ប្រែលោតសព្ទ ពាហុំ ១

bahung_trans

ពុទ្ធជយមង្គលគាថា

១.ពាហុំ សហស្សមភិនិម្មិតសាវុធន្តំ

គ្រីមេខលំ ឧទិតឃោរសសេនមារំ

ទានាទិធម្មវិធិនា ជិតវា មុនិន្ទោ

តន្តេជសា ភវតុ តេ ជយមង្គលានិ.

ប្រែលោតសព្ទ

មុនិន្ទោ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ជិតវា ទ្រង់ឈ្នះហើយ មារំ នូវវសវត្តីមារាធិរាជ អភិនិម្មិតំ អ្នកនិរម្មិតហើយ ពាហុំ នូវដៃទ. សហស្សំ មានពាន់ជាប្រមាណ សាវុធន្តំ អ្នកប្រព្រឹត្តទៅមួយអន្លើដោយចុងនៃអាវុធ ឧទិតំ អ្នកឡើងជិះហើយ គ្រីមេខលំ កាន់ដំរី ឈ្មោះ គ្រីមេខលៈ សសេនំ  អ្នកប្រព្រឹត្តទៅមួយអន្លើដោយកងទ័ព ឃោរំ ដ៏គួរខ្លាច ទានាទិធម្មវិធិនា ដោយធម្មវិធី គឺ វិធីនៃធម៌មានទានបារមីជាដើម តន្តេជសា ដោយតេជះនៃពុទ្ធជយមង្គលនោះ ជយមង្គលានិ រីជ័យមង្គល ភវតុ ចូរមាន តេ ដល់អ្នក ។

វចនត្ថ

មុនីនំ ឥន្ទោ មុនិន្ទោ

ជិតវា <  ជិ + តវន្តុ  =អជិនិ បានឈ្នះហើយ

សាវុធន្តំ < អាវុធានំ អន្តំ អាវុធន្តំ ចុងនៃអាវុធ

សហ អាវុធន្តេន យោ វត្តតីតិ សាវុធន្តោ (មារោ)

ទានំ អាទិ យស្ស សោ ទានាទិ (ធម្មវិធិ)

ធម្មស្ស វិធិ ធម្មវិធិ

ទានាទិ ឯវ ធម្មវិធិ ទានាទិធម្មវិធិ

ច្បាប់ដីកាពាហុំ ច្បាប់សិង្ហល និង ច្បាប់សៀម ដូចច្បាប់ខ្មែរដែរ គឺ ជយមង្គលានិ យោងតាមសទ្ទនីតិបករណ៍ថា ជា វចនវិបល្លាស ព្រោះវិបល្លាស មាន ៦ យ៉ាង គឺ

១.លិង្គវិបល្លាស ផ្លាស់លិង្គ

២.វិភត្តិវិបល្លាស ផ្លាស់វិភត្តិ

៣.វចនវិបល្លាស ផ្លាស់វចនៈ

៤.កាលវិបល្លាស ផ្លាស់កាល

៥.បុរិសវិបល្លាស ផ្លាស់បុរិសៈ

៦.អក្ខរវិបល្លាស ផ្លាស់អក្សរ

ច្បាប់ភូមាខ្លះថា តន្តេជសា ភវតុ តេ ជយមង្គលគ្គំ សូមជ័យមង្គលដ៏ប្រសើរចូរមានដល់អ្នក ។

ប្រែដោយអត្ថ

ព្រះចមមុនីទ្រង់បានឈ្នះស្តេចមារដែលនិរម្មិតដៃមួយពាន់ព្រមទាំងចុងអាវុធ ដែលឡើងជិះដំរីគ្រីមេខលៈព្រមទាំងកងទ័ពដ៏គួរខ្លាច ដោយធម្មវិធីមានទានបារមីជាដើម ដោយតេជះនោះ សូមជ័យមង្គលចូរមានដល់អ្នក ។

Facebook Comments