ការប្រែកិរិយាអាខ្យាត វត្តមានាវិភត្តិ

loading...

ក្នុងក្បួនវេយ្យាករណ៍ កំណត់ពាក្យប្រែរបស់វត្តមានាវិភត្តិ ជា ៥ យ៉ាង គឺ

១.បច្ចុប្បន្នខណៈ ប្រែថា “កំពុង” ដូចជា ឥទានិ អហំ ភត្តំ ភុញ្ជាមិ. ឥទានិ ក្នុងកាលនេះ អហំ រីខ្ញុំ ភុញ្ជាមិ​ កំពុងហូប ភត្តំ នូវបាយ ។ ស្មើអង់គ្លេសថា Present continuous tense

២.អតីតៈខណៈ ប្រែថា “បានកំពុង” ដូចជា តេន សមយេន ពុទ្ធោ វេរញ្ជាយំ វិហរតិ. តេន សមយេន នាសម័យ នោះ ពុទ្ធោ រីព្រះពុទ្ធជាម្ចាស់ វិហរតិ បានកំពុងប្រថាប់នៅ វេរញ្ជាយំ ក្នុងស្រុកវេរញ្ជា ។ តទា សាវត្ថិយំ សត្ត មនុស្សកោដិយោ វសន្តិ. តទា ក្នុងកាលនោះ មនុស្សកោដិយោ រីកោដិនៃមនុស្សទ. សត្តវសន្តិ បានកំពុងរស់នៅ សាវត្ថិយំ ក្នុងក្រុងឈ្មោះថា សាវត្ថី ។ ស្មើអង់គ្លេសថា past continuous tense ។

៣.បច្ចុប្បន្នធម្មតា ប្រែថា “រមែង” ដូចជា តតោ បដ្ឋាយ មនុស្សា និពទ្ធំ យាគុភត្តំ វិហារមេវ បេសេន្តិ. មនុស្សា រីមនុស្សទ. បេសេន្តិ​​ រមែងបញ្ជូនទៅ យាគុភត្តំ នូវបបរនិងបាយ វិហារំ-ឯវ កាន់វត្តនុះឯង និពទ្ធំ ជាប់រហូត បដ្ឋាយ ចាប់តាំង តតោ (កាលតោ) ពីកាលនោះ ។ សរីរំបិ អត្តនា សទ្ធឹ ន គច្ឆតិ. សរីរំបិ សូម្បីរីសរីរៈ ន គច្ឆតិ​ រមែងមិនទៅ សទ្ធឹ ជាមួយ អត្តនា នឹងខ្លួន ។ 

៤.បច្ចុប្បន្នស្ទើរអតីតៈ ប្រែថា “ទើប” ដូចជា កុតោ  អាគច្ឆសិ. ត្វំ រីអ្នក អាគច្ឆសិ ទើបមក កុតោ ឋានតោ ពីទីណា ?  ពុទ្ធា ច នាម ធម្មំ ទេសេន្តា សរណសីលបព្ពជ្ជាទីនំ ឧបនិស្សយំ ឱលោកេត្វា  អជ្ឈាសយវសេន ធម្មំ ទេសេន្តិ. ក៏ នាម ជាទូទៅ ពុទ្ធា រីព្រះពុទ្ធជាម្ចាស់ទ. ទេសេន្តា កាលនឹងសម្តែង ធម្មំ នូវធម៌ ឱលោកេត្វា ទ្រង់ត្រួតពិនិត្យមើលហើយ ឧបនិស្សយំ នូវឧបនិស្ស័យ (គុណានំ នៃគុណទ.) សរណសីលបព្ពជ្ជាទីនំ មានសរណៈ សីល និង​ បព្ពជ្ជា ជាដើម ទេសេន្តិ​ ទើបទ្រង់សម្តែង​ ធម្មំ នូវធម៌ អជ្ឈាសយវសេន តាមអធ្យាស្រ័យជាគោល ។

loading...

៥.បច្ចុប្បន្នស្ទើរអនាគត ប្រែថា “នឹង” ដូចជា ឥតោ បរំ កឹ ករោមិ. អហំ រីខ្ញុំ ករោមិ នឹងធ្វើ កឹ នូវអ្វី ឥតោ-(កាលតោ)-បរំ បន្ទាប់​ ពីកាលនេះទៅ?

Facebook Comments

loading...