សិក្សាដើមកំណើតនៃភាសាបាលី

ដើមកំណើតនៃ ភាសាបាលី

អះអាងថាស្គាល់ដើមកំណើត នៃភាសាណាមួយ ជាការដែលមិនអាចទៅរួច ត្បិតអីភាសានីមួយៗ មានប្រវត្តិ ឬ បុរេប្រវត្តិកប់បាត់ក្នុងអតីតកាល មើលពុំឃើញ … ប៉ុន្តែ ភាសាបាលីមានលក្ខណៈ ខុសអំពី ភាសាដទៃទៀត ។

បានអាន និងយល់ដឹងអំពី អត្ថបទខាងក្រោម អាចឆ្លើយនឹង សំណួរមួយចំនួន ខាងក្រោម ៖

– ហេតុដូចម្តេច បានជាគេថា ភាសាសំស្រ្កិត ជាភាសា នៃព្រហ្មញសាសនា ហើយភាសាបាលី ជាភាសា នៃពុទ្ធសាសនា ?

– តើព្រះពុទ្ធអង្គ និងព្រះញាតិវង្ស មានភាសាបាលី ជាភាសាកំណើត ឬទេ ?

– ហេតុដូចម្តេច បានជាអ្នកប្រាជ្ញបស្ចិមប្រទេសខ្លះ បានអះអាងថា ភាសាបាលី មិនមានអក្សរ … ភាសាបាលី ប្រើអក្សរ នៃប្រទេសម្ចាស់ស្រុក ឧទាហរណ៍ ៖ នៅស្រុកខ្មែរ ភាសាបាលី សរសេរជាមួយ អក្សរខ្មែរ នៅស្រុកថៃ ភាសាបាលី សរសេរជាមួយ អក្សរថៃនៅស្រុកភូមា ភាសាបាលី សរសេរជាមួយ អក្សរភូមា ???
តើទស្សនៈខាងលើ ត្រឹមត្រូវឬទេ ?

ដើម្បីឆ្លើយបាន នឹងប្រធានបទខាងលើ យើងត្រូវយល់អំពីបរិបទ ប្រវត្តិសាស្រ្ត និង ភូមិសាស្រ្ត នៃប្រទេស ឥណ្ឌា ជាពិសេស សង្គមវណ្ណៈ នៃឧបទ្វីបឥណ្ឌា និងម៉្យាងទៀតយល់អំពីព្រះសមណគោត្តម ម្ចាស់នៃ ពុទ្ធសាសនាតែម្តង ។

បរិបទប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត នៃប្រទេសឥណ្ឌា ៖

សង្គមឥណ្ឌា ជាសង្គមដែលបែងចែក ជាច្រើនវណ្ណៈ ដែលជាគោលការណ៍ នៃព្រហ្មញសាសនា ។ សម័យកាល ណោះប្រជាជនទូទៅ កាន់ព្រហ្មញសាសនា ក៏ពិតមែន ប៉ុន្តែការសិក្សាឲ្យបានជ្រៅជ្រះអំពី ព្រហ្មញសាសនា តាមគម្ពីរវេទមិនអាចធ្វើបាន គ្រប់គ្នានុះទេ ។ មានតែវណ្ណៈខ្ពស់ ពោលគឺព្រាហ្មណ៍ និង ស្តេច ដែលមាន សិទ្ធរៀនអក្សរ និងសិក្សាភាសាសំស្រ្កិត ចេះដឹងគម្ពីរវេទ ដែលជាប្រភព ចំណេះដឹងផ្នែកអក្សរសាស្រ្ត សម័យនោះ ។ ចំណេះចេះដឹង ផ្នែកសិប្បកម្មផ្សេងៗ ត្រូវបង្ហាត់បង្រៀន តកូនតចៅ នៃវណ្ណៈ ផ្សេង ទៀត … រៀនអនុវត្តិ ដោយមិនមានក្បួន កត់ត្រា ។

~~~~~~~~~~~~~~~~
សាសនា នៃព្រះសមណគោត្តម
~~~~~~~~~~~~~~~~

ព្រះសិទ្ធត ជាត្រកូលខត្តិយវង្ស នៅពេលដែលព្រះអង្គ បានត្រាស់ដឹងជាព្រះពុទ្ធ ព្រះអង្គបានសំដែងធម៌ ដល់គ្រប់រាស្រ្តប្រជា មិនប្រកាន់វណ្ណៈឡើយ ។ ដូច្នេះ ព្រះអង្គសម្តែងធម៌ជាភាសា ដែលអ្នកស្រុកអ្នកស្រែ អាចស្តាប់បានគឺ មគធភាសា ដែលជាភាសានៃមគធរដ្ឋ … ព្រះអង្គពុំបានសម្តែងធម៌ ជាភាសាសំស្រ្កុិត ទេ ( បើប្រៀបធៀបនឹងសម័យឥឡូវ គឺ … ឧបមាថា លោកនាយក នែសាកលវិទ្យាល័យមិនបានថ្លែង សន្ទរកថា ជាភាសាអង់គ្លេស … គាត់និយាយជា ភាសាខ្មែរ ) ។

អំពីសម័យព្រះពុទ្ធអង្គ ព្រះពុទ្ធសាសនា ត្រូវបានផ្សព្វផ្សាយ ដោយការចងចាំ នៃបញ្ញាស្មារតី ពុំមានកត់ត្រា អ្វីបន្តិចឡើយ ។ ក្រោយព្រះពុទ្ធអង្គ ចូលបរិនិព្វាន្ត មានការរៀបចំ សង្គាយនាជារឿយៗ ដើម្បីផ្ទៀតផ្ទាត់ព្រះធម៌ កុំឲ្យឃ្លៀងឃ្លាត ធម៌ដើម ។
គឺ សង្គាយនា នេះហើយដែលបាន ផ្តល់កំណើត ដល់បុណ្យមាឃបូជា សព្វថ្ងៃ ។

~~~~~~~~~~~~~~~~~~~~~~~~
ព្រះបាទអសោករាជ ( Ashoka -304 -232 )
~~~~~~~~~~~~~~~~~~~~~~~~

ព្រះបាទអសោករាជ ឡើងសោយរាជ្យ នៅឆ្នាំ២៧៣ មុនគ្រិស្តសករាជ ។
បន្ទាប់ពីបាន ធ្វើសង្គ្រាមជាញជ័យ លើស្រុកក្លឹង្គ Kalinga បន្ទាប់ពីបាន ឈ្វេងយល់អំពី សោកនាដ្យកម្ម និងទុក្ខវេទនា បង្ករដោយសង្គ្រាម ព្រះអង្គ ក៏មានសេចក្តីជ្រះថ្លា លះបង់អំពើកាប់សម្លាប់ ហើយចូល ជាពុទ្ធសាសនិក ដ៏ប្រពៃ និងជា គម្រូដ៏ល្អមួយព្រះអង្គ ជាស្តេចគ្រងផែនដី ។

ព្រះអង្គទ្រង់ត្រាស់បង្គាប់ លើកសសរស្តម្ភ ដែលជា សិលាចារិក ជាលើកដំបូង ដែលមាននិយាយ អំពីការគោរពសិទ្ធិមនុស្ស ដែលគេហៅថា Ashoka pillar ។

នៅក្នុងសម័យ Ashokaនេះដែរ ដែលមានសង្គាយនាទី៣ និងមានបញ្ជូន ព្រះសង្ឃជា ពុទ្ធសាសនទូត មកកោះសិរីលង្កា ហើយផ្សព្វផ្សាយព្រះពុទ្ធសាសនា ទីនោះ បានសល់គង់វង្ស រហូតដល់សព្វថ្ងៃ ជាប្រភពផ្សព្វផ្សាយបន្ត មកដល់អាសុីអគ្នេយ៍ ។

បើតាម Wikipedia ថា ព្រះត្រៃបិដក ត្រូវបានសរសេរឡើងនៅសតវត្សរ៍ ទី១ គស. ក្នុងឱកាស សង្គាយនា ទី៤ ។
ប៉ុន្តែ ខ្លួនខ្ញុំផ្ទាល់គិតថា ព្រះត្រៃបិតក ប្រហែលជាត្រូវបានសរសេរឡើង ក្នុងរជ្ជកាល ព្រះបាទអសោក ច្រើនជាង គឺក្នុងឱកាស សង្គាយនា ទី៣ ដោយហេតុថា ព្រះអង្គមានគុណសម្បត្តិ ច្រើនយ៉ាង ៖

ជាអង្គក្សត្រ ដែលគិតគូរ អំពីប្រជានុរាស្ត្រ ហើយប្រកាន់យកពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែទុក សិទ្ធិសេរីភាពដល់អ្នកស្រុក ក្នុងជំនឿសាសនា ។

ជាអង្គក្សត្រ ដែលមានទស្សនៈវែងឆ្ងាយ មានការផ្សព្វផ្សាយពុទ្ធសាសនា នៅសិរីលង្កា ជាដើម ។

ជាអង្គក្សត្រ ដែលមានឫទ្ធានុភាព អាច អត្តនោម័តិ យកអក្ខរក្រម ព្រាហ្មី Brahmi មកសរសេរ មគធភាសា ចងក្រងជាព្រះត្រៃបិដក ។ បើព្រះអង្គមិនខ្លាំង ពួកព្រាហ្មណ៍ ប្រាកដជាមិនសុខចិត្ត ឲ្យយកអក្សរ ព្រាហ្មី Brahmi មកប្រើកត់ត្រា ភាសាមួយទៀត ក្រៅអំពី ភាសាសំស្រ្កិតបានទេ ។

សូមបញ្ជាក់ថា ក្នុងរជ្ជកាលអសោករាជ វិសាលភាព នៃប្រទេសឥណ្ឌា ធំទូលាយជាងពេលណា ទាំងអស់ បើគិតប្រៀបធៀប នឹង ភូមិសាស្រ្តសព្វថ្ងៃ ស្មើនឹងប្រទេសឥណ្ឌាបូកថែមនឹងប្រទេស Pakistan + Afghanistan + Nepal + Bangladesh + Srilanka ។

~~~~~~~~~~~~~~~~~
មគធី ( មគធភាសា ) ឬ បាលី ?
Magathi or Pali ?
~~~~~~~~~~~~~~~~~

នេះជាលើកទី១ ដែលអក្សរព្រាហ្មី ត្រូវបានយកមក កត់ត្រាភាសា មួយផ្សេងទៀត ក្រៅអំពីភាសាសំស្រ្កិត ។
បាលី Pali មានន័យថា បន្ទាត់ជួរអក្សរ សំដៅលើការកត់ត្រា ចម្លងជាគាថា ជាសាស្រ្តាស្លឹករិត នៃធម៌ព្រះសាស្តា ។

ខាងលើនេះ ជាហេតុផល ដែលនាំឲ្យហៅ ការសិក្សាគម្ពីរព្រះត្រៃបិដក ថាសិក្សា« បាលី » និងជាហេតុផល មួយទៀដែលបញ្ជាក់ថា ព្រះត្រៃបិដក ត្រូវបានសរសេរ ចងក្រងជាគម្ពីរ ក្នុងរជ្ជកាល ព្រះបាទអសោករាជ ។

*** ពន្យល់ហេតុផល ៖

ខ្ញុំសូមលើក ឧទាហរណ៍ គួរឲ្យអស់សំណើច ប៉ុន្តែជាការពិតដែលក្មេងជំនាន់ក្រោយ មិនសូវបានដឹង គឺការរៀន​ជិះកង់ ។ ចាស់ៗជំនាន់ដើម រៀនជិះកង់រាប់ខែ ទំរាំនឹងចេះ… បានដួលក្រឡិតអស់​ជើងដៃ ទំរាំនឹង ចេះជិះ រហូតដល់ចេញជាពាក្យនិយាយថា រៀនជិះកង់ បើមិនបានដួល បែកដៃបែកជើង នោះនឹងមិនចេះជិះទេ …

សម័យបច្ចុប្បន្ន ក្មេងបានកង់ រៀនជិះតែមួយម៉ោង ស្រាប់តែចេះជិះ ? ? ?
រឿងរៀនអក្សរ គឺដូចតែគ្នា ។ សម្រាប់ចាស់ពីដើម រៀនអក្សរជារឿងមួយពិបាក នេះកាលពី ១០០ឆ្នាំមុន ។ កាលពី ២០០០ឆ្នាំ មុន ការរៀនឲ្យចេះអក្សរ កាន់តែជាការមួយ ដែលកាន់តែពិបាកទៅទៀត ។

នៅមគធៈរដ្ឋ ដែលនិយាយភាសាមគធៈភាសា ឬ Magathi រៀន ឬចងចាំគាថា ក្នុងសតិអារម្មណ៍ មិនសូវជា​ពិបាក​អ្វីប៉ុន្មានទេ ព្រោះជាភាសាកំណើតរបស់គេ ដូច្នេះពេលគេរៀនព្រះត្រៃបិដក គឺការរៀនអក្សរទេ ដែលពិបាក ។ ហើយគេក៏មិនថារៀន មគធ:ភាសា ទេ … គេថារៀន « បាលី» មានន័យថា រៀនតាមគម្ពីរ ។

នៅកោះសិរីលង្កា គេនិយាយភាសា តាមូល Tamoul ដែលជាភាសាកំណើតជាតិ របស់គេ ។ ការរៀនព្រះត្រៃបិតក មានការពិបាកមួយកម្រិត ថែមទៀត ត្បិតអីត្រូវរៀន ប្រកបអក្សរ
ព្រាហ្មី Brahmi ហើយរៀនមគធៈភាសា មួយបន្ថែមទៀត ។យើងអាចយល់បានថា ព្រះភិក្ខុសង្ឃ ដែលសិក្សាគម្ពីរ ព្រះត្រៃបិដក នៅសិរីលង្កា នៅតែបន្តហៅការសិក្សា នេះថារៀន
« បាលី » ។ គឺទម្លាប់នេះហើយ ដែលផ្តល់ជាពាក្យថា ៖ « ភាសាបាលី » ។

យោលតាមហេតុផលខាងលើ បានជាខ្ញុំហ៊ានសន្និដ្ឋាន ថាគម្ពីរព្រះត្រៃបិតក ប្រាកដជាបាន ចារជាគម្ពីរ នៅរជ្ជកាលព្រះបាទអសោក ក្នុងឱកាស សង្គាយនាទី៣ មិនមែននៅក្នុងឱកាសសង្គាយនាទី៤ ដែលបានធ្វើឡើងនៅកោះសិរីលង្កានោះទេ ។

សង្គាយនាទី៣ ២៩៣ នៃពស. ត្រូវនឹង ២៥០ មុនគស.
សង្គាយនាទី៤ ៥១៨ នៃពស. ត្រូវនឹង ២៥ មុនគស.
~~~~~~~~~~~~~~~~~~~

ឆ្លើយនឹងសំណួរ ៖

– ហេតុដូចម្តេច បានជាគេថា ភាសាសំស្រ្កិត ជាភាសា នៃព្រហ្មញសាសនា
ហើយ ភាសាបាលី ជាភាសា នៃពុទ្ធសាសនា ?

ត្បិតអី គម្ពីវេទ សរសេរជា ភាសាសំស្រ្កិត គម្ពីព្រះត្រៃបិដក សរសេរ ជាភាសា បាលី
ត្បិតអី ព្រះពុទ្ធអង្គ សម្តែងធម៌ ជាមគធៈភាសា ។

– តើព្រះពុទ្ធអង្គ និងព្រះញាតិវង្ស មានភាសាបាលីជាភាសាកំណើត ?

បើតាម Wikipedia ថាព្រះពុទ្ធអង្គ និងព្រះញាតិវង្សនិយាយ ភាសាមួយទៀតស្រដៀងនឹង Magathi
ដែលហៅថា Arthamagathi ( ម៉េចក៏គេដឹង? )

– ហេតុដូចម្តេច បានជាអ្នកប្រាជ្ញបស្ចិមប្រទេស ខ្លះបានអះអាងថា ភាសាបាលី មិនមានអក្សរ … ភាសាបាលី
ប្រើអក្សរ នៃប្រទេសម្ចាស់ស្រុក ឧទាហរណ៍ ៖នៅស្រុកខ្មែរ ភាសាបាលី សរសេរជាមួយ អក្សរខ្មែរ
នៅស្រុក​ថៃ ភាសាបាលី សរសេរជាមួយ អក្សរថៃនៅស្រុកភូមា ភាសាបាលី សរសេរជាមួយ អក្សរភូមា ???
តើទស្សនៈខាងលើ ត្រឹមត្រូវឬទេ ?

ការយល់ខាងលើ ជាការយល់ឃើញខ្វះខាត …. មិនត្រឹមត្រូវ ។ អក្សរព្រាហ្មី បានផ្តល់កំណើត ដល់អក្សរ នៃ
ប្រទេសជាច្រើន ប្រទេសឥណ្ឌា សិរីលង្កា កម្ពុជា ថៃ ឡាវភូមា …. និងប្រទេសមួយចំនួនទៀត ដែល​បន្ទាប់​ពីផ្លាស់ប្តូរមកកាន់សាសនាម៉ូស្លីម បានឈប់ប្រើអក្សរ ដែលមកជាមួយព្រហ្មញ​សាសនាដោយមាន​ជម្រើសពីរយ៉ាង ៖ ប្រើអក្សរអារ៉ាប់ មានប្រទេស Pakistan Afgan Bangladesh …..
ប្រើអក្សរឡាតាំង មានប្រទេស ឥណ្ឌូណេសុី ម៉ាឡេសុី …..និងប្រទេសមួយចំនួនទៀត ឈប់ប្រើអក្សរ ដោយបាត់ជាតិ បាត់ទឹកដី មានចាម និងមន ជាដើម ។

សាកល្បងគិតដូច្នេះ គ្រាន់តែមួយសតវត្ស៍ កន្លងមកនេះ តើអក្សរខ្មែរ មានការវិវឌ្ឍន៍យ៉ាងណា បើយើងប្រៀបធៀប អក្សរដែលចារលើស្លឹករិត និងអក្សរដែលយើងសរសេរសព្វថ្ងៃ នេះមានអក្សរពុម្ព ជួយធ្វើជាគោល បានខ្លះផង …..ចុះទម្រាំ ជាង២០០០ឆ្នាំ ដែលមានការវិវឌ្ឍន៍ តាមប្រទេសរៀងៗខ្លួន ?

អំពីភាសាបាលី និយាយដូច្នេះត្រូវជាង មិនមែនអក្សរបាលីទេ ដែលខ្ចីអក្សរនៃប្រទេសនីមួយៗ មកប្រើ … គឺអក្សរនៃប្រទេសនីមួយៗដែលបានខ្ចី អក្សរបាលីមកប្រើ ហើយមានការវិវឌ្ឃន៍ ខុសៗគ្នា តាមប្រទេសនីមួយៗ …. រីឯ ភាសាបាលី បានខ្ចីអក្សរព្រាហ្មី អំពីសំស្ក្រិត ។ Saveth Chea

Facebook Comments