loading...

ព្រះអនុរុទ្ធាចារ្យ អ្នករចនាគម្ពីរអភិធម្មត្ថសង្គហៈ
នៅក្នុងស្រីលង្កា ឬ ឥណ្ឌា?

ព្រះអនុរុទ្ធាចារ្យ ជាជនជាតិឥណ្ឌាត្បូង ប្រសូតត្រង់កំពង់កាវេរិ (ក្រុងកាវេរិ មាន ឈ្មោះថា ហៅថា កាវីរិបដ្ដនខ្លះ កាវេរបដ្តនៈខ្លះ បច្ចុប្បន្នក៏មានឈ្មោះ ថា កាវេរិ (Kaveri) ដូចដើម) ក្រុងកញ្ចិបុរៈ ដែនចោឡៈ (ដែនចោឡៈនេះ បា្រកដក្នុងឈ្មោះ​សិលាចារឹកព្រះបាទ អសោក ថា ចោឌៈ ជាក្រុងគានូល (Karnul) ក្នុងឥណ្ឌា​បច្ចុប្បន្ននេះ ។ ចំណែក្រុងកញ្ចិបុរៈ ហៅថា កញ្ចិបុរៈខ្លះ កញ្ចីបុរៈខ្លះ បច្ចុប្បន្នគឺក្រុង​គោនជីវេរ័ម (Conjeeverram) នៅឆ្ងាយទៅទិសនិរតីរបស់ក្រុងមទ្រាស ៥៧ ម៉ៃល៍) ។

loading...

តមកគង់នៅក្រុងតញ្ជោ ក្នុងដែនតម្ពៈអែបឥណ្ឌាត្បូង ជាប់ជាយច្រាំង​មហាសមុទ្រ ។ នៅព.ស. ៩០០ ខាងក្រោយពីការសិក្សាព្រះត្រៃបិដក និង អដ្ឋកថា ជាច្រើនក្នុង​ឥណ្ឌា​ខាងត្បូង ក៏និមន្តមកសិក្សាក្នុងសំណាក់គណៈមហាវិហារដែលជា មជ្ឈមណ្ឌល​នៃការ​សិក្សា​ព្រះត្រៃបិដក​​តាមប្រព័ន្ធមាត្រដ្ឋានដ៏កំពូល ។ ព្រះអនុរុទ្ធាចារ្យ និមន្តគង់នៅក្នុងវត្តដែល​មានឈ្មោះថា មហាមេឃវ័ន (តាមសេចក្តីក្នុងនាមរូបបរិច្ឆេទ (គាថាទី ១៨៥៤-៧) ជិតសុវណ្ណមាលីចេតិយ ក្រុងអនុរាធបុរី ក្នុងប្រទេសស្រីលង្កា ។


កាលព្រះអនុរុទ្ធាចារ្យគង់នៅក្នុងវត្តមហាមេឃវ័ន ជិតសុវណ្ណមាលី ចេតិយ បានតែង គម្ពីរនាមរូបបរិច្ឆេទ និងបានតែងគម្ពីរបរមត្ថវិនិច្ឆ័យ កាលគង់នៅក្នុងក្រុងតញ្ជោ (Tanjore) ក្នុងដែនតម្ពៈអែបឥណ្ឌាត្បូងជាប់ជាយច្រាំងមហាសមុទ្រ ។


ខាងក្រោយមកបានតែងគម្ពីរអភិធម្មត្ថសង្គហៈ តាមការអារាធនានិមន្តពីឧបាសក ឈ្មោះ នម្បៈ ដែលបានពោលដល់វត្ត ឈ្មោះមូលសោម ដែលជាទីនៅរបស់អាចរិយវង្ស ។ ពិនិត្យមើលក្នុងនិគមនកថារបស់លោកថា ៖


ចារិត្តសោភិតវិសាលកុលោទយេន,
សទ្ធាភិវុឌ្ឍបរិសុទ្ធគុណោទយេន;
នម្បវ្ហយេន បណិធាយ បរានុកម្បំ,
យំ បត្ថិតំ បករណំ បរិនិដ្ឋិតំ តំ។


បករណ៍ណាដែលឧបាសកមានឈ្មោះថា នម្បៈ ជាអ្នកស្អាត
ដោយចារិតសីល អ្នកកើតក្នុងត្រកូលខ្ពស់ ចម្រើនក្រៃលែង
ដោយសទ្ធា និង រុងរឿងដោយគុណដ៏បរិសុទ្ធ ប្រាថ្នាសេចក្តី
អនុគ្រោះដល់អ្នកដទៃបានអារាធនាហើយ បករណ៍នោះចប់ហើយ

loading...


បុញ្ញេន តេន វិបុលេន តុ មូលសោមំ;
ធញ្ញាធិវាសមុទិតោទិតមាយុកន្តំ;
បញ្ញាវទាតគុណសោភិតលជ្ជិភិក្ខូ,
មញ្ញន្តុ បុញ្ញវិភវោទយមង្គលាយ។


ដោយបុណ្យដ៏ធំទូលាយនោះ សូមភិក្ខុទាំងឡាយអ្នកស្អាត
ដោយគុណធម៌ដ៏បរិសុទ្ធិដោយបញ្ញា មានការខ្មាស់បាប ចូរ
រលឹកដល់វត្តឈ្មោះមូលសោមដ៏រុងរឿងក្រៃលែង ដែលជាទី
តាំងនៅរបស់អ្នកមានបុណ្យដរាបដល់អស់អាយុ ដើម្បីភាពជាមង្គលដ៏ធំទូលាយ ។


ឥតិ អនុរុទ្ធាចរិយេន រចិតំ
អភិធម្មត្ថសង្គហំ នាម បករណំ។


ចប់បករណ៍ឈ្មោះអភិធម្មត្ថសង្គហៈដែលព្រះអនុរុទ្ធាចារ្យអ្នករចនា ។
ចំណែកឯគម្ពីរអភិធម្មត្ថវិភាវិនីដីកា ក៏ខៃពន្យល់ មិនមានសេចក្តីណាថា ព្រះអរុទ្ធាចារ្យនិពន្ធគម្ពីរនេះ ក្នុងស្រីលង្កាដែរ ហើយក៏មិនមានឈ្មោះវត្តថា មូលសោម ក្នុងវណ្ណកម្មភាសាបាលីរបស់អ្នកលង្កាដែរ វត្តនេះ អាចនៅឥណ្ឌាខាងត្បូងឯណោះទេ យើង ត្រូវដឹងថា ព្រះអនុរុទ្ធាចារ្យតែងគម្ពីរបរមត្ថវិនិច្ឆ័យ កាលគង់នៅក្នុងក្រុងតញ្ជោ (Tanjore) ក្នុងដែនតម្ពៈអែបឥណ្ឌាត្បូងជាប់ជាយច្រាំងមហាសមុទ្រ បន្ទាប់មកទើប​តែងគម្ពីរ អភិធម្មត្ថសង្គហៈនេះឡើង ។ នេះជាបាលីក្នុងវិភាវិនីដីកា ៖


ចារិត្តេន កុលាចារេន សោភិតេ វិសាលកុលេ ឧទយោ និព្វត្តិ យស្ស, តេន, កម្មាទិវិសយាយ សទ្ធាយ អភិវុទ្ធោ បរិសុទ្ធោ ច ទានសីលាទិគុណានំ ឧទយោ យស្ស, តេន, នម្បវ្ហយេន នម្បនាមកេន, បរានុកម្បំ សាសនេ សុខោតរណបរិបាចនលក្ខណំ បរានុគ្គហំ, បណិធាយ បត្ថេត្វា យំ បករណំ បត្ថិតំ អភិយាចិតំ, តំ ឯត្តាវតា បរិនិដ្ឋិតន្តិ យោជនា


តេន បករណប្បសុតេន វិបុលេន បុញ្ញេន បញ្ញាវទាតេន អរិយមគ្គបញ្ញាបរិសុទ្ធេន សីលាទិគុណេន សោភិតា។ តតោយេវ លជ្ជិនោ ភិក្ខូ, ធញ្ញានំ អធិវាសភូតំ, ឧទិតោទិតំ អច្ចន្តប្បសិទ្ធំ, មូលសោមំ នាម វិហារំ, បុញ្ញវិភវស្ស ឧទយសង្ខាតាយ មង្គលត្ថាយ អាយុកន្តំ មញ្ញន្តុ, តត្ថ និវាសិនោ ភិក្ខូ ឦទិសា ហោន្តូត្យធិប្បាយោ។


អ្នកវិជ្ជាការទាំងឡាយមិនអាចសន្និដ្ឋានបានថា ព្រះអនុរុទ្ធាចារ្យ ប្រសូតក្នុងសម័យ ណា មិនមានគោលស្ថានវណ្ណកម្មភាសាបាលីបញ្ជាក់ទុក ។ ក្នុងសៀវភៅ The Pali Literature of Cylon ថា (និពន្ធដោយ G.P. Malalasekara ទំព័រ ១៦៧ បោះពុម្ពឆ្នាំ ១៩២៨ ) គម្ពីរនេះគង់កើតក្នុងគ្រិស្តសតវត្សរ៍ទី ៧-១១ រវាងពុទ្ធសតវត្សរ៍ទី ១៣-១៧ ។


ចំណែកក្នុងសៀវភៅ A Comprehensive Manual of Abidhamma និពន្ធដោយ ភិក្ខុ ពោធិ ត្រង់ទំព័រ ១៦ បោះពុម្ពឆ្នាំ ១៩៩៣ ថា ព្រះអនុរុទ្ធាចារ្យកើតក្នុងសម័យជាមួយនឹងព្រះពុទ្ធទត្តាចារ្យ អ្នកតែងគម្ពីរអភិធម្មាវតារ និងជាកូនសិស្សរបស់ព្រះពុទ្ធទត្តាចារ្យ ។


តាមសេចក្តីសន្និដ្ឋាន ព្រះអនុរុទ្ធាចារ្យគួរមានក្នុងសម័យរបស់ព្រះអានន្ទាចារ្យ ដែលសិស្សរបស់ព្រះអានន្ទាចារ្យមាននាមថា ពុទ្ធបិយត្ថេរបាន តែងគម្ពីរបទរូបសិទ្ធិបករណ៍ ក្នុងសូត្រ ៦៤១ ត្រង់ខសេចក្តីក្នុងគម្ពីររបស់ ព្រះអនុរុទ្ធាចារ្យ គឺគម្ពីរអភិធម្មត្ថសង្គហៈថា អភិវន្ទិយ ភាសិស្សំ (អាចសរសេរជា អភិវាទិយ ភាសិស្សំ តាមរូបដែលប្រាកដក្នុងបច្ចុប្បន្ន ។


ព្រះអនុរុទ្ធាចារ្យតែងអភិធម្មត្ថសង្គហៈនេះ ជាអដ្ឋកថាសង្ខេបថ្មី ដើម្បីឲ្យយុវជនដែល សិក្សាក្នុងគម្ពីរព្រះអភិធម្មឆាប់ងាយយល់ ដោយមិនសង្ខេបពេក មិនពិស្តារពេក ហើយ ប្រមូលយកសេចក្តីដ៏សំខាន់ពីអភិធម្មបិដក និងអដ្ឋកថាព្រះអភិធម្មបិដក ដោយឲ្យឈ្មោះថា អភិធម្មត្ថសង្គហៈ មានន័យថា ប្រមូលសេចក្តីក្នុងព្រះអភិធម្ម ។


សេចក្តីក្នុងគម្ពីរអភិធម្មត្ថសង្គហៈនេះ មិនរៀងតាមលំដាប់នៃព្រះអភិធម្ម ៧ គម្ពីរ គឺ ធម្មសង្គណី វិភង្គ ធាតុកថា បុគ្គលប្បញ្ញត្តិ កថាវត្ថុ យមក និងបដ្ឋាន នោះទេ ។ តែចាត់លំដាប់ដោយបែងចែកជា ៤ ក្រុម គឺ
១.ចិត្ត សភាវៈទទួលដឹងអារម្មណ៍
២.ចេតសិក សភាវៈកើតរួមជាមួយនឹងចិត្ត
៣.រូប សភាវៈប្រែប្រួល
៤.និព្វាន សភាវៈរលត់ភ្លើងកិលេស
ព្រះអនុរុទ្ធាចារ្យបានតែងគម្ពីរមាន ៖
១.បរមត្ថវិនិច្ឆ័យ
២.នាមរូបបរិច្ឆេទ
៣.អភិធម្មត្ថសង្គហៈ

ប្រភព ៖ ធម្មានន្ទ

Facebook Comments

loading...