រដ្ឋាភិបាលចាំផ្ទះរបស់សម្តេច ហ៊ុន សែន សម្រេចដោះលែងអ្នកទោសនយោបាយ ១៤ នាក់ នៅម៉ោង ១ យប់រំលងអធ្រាត
*******************
អ្នកទោសនយោបាយ ១៤ រូបបន្ថែមទៀត ត្រូវបានដោះលែងកាលពីយប់ម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ សីហា ស្របពេលរបបថ្មីឯកបក្សរបស់របបលោក ហ៊ុន សែន កំពុងស្វះស្វែងរកភាពស្របច្បាប់ ក្រោយរងការថ្កោលទោសជុំទិស ពីអន្តរជាតិ ជុំវិញការរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យ។ ទោះជាការចាប់ខ្លួន និងផ្ដន្ទាទោសពួកគាត់ ត្រូវគេមើលឃើញថា ធ្វើឡើងដោយហេតុផលនយោបាយ និងយ៉ាងអយុត្តិធម៌យ៉ាងណាក្តី ក៏ក្រុមគ្រួសារអ្នកជាប់ឃុំ ត្រេកអរនឹងការដោះលែងនេះ។
ភរិយាលោក មាជ សុវណ្ណារ៉ា គឺលោកស្រី មាជ ជេមី ថ្លែងទាំងអារម្មណ៍ក្ដុកក្ដួលរំជួលចិត្ត ដ្បិតរំភើបឥតឧបមា ប្រាប់អាស៊ីសេរី នៅពេលឮដំណឹង ថាស្វាមីរបស់លោកស្រី ត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញ៖ «ខ្ញុំមានអារម្មណ៍ថា រំភើប រកអ្វីនិយាយមិនបាន…។ ពេលដែលប្តីជាប់គុក ក៏យើងយំ ពេលដែលចេញ ក៏យើងយំ។ មនុស្សស្រីយើង ទោះបីខ្លាំងប៉ុនណាក៏ដោយ ក៏យើងរំជួលចិត្តទប់មិនបាន ព្រោះក្តីស្រមៃដែលយើងរង់ចាំរយៈពេលជិតបួនឆ្នាំ មកដល់រកស្មានមិនដល់ ព្រោះគាត់ជាប់ទោសរហូតដល់ទៅ ២០ ឆ្នាំ»។
លោកស្រី និង កូនៗមិនបានទៅទទួលស្វាមីដោយផ្ទាល់ទេ ដោយសារលោកស្រីកំពុងរស់នៅឯអាមេរិកឯណេះ។ ប៉ុន្តែលោកស្រី និងកូនៗ ដែលរស់នៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា និងខានជួបមុខគ្នាជាងបីឆ្នាំមកហើយ បានភ្ញាក់តាំងពីយប់ រួចដាស់កូនៗ ឲ្យរង់ចាំតាមដាន ការដោះលែងរបស់ស្វាមី និងឪពុករបស់ពួកគេ។
ចំណែកឯភរិយារបស់លោក អ៊ុក ពេជ្រសំណាង គឺលោកស្រី ទិត្យ ណារិន្ទ ដែលបានអង្គុយចាំទទួលស្វាមីចេញពីគុក តាំងពីថ្ងៃរហូតដល់យប់ជ្រៅ ដែលមិនទាន់បានអាហារចូលពោះ ទាំងជីដូន ទាំងចៅស្រីតូច ដែលគេងលង់លក់លើភ្លៅលោកស្រី រៀបរាប់ទាំងទឹកមុខហេវហត់ ប៉ុន្តែត្រេកអរក្នុងការរង់ចាំស្វាមី។ ថ្លែងប្រាប់វិទ្យុវីអូឌី ប្រហែលពីរម៉ោងមុនការដោះលែងស្វាមីលោកស្រី លោកស្រីប្រាថ្នាចង់ឃើញការដោះលែងស្វាមីលោកស្រីយូរណាស់ហើយ ព្រោះលោក អ៊ុក ពេជ្រសំណាង ជាបង្គោលគ្រួសារ។ ពេលលោកជាប់ពន្ធនាគារ គ្រួសារជួបការលំបាកផ្នែកជីវភាពខ្លាំង៖ «ខ្ញុំត្រេកអរ រំភើបពេក សង្ឃឹមថាគាត់បានជួបជុំគ្រួសារ និងជួបជុំចៅរបស់គាត់ ព្រោះគាត់មានវ័យចំណាស់ជាងគេ។ ខ្ញុំសព្វថ្ងៃហ្នឹង កំពុងជួបការលំបាក ដោយបញ្ហាសុខភាពផង និង ជីវភាពផង។ គេដោះលែងគាត់ ត្រេកអរ ព្រោះខ្ញុំត្រូវចិញ្ចឹមចៅកំព្រាផង ចិញ្ចឹមគាត់នៅក្នុងព្រៃសផង និងចៅដែលឪពុកម្ដាយធ្វើចំណាកស្រុកទៅក្រៅប្រទេស។ ជួបការលំបាកមែនទែន។ លំបាកណាស់»។
ការដោះលែងអ្នកទោសនយោបាយ ជាទ្រង់ទ្រាយធំបែបនេះ ត្រូវបានអ្នកវិភាគ យល់ឃើញថា មិនមែនជារឿងភ្ញាក់ផ្អើលអ្វីនោះទេ ព្រោះរបបលោក ហ៊ុន សែន កំពុងរងសម្ពាធអន្តរជាតិ ជុំវិញភាពស្របច្បាប់នៃរបបថ្មីឯកបក្ស និងសម្ពាធឲ្យស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដែលរបបលោក ហ៊ុន សែន គ្មានជម្រើសអ្វីក្រៅពីដោះលែងអ្នកទោសនយោបាយទាំងអស់ យ៉ាងហោចណាស់ ក៏ឲ្យបានមុនការប្រជុំសភាថ្មី និងនៅមុនដំណើរទៅចូលរួមប្រជុំ នៅអង្គការសហប្រជាជាតិដែរ។
ទោះជាយ៉ាងនេះក្តី ការដោះលែងនេះ ធ្វើឡើងក្រោយពីអ្នកទាំង១៤ បានសរសេរលិខិតសុំទោស ទៅលោក ហ៊ុន សែន។ មុនដោះលែងនេះ លោក ហ៊ុន សែន មានលក្ខខណ្ឌមួយ ដោយលោកបានគំរាមថា បើអ្នកណាហ៊ានរិះគន់លោក ថាការដោះលែងនេះ គឺដោយសារសម្ពាធអន្តរជាតិ នោះលោកនឹងមិនទាន់ដោះលែងនោះឡើយ។ មិនតែប៉ុណ្ណោះ លោកក៏ព្រមានបង្ខំឲ្យអ្នកជាប់ឃុំទាំងនោះ សរសេរលិខិតថ្កោលទោស ឬឲ្យអ្នកខាងក្រៅសុំទោស បើសិននៅតែមាត់អត់គម្រប។
ភ្លាមៗក្រោយការព្រមាននេះ អតីតប្រធានគណបក្សសង្គ្រោះជាតិ និងប្រធានចលនាសង្គ្រោះជាតិលោក សម រង្ស៊ី បង្ហោះសារមួយភ្លាម ដោយបញ្ជាក់ថា លោក ហ៊ុន សែន កំពុងទាល់ច្រក និងរងសម្ពាធអន្តរជាតិយ៉ាងខ្លាំង ដែលចៀសមិនផុតពីការដោះលែង អ្នកទោសនយោបាយទាំងអស់នោះឡើយ។ លោក សម រង្ស៊ី ថែមទាំងតបទៅលោក ហ៊ុន សែន វិញថា លោក ហ៊ុន សែន អាចយកនរណាផ្សេងជាចំណាប់ខ្មាំង តែមិនអាចយករូបលោកធ្វើជាចំណាប់ខ្មាំងបានឡើយ៖ «គាត់ចាប់នរណាៗធ្វើជាចំណាប់ខ្មាំងបាន ប៉ុន្តែ មិនអាចចាប់ខ្ញុំធ្វើជាចំណាប់ខ្មាំង ឲ្យខ្ញុំធ្វើអ្វីដែលផ្ទុយពីទឹកចិត្តរបស់ខ្ញុំទេ។ ខ្ញុំនៅតែនិយាយការពិត។ គ្មាននរណាអាចបិទមាត់ខ្ញុំ មិនឲ្យនិយាយការពិត។ ការពិតគឺលោក ហ៊ុន សែន ទទួលសម្ពាធយ៉ាងខ្លាំងណាស់ ដែលគាត់សម្រេចលើកលែងទោស អ្នកដែលជាប់ពន្ធនាគារសព្វថ្ងៃ គឺដោយសារសម្ពាធអន្តរជាតិ មិនមែនដោយសារចិត្តល្អរបស់គាត់ទេ។ បើគាត់ចិត្តល្អ ម៉េចក៏មិនចិត្តល្អពីយូរយារណាស់មកហើយ។ ម៉េចក៏ចាំតែពេលនេះ? ម៉េចក៏ចៃដន្យអ្វីពិសេសម្ល៉េះ?»។
រហូតមកដល់ពេលនេះ មិនទាន់ឃើញមានប្រតិកម្មពីលោក ហ៊ុន សែន យ៉ាងណានៅឡើយទេ។ ប៉ុន្តែ មន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន បានអះអាងថា មិនខ្វល់នឹងសំដីលោក សម រង្ស៊ី ទេ។
ទោះជាមានសារឌឺដងឡងសំដីគ្នា រវាងអ្នកនយោបាយចាស់វស្សាទាំងពីរយ៉ាងនេះក្តី ក៏តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ត្រូវបានដោះលែង រួចហើយក៏មានការដោះលែង អ្នកទោសនយោបាយទាំង ១៤ រូបនេះបន្ថែមទៀត ក្នុងពេលតែមួយ កាលពីកណ្ដាលអធ្រាត្រមុននេះ។
អ្នកវិភាគនយោបាយកម្ពុជា យល់ស្របគ្នាថា របបលោក ហ៊ុន សែន កំពុងស្វះស្វែងរកភាពស្របច្បាប់ ក្រោយការរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាស ដែលរងការថ្កោលទោសជុំទិស ជាពិសេសពីសហគមន៍អន្តរជាតិ។ មិនតែប៉ុណ្ណោះ សហគមន៍អន្តរជាតិ ថែមទាំងដាក់ទណ្ឌកម្មជាបណ្តើរៗតាំងពីក្រោយចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ និង ការរម្លាយគណបក្សសង្គ្រោះជាតិជាដើម។ ជាបន្តបន្ទាប់មកទៀត រហូតដល់ក្រោយបោះឆ្នោត សហគមន៍អន្តរជាតិ ក៏បានព្រមានដាក់ទណ្ឌកម្មបន្ថែម លើរបបលោក ហ៊ុន សែន ដែលអាចរហូតដល់ការដកហូតការអនុគ្រោះពន្ធថែមទៀតផង បើលោក ហ៊ុន សែន មិនព្រមស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថាជាការពិត គឺរបបលោក ហ៊ុន សែន រងសម្ពាធអន្តរជាតិនេះ យូរណាស់ដែរហើយ ព្រោះចំណាត់ការរបស់របបនេះ មកលើសំឡេងប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានអន្តរជាតិថ្កោលទោសយ៉ាងដំណំ៖ «គេដកជំនួយរបស់គេទៅដល់គ.ជ.ប និងមិនចូលរួមការបោះឆ្នោតជាដើម គឺបានបង្ហាញជំហរគេទៅហើយដែរ ជាបណ្តើរៗមក។ ការបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ក៏ជាលេសមួយ ដែលគេថាវាខុសនឹងលក្ខខណ្ឌនៃការផ្តល់ការរួចពន្ធ EBA។ គេមានលក្ខខណ្ឌរបស់គេ ព្រោះបើគេជួយ គឺទាល់តែគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ គេព្រមានយូរដែរហើយតើ!»។
ចំណែកឯលោក រ៉ុង ឈុន ដែលទៅចាំទទួលអ្នកទាំងនោះពីថ្ងៃ ប៉ុន្តែសម្រេចវិលត្រឡប់ទៅផ្ទះព្រោះចាំយូរពេក នៅតែមិនឃើញដោះលែង ក៏ចូលរួមអបអរសាទរ នូវដំណឹងដោះលែងនេះដែរ ទោះបីជាអ្នកទាំងនោះ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ទាំងអយុត្តិធម៌អស់ជាច្រើនឆ្នាំយ៉ាងក្តី។ អតីតសមាជិក គ.ជ.ប និងបច្ចុប្បន្ន ជាប្រធានសហភាពការងារកម្ពុជារូបនេះ បន្ថែមថា ការដោះលែងអ្នកទោសនយោបាយទាំងអស់ ជាការល្អប្រសើរ ប៉ុន្តែ ដើម្បីឲ្យរបបលោក ហ៊ុន សែន រួចផុតពីសម្ពាធ និងទណ្ឌកម្មអន្តរជាតិ គឺទាល់តែរបបនេះ ផ្ដល់នីតិសម្បទាឲ្យតំណាងរាស្ត្រ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងគណបក្សសង្គ្រោះជាតិឡើងវិញ និងរៀបចំឲ្យមានការបោះឆ្នោតឡើងវិញផងដែរ។ លោកព្យាករណ៍ទុកមុនថា បើលក្ខខណ្ឌទាំងនេះ មិនបានបំពេញ នោះរបបលោក ហ៊ុន សែន នឹងត្រូវទទួលខុសត្រូវចំពោះទុកលំបាករបស់កម្មករ ក្រោយការដាក់ទណ្ឌកម្មពីអន្តរជាតិ៖ «បើសិនគាត់មិនគិតគូអំពីផលប្រយោជន៍ ការបាត់បង់ការងាររបស់កម្មករទេ ហើយគាត់គិតតែផលប្រយោជន៍ក្រុមបក្សពួក ហើយមិនតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ នោះវានឹងផ្ដល់ផលប៉ះពាល់ទៅដល់ការបាត់បង់ការងាររបស់បងប្អូនកម្មករ។ ដូច្នេះអ្នកដឹកនាំរដ្ឋាភិបាល ត្រូវពិចារណាឡើងវិញ ជុំវិញបញ្ហាទាំងអស់នេះ»។
លោក សម រង្ស៊ី ឯណោះ ក៏បានបង្ហោះសារតាមទំព័រហ្វេសប៊ុក របស់លោក កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៨ ខែ សីហា នេះដែរ ថាលោកសូមអបអរសាទរ ការដោះលែងអ្នកទោសនយោបាយទាំងអស់។ លោកសូមគោរពចំពោះវីរភាព របស់មន្ត្រី និងសកម្មជន នៃគណបក្សសង្គ្រោះជាតិ ទាំងអស់នោះ ដែលបានបង្ហាញភាពក្លាហាន ភាពអត់ធ្មត់ និងភាពស្មោះត្រង់ របស់ពួកគាត់ ចំពោះគណបក្សសង្គ្រោះជាតិ និងចំពោះប្រជារាស្ត្រខ្មែរទាំងមូល ដែលទាមទារឲ្យបញ្ចប់របបផ្ដាច់ការ សព្វថ្ងៃ។
ទោះបីអ្នកទោសនយោបាយត្រូវបានដោះលែងជាបណ្តើរៗ ក៏សកម្មជនគណបក្សសង្គ្រោះជាតិ ដែលរងគ្រោះដោយសារតែហេតុផលនយោបាយនេះ នៅជាប់ពន្ធនាគារ នៅទីផ្សេងៗនៅឡើយ។ ភរិយាលោក មាជ សុវណ្ណារ៉ា លោកស្រី មាជ ជេមី អំពាវនាវសុំឲ្យមានការដោះលែង អ្នកទាំងនោះថែមទៀត រួមទាំងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ផង ដើម្បីឲ្យពួកគាត់បានវិលមកជួបជុំ ក្រុមគ្រួសារវិញ៖ «ខ្ញុំចង់ឲ្យរដ្ឋាភិបាលថ្មី និងព្រះមហាក្សត្រឡាយព្រហស្ថលេខា ដោះលែងទោសឯកឧត្ដម កឹម សុខា ដើម្បីគាត់ជួបជុំក្រុមគ្រួសារ និងម្តាយចាស់ជរារបស់គាត់ ដើម្បីគាត់មានឱកាសព្យាបាលជំងឺ និងសកម្មជន មេឃុំ ចៅសង្កាត់ និង អ្នកផ្សេងៗទៀត ទាំងយុវជនដែលមកពីបាងកក ដែលគេចាប់នៅស្វាយរៀង។ ខ្ញុំចង់ឲ្យមានឯកភាពជាតិ និងដោះលែងទាំងអស់គ្នា ដើម្បីពួកគាត់មានសេចក្តីសុខ និងជួបជុំក្រុមគ្រួសារដូចពួកខ្ញុំនៅពេលនេះដែរ»។
អ្នកទោសនយោបាយដែលជាសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ទាំង១៤នាក់នោះ ហើយត្រូវបានដោះលែង ចេញពីពន្ធនាគារកាលពីយប់មិញ មានឈ្មោះដូចតទៅ រួមមាន លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធ លោក ឃិន រឿន ហៅ ឃិន ជំរឿន លោក នាង សុឃុន លោក សាន គឹមហេង លោក ស៊ុំ ពុទ្ធី លោក កែ ឃីម ហៅ វិន ឌី លោក ទេព ណារិន លោក អាន បឋម ហៅ សុខុម លោក សាន សីហៈ លោក អ៊ុក ពេជ្រសំណាង លោក រឿន ចិត្ត្រា លោក យន់ គឹមហួរ និង លោក យា ថុង ដែលត្រូវបានផ្ដន្ទាទោស ដាក់ពន្ធនាគារ ពីបទដឹកនាំកុបកម្ម ឬចូលរួមក្នុងចលនាកុបកម្ម ពាក់ព័ន្ធនឹងការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ (ក្បែរស្ពាននាគ ជិតវត្តភ្នំ) កាលពីខែកក្កដា ឆ្នាំ ២០១៤។ ក្នុងចំណោមអ្នកទាំងនោះ មានអ្នកខ្លះត្រូវជាប់ទោស ៧ ឆ្នាំ អ្នកខ្លះទៀតជាប់រហូតដល់ ២០ ឆ្នាំ។
ទោះបីជាការដោះលែងអ្នកទោសនយោបាយទាំងអស់ អាចជាការបន្ធូរបន្ថយស្ថានការណ៍តានតឹងផ្នែកនយោបាយ បានមួយកម្រិតក្តី អ្នកវិភាគយល់ឃើញថា របបលោក ហ៊ុន សែន នៅតែប្រឈមនឹងការខ្វះភាពស្របច្បាប់ដដែល ទាល់តែស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទាំងស្រុង រួមទាំងការរៀបចំឲ្យមានការបោះឆ្នោតមួយ ដែលមានភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌ ឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដ ដែលមិនដូចការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែ កក្កដា ដែលត្រូវគេចាត់ទុកថា ធ្វើបែបក្លែងក្លាយ និងបង្គ្រប់កិច្ចនោះទេ៕ អាស៊ីសេរី