ប្រារព្ធហេតុខាងដើមនៃរឿងលីលាវតី

*****************

អ្នកស្គាល់កតិកានៃការលេងកីឡា នៅពេលទស្សនាការប្រកួតកីឡា តែងតែទទួល​បាន​ភាពស្រណុកស្រណានច្រើនជាងអ្នកមិនស្គាល់កតិកានៃការលេងកីឡា យ៉ាងណាមិញ អ្នកស្គាល់កតិការបស់លោក រស់នៅលើភពផែនដីនេះ តែងតែបានប្រៀបជាង​អ្នកមិន​ស្គាល់​កតិការបស់លោកយ៉ាងនោះដែរ ។

ពុទ្ធធម៌ជាពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី បង្រៀនឲ្យមនុស្សយល់ដឹង​កតិកា​របស់លោក ស្គាល់ការពិតរបស់លោក អ្នកយល់ដឹងពុទ្ធធម៌ជាអ្នកយល់ដឹងលោក គេនឹងលេងកីឡាជាមួយនឹងលោកនេះដោយទឹកចិត្តអ្នកកីឡា គឺថា ញញឹមជានិច្ច នៅពេលចាញ់ ឬ នៅពេលឈ្នះ ទាំងនៅពេលសោយសុខ និង នៅពេលរងទុក្ខ ។

មនុស្សយើងចូលចិត្តអ្វីៗងាយៗ មើលអ្វីងាយៗ អាន-ស្តាប់-យល់អ្វីងាយៗ ប៉ុន្តែ ពុទ្ធធម៌ជាពាក្យប្រៀនប្រដៅល្អិតជ្រាលជ្រៅ ពិបាកស្តាប់ ពិបាកអាន ពិបាកយល់ណាស់ ហេតុដូច្នេះបានជាមនុស្សមិនសូវចាប់អារម្មណ៍ ទាំងវិធីផ្សព្វផ្សាយពុទ្ធធម៌​ក្នុងពេល​បច្ចុប្បន្ននេះសោត ក៏សំដៅយកការថែរក្សាប្រពៃណី​ដោយភាគច្រើន​ជាជាងឲ្យមនុស្ស​យល់ដឹងពុទ្ធធម៌ ទើបបានទទួលលទ្ធផលមិនជាទីគាប់ចិត្ត ។

រឿងលីលាវតីជាការលើកបង្ហាញពុទ្ធធម៌ក្នុងរូបបែបល្បើកនិទាន ដោយមិន​ចាំបាច់​ឲ្យអ្នកអានប្រើខួរក្បាលគិតច្រើនពេកទេ ខ្ញុំ(ព្រះមហាភិរម្យ)ប្រែសម្រួល​ចេញពីសៀវភៅ​របស់ធម្មឃោសដោយមានគោលបំណងចង់ឲ្យពុទ្ធធម៌របស់ព្រះបរមសាស្តា​ស្ថិតនៅ​ជាមួយនឹងផែនដីខ្មែរយូរអង្វែង ទាំងដើម្បីឲ្យខេមរជន​ជាទូទៅ​យល់ដឹង​ឲ្យបានទូលំ​ទូលាយ មានចិត្តស្លូតបូត មានសុជីវធម៌ និង សីលធម៌ក្នុងសង្គម ដើម្បីលើកទឹកចិត្ត​ខេមរជនឲ្យស្រឡាញ់ក្នុងការអានសៀវភៅ និង ដើម្បីលើកស្ទួយ​វណ្ណកម្ម​អក្សរសាស្រ្ត​ជាតិក្នុងយុគសម័យបច្ចុប្បន្នផង ។

ឆ្ងាយពីជ្រោះភ្នំហិមាល័យទៅទិសទក្សិណនៃដែនដីភារតរដ្ឋ(ឥណ្ឌា)ប៉ែកទិសឧត្តរ​មានទីក្រុងមួយ ឈ្មោះថា គោរក្ខបុរៈ តអំពីក្រុងនេះ​ទៅទិសពាយ័ព្យតាម​ផ្លូវអយស្ម័យយាន​ក្នុងបល្លកញ្ចៈ មានចម្ងាយផ្លូវប្រមាណជា ៦ យោជន៍៍ ពួកបូជនីយេសក៍​នឹងធ្វើដំណើរទៅដល់ច្រាំងស្ទឹងធំ អចិរវតី ដែលជាស្ទឹងធំ ១ ក្នុងចំណោមស្ទឹងទាំង ៥ គឺ មហានទីគង្គា មហានទីអចិរវតី មហានទីយមុនា មហានទីសរភូ និង មហានទីមហី ។ ស្ទឹងធំដែលហៅតាមគម្ពីរថេរវាទ ថា មហានទីអចិរវតីនេះ តែងផ្តល់​ជំនោកជោក​ជាំដល់មធ្យមប្រទេស ប៉ុន្តែឥឡូវនេះនៅសល់តែដីខ្សាច់ និង ទឹកតិចតួចប៉ុណ្ណោះ ឰដ៏ច្រាំងទិសទក្សិណនៃស្ទឹងនេះ យើងឃើញមានសំណាកបាក់បែក(ruins) នៃក្រុង​សាវត្ថីជារាជធានីនៃកោសលរដ្ឋដ៏ល្បីរន្ទឺក្នុង អតីតកាល​ដែលត្រូវ​បានរកឃើញ​ដោយ​បុរាណវិទូបស្ចឹមប្រទេស ។

កាលពីពុទ្ធសករាជ ២៥៥០ ឆ្នាំប្លាយកន្លងមកហើយ ទីក្រុងសាវត្ថីនាសម័យនោះ​រុងរឿងថ្កុំថ្កើងណាស់ ក្រៅតែពីក្រុងរាជគ្រឹះជារាជធានីនៃមគធរដ្ឋចេញ គ្មានក្រុងណា​ក្នុងមធ្យមប្រទេស ប្រៀបផ្ទឹមនឹងក្រុងសាវត្ថីបានឡើយ ចាប់តាំងពីជើង​ភ្នំហិមាល័យ​រហូតដល់ច្រាំងស្ទឹងគង្គា ចាត់ជាក្រុងល្អឯកជាងក្រុងដទៃទៀតក្នុងដែនដីជម្ពូទ្វីប ។ ក្រុងពារាណសី សាកេតុ កបិលព័ស្តុ និង ក្រុងផ្សេងៗទៀតសុទ្ធតែស្ថិតនៅក្នុងខណ្ឌសីមា ឬ ជាក្រុងបរិវាររបស់សាវត្ថីទាំងអស់ ប្រៀបបីដូចជាហ្វូង​តារាករក្នុងដែន​នភាល័យជាបរិវាររបស់ព្រះរជនីករដូច្នោះ ។

ក្នុងក្រុងសាវត្ថីនេះឯង ព្រះបរមសាស្តារបស់យើងបានទ្រង់ប្រថាប់នៅអស់រយៈពេល ២៥ ឆ្នាំ យូរជាងកន្លែងណាៗទាំងអស់ ។ ព្រះអង្គប្រថាប់នៅក្នុងវត្តជេតពន​ដែលអនាថ​បិណ្ឌិក​​សេដ្ឋីសាងថ្វាយអស់រយៈពេល ១៩ ឆ្នាំ និង ប្រថាប់នៅក្នុងវត្តបុព្វារាម​ដែលនាង​វិសាខា​មហាឧបាសិកាសាងថ្វាយអស់រយៈពេល ៦ ឆ្នាំ ។ ព្រះអង្គទ្រង់បាន​អាស្រ័យ​ទីក្រុងសាវត្ថីនេះ ជាទីប្រកាសផ្លូវបរមសុខដ៏ប្រសើរដល់​វេនេយ្យជន​ច្រើនរាប់ពុំបាន​ប្រមាណពុំត្រូវ ។ អ្នកក្រុងសាវត្ថីជាច្រើនដែល​បដិបត្តិតាម​សម្មាមគ្គ ដែលព្រះអង្គ​ត្រាស់បង្រៀនប្រៀនប្រដៅបានចូលដល់សុគតិភពហើយ ។

ឥឡូវនេះ ក្រុងសាវត្ថីបានក្លាយជាក្រុងអតីតកាលទៅហើយ ប្រាសាទ រាជមន្ទីរ ខ្លោងទ្វារ កូដាគារ និង ទេវាល័យ ដែលធ្លាប់តែឈរបង្អួតរាងត្រដែតត្រដឹមស្កឹមស្កៃ បានប្រែក្លាយ​ជាគំនរឥដ្ឋ គំនរដីដ៏រកប្រយោជន៍អ្វីគ្មានទៅហើយ ទីក្រុងសាវត្ថី ដែល​ធ្លាប់តែអ៊ឹកធឹក​គគ្រឹកគគ្រេងដោយសម្លេងទាំង ៦ គឺ រនាត គងវង់ ស្រឡៃ សម្ភោរ ស្គរធំ និង ពិណ និង មីរដេរដាសដោយសេដ្ឋី គ្រហបតី សមណៈ ព្រាហ្មណាចារ្យ ឈ្មួញដង្ខៅ ជនានុជន​គ្រប់​ស្រទាប់វណ្ណៈ បានប្រែក្លាយទៅជាដងព្រៃ​ដ៏ស្ងាត់​ច្រងំ ជាទីសណ្ឋិតនៅ​នៃពួកព្រាយ​បិសាច និង សត្វព្រៃ ។

សមដូចពុទ្ធតម្រាស់ថា យំ កិញ្ចិ សមុទយធម្មំ សព្វន្តំ និរោធធម្មំ ប្រែថា ធម្មជាតណា​នីមួយ រមែងមានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ​រមែងមាន​ការរលត់​ទៅវិញជាធម្មតា ។ ពាក្យពេចន៍នេះ ជាអមតវាចារបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ។

ទីក្រុងសាវត្ថីបានកើតឡើងហើយក៏រលត់ទៅវិញតាមសភាពរបស់សង្ខារ សមដូច​ពុទ្ធតម្រាស់​ពិតមែន ប៉ុន្តែក្នុងអតីតកាល ក្រុងសាវត្ថីនេះជាប្រភពនៃធម្មនិទានផ្សេងៗ ក្នុងព្រះត្រៃបិដក អដ្ឋកថា ជាដើម តទៅនេះ នឹងលើកយកតែសាច់រឿងខ្លះ ដើម្បីបន្ថែម​ចំណេះដឹងដល់អ្នកត្រូវការចេះដឹងច្រើនម្យ៉ាង និង ដើម្បីបន្ថែមបីតិប្រាមោទ្ធ​ដល់អ្នក​ប្រាថ្នានឹងស្រាកស្រាលសម្រាលចិត្ត ដែលកើតចេញ​ពីអត្ថរសនៃ​ធម៌ក្នុងរឿង​លីលាវតី​នេះម្យ៉ាង ៕

Facebook Comments