បមាទធម៌ រួចហើយក៏​បាន​ហើរត្រឡប់ទៅកាន់ព្រៃហេមពាន្តវិញ ។

ឧទេតយញ្ចក្ខុមា ឯករាជា
ហរិស្សវណ្ណោ បឋវិប្បភាសោ
តំ តំ នមស្សាមិ ហរិស្សវណ្ណំ បឋវិប្បភាសំ
តយជ្ជ គុត្តា វិហរេមុ ទិវសំ
ព្រះអាទិត្យនេះ​ ជាដួងភ្នែក ( នៃលោក ) ជាឯករាជ មានពណ៌ដូចជាពណ៌នៃមាស ញ៉ាំងប្រឹថពីឱ្យភ្លឺស្វាងហើយរះឡើង ព្រោះហេតុនោះ ខ្ញុំ​សូមនមស្ការនូវព្រះអាទិត្យនោះ ដែលមានពណ៌ដូចជាពណ៌នៃមាស ញ៉ាំងប្រឹថពីឱ្យភ្លឺស្វាង​ យើងទាំងឡាយ​ ដែលលោកគ្រប់គ្រងរក្សាហើយក្នុងថ្ងៃនេះ គប្បីនៅជាសុខអស់ ១ ថ្ងៃ ។

យេ ព្រាហ្មណា វេទគុ សព្ពធម្មេ
តេ មេ នមោ តេ ច មំ បាលយន្តុ
នមត្ថុ ពុទ្ធានំ នមត្ថុ ពោធិយា
នមោ វិមុត្តានំ នមោ វិមុត្តិយា ។
ព្រាហ្មណ៍ទាំងឡាយឯណា ដល់នូវវេទក្នុងធម៌ទាំងពួង ព្រាហ្មណ៍ទាំងឡាយនោះ​ ( ចូរទទួល ) នូវកិរិយានមស្ការរបស់ខ្ញុំ ម្យ៉ាង​ទៀត​ ព្រាហ្មណ៍​ទាំង​ឡាយ​នោះ​ ចូររក្សានូវខ្ញុំ សូមនមស្ការ​ថ្វាយបង្គំ​ចំពោះ​ព្រះ​ពុទ្ធ​ជាម្ចាស់ទាំងឡាយ សូមនមស្ការចំពោះ​ពោធិញ្ញាណ ( នៃព្រះពុទ្ធទាំងឡាយនោះ ) សូមនមស្ការថ្វាយបង្គំ​ ( ចំពោះព្រះអរិយបុគ្គលទាំងឡាយ )​ ដែលលោកផុតហើយចាករាគាទិក្កិលេស សូមនមស្ការថ្វាយបង្គំចំពោះវិមុត្តិធម៌ ( នៃព្រះអរិយបុគ្គលទាំងឡាយនោះ ) ។

ឥមំ សោ បរិត្តំ កត្វា មោរោ ចរតិ ឯសនា ។
ក្ងោកនោះ លុះតែបានធ្វើនូវព្រះបរិត្តនេះហើយ ទើបចរទៅដើម្បីស្វែងរកអាហារ ។

អបេតយញ្ចក្ខុមា ឯករាជា
ហរិស្សវណ្ណោ បឋវិប្បភាសោ
តំ តំ នមស្សាមិ ហរិស្សវណ្ណំ បឋវិប្បភាសំ
តយជ្ជ គុត្តា វិហរេមុ រត្តឹ ។
ព្រះអាទិត្យនេះ​ ជាដួងភ្នែក ( នៃលោក ) ជាឯករាជ មានពណ៌ដូចជាពណ៌នៃមាស ញ៉ាំងប្រឹថពីឱ្យភ្លឺស្វាង​ ហើយអស្ដង្គតទៅ ព្រោះហេតុនោះ ខ្ញុំ​សូមនមស្ការនូវព្រះអាទិត្យនោះ ដែលមានពណ៌ដូចជាពណ៌នៃមាស ញ៉ាំងប្រឹថពីឱ្យភ្លឺស្វាង​ យើងទាំងឡាយដែលលោកគ្រប់គ្រងរក្សាហើយ ក្នុងថ្ងៃនេះគប្បីនៅជាសុខអស់ ១ រាត្រី ។

យេ ព្រាហ្មណា វេទគុ សព្ពធម្មេ
តេ មេ នមោ តេ ច មំ បាលយន្តុ
នមត្ថុ ពុទ្ធានំ នមត្ថុ ពោធិយា
នមោ វិមុត្តានំ នមោ វិមុត្តិយា ។
ព្រាហ្មណ៍ទាំងឡាយឯណា ដល់នូវវេទក្នុងធម៌ទាំងពួង ព្រាហ្មណ៍ទាំងឡាយនោះ ​( ចូរទទួល ) នូវកិរិយានមស្ការរបស់ខ្ញុំ ម្យ៉ាង​ទៀត​ ព្រាហ្មណ៍​ទាំង​ឡាយ​នោះ​ ចូររក្សានូវខ្ញុំ​ សូមនមស្ការ​ថ្វាយបង្គំ​ចំពោះ​ព្រះ​ពុទ្ធ​ជាម្ចាស់ទាំងឡាយ សូមនមស្ការចំពោះពោធិញ្ញាណ ( នៃព្រះពុទ្ធទាំងឡាយនោះ ) សូមនមស្ការថ្វាយបង្គំ ( ចំពោះព្រះអរិយបុគ្គលទាំងឡាយ ) ដែលលោកផុតហើយចាករាគាទិក្កិលេស សូមនមស្ការថ្វាយបង្គំចំពោះវិមុត្តិធម៌ ( នៃព្រះអរិយបុគ្គលទាំងឡាយនោះ ) ។

ឥមំ សោ បរិត្តំ កត្វា មោរោ វាសមកប្បយីតិ ។
ក្ងោកនោះ លុះតែបានធ្វើនូវព្រះបរិត្តនេះហើយ ទើបបានសម្រេចនូវកិរិយានៅ ។

ដោយព្រះមហា អ៊ឹម សុជាន មហា ៧​ ប្រយោគ

Facebook Comments

loading...