ប្រែលោតសព្ទ យោ សញ្ញតានំ

trans_sannyatanam

វិនយកបិដក មហាវគ្គ

យាគុអនុមោទនាគាថា

យោ សញ្ញតានំ បរទត្តភោជិនំ

កាលេន សក្កច្ច ទទាតិ យាគុំ

ទសស្ស ឋានានិ អនុប្បវេច្ឆតិ

អាយុញ្ច វណ្ណញ្ច សុខំ ពលញ្ច

បដិភាណមស្ស ឧបជាយតេ តតោ

ខុទំ បិបាសំ ព្យបនេតិ វាតំ

សោធេតិ វត្ថឹ បរិណាមេតិ ភត្តំ  

ភេសជ្ជមេតំ សុគតេន វណ្ណិតំ ។

តស្មា ហិ យាគុំ អលមេវ ទាតុំ

និច្ចំ មនុស្សេន សុខត្ថិកេន

ទិព្វានិ វា បត្ថយតា សុខានិ

មនុស្សសោភគ្គតមិច្ឆតា វាតិ ។

ប្រែលោតសព្ទ

យោ-ទាយកោ រីទាយកឯណា ទទាតិ រមែងឱ្យ យាគុំ នូវបបរ សក្កច្ចំ ដោយគោរព សញ្ញតានំ ( បដិគាហកានំ ) ដល់បដិគាហកៈទ. អ្នកសង្រួមហើយ បរទត្តភោជិនំ អ្នកបរិភោគនូវភត្តដែលអ្នកដទៃឱ្យហើយដោយប្រក្រតី កាលេន តាមកាល សោ-ទាយកោ រីទាយកនោះ អនុប្បវេច្ឆតិ ឈ្មោះថា តាមថែមឱ្យ ឋានានិ នូវហេតុទ. ទស ដប់ អស្ស បដិគាហកស្ស ដល់បដិគាហកៈនោះ  អាយុ-ច រីអាយុមួយ វណ្ណំ-ច រីសម្បុរកាយមួយ សុខំ-ច រីសេចក្ដីសុខមួយ ពលំ-ច រីកម្លាំងកាយមួយ បដិភាណំ-ច រីប្រាជ្ញាមួយ ឧបជាយតេ រមែងកើត  អស្ស-ទាយកស្ស ដល់ទាយកនោះ

តតោ ក្នុងលំដាប់នោះ យាគុ រីបបរ ព្យបនេតិ រមែងកម្ចាត់បង់ ខុទំ នូវសេចក្ដីឃ្លាន បិបាសំ នូវសេចក្ដីស្រេក វាតំ ញ៉ាំងខ្យល់ អនុលោមេតិ រមែងឱ្យដើរស្រួល  វត្ថឹ ញ៉ាំងពោះវៀន សោធេតិ រមែងឱ្យស្អាត ភត្តំ ញ៉ាំងភត្ត បរិណាមេតិ រមែងឱ្យរលួយ ។

ឯតំ យាគុជាតំ រីបបរ នុះ សុគតេន គឺព្រះសុគតជាម្ចាស់ វណ្ណិតំ ទ្រង់សរសើរហើយ ភេសជ្ជំ ថាជាភេសជ្ជៈ ។ តស្មា-ហិ ព្រោះហេតុនោះឯង ទាយកេន គឺទាយក មនុស្សេន សុខត្ថិកេន-វា អ្នកមានសេចក្តីត្រូវការដោយសេចក្ដីសុខបែបមនុស្សក្តី  ទិព្វានិ-សុខានិ-បត្ថយតា-វា អ្នកកាលប្រាថ្នានូវសេចក្ដីសុខទ.បែបទិព្យក្ដី  មនុស្សសោភគ្គតំ ឥច្ឆតា វា អ្នកកាលប្រាថ្នានូវភាវៈនៃសម្រស់ដ៏ឆ្នើមបែបមនុស្សក្តី យាគុំ ទាតុំ អលំ-ឯវ គួរ ដើម្បីឱ្យ នូវបបរ មែនពិត និច្ចំ អស់កាលជានិច្ច ឥតិ ដូច្នេះឯង ។

loading…

ប្រែដោយអត្ថ

ទាយកដែលប្រគេនបបរដោយគោរពតាមកាលចំពោះបដិគាហកៈដែលសម្រួម មានប្រក្រតីឆាន់ចង្ហាន់ដែលអ្នកដទៃប្រគេន ឈ្មោះថា តាមថែមឲ្យនូវហេតុ ១០ យ៉ាងដល់បដិគាហកៈនោះ ។

អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈតែងកើតដល់ទាយកនោះ តពីនោះ បបរតែងកម្ចាត់បង់នូវគម្លាន សម្រេក ញ៉ាំងខ្យល់ឲ្យដើរស្រួល លាងសម្អាតពោះវៀន និង រំលាយអាហារ ។ បបរនោះព្រះសុគតជាម្ចាស់ត្រាស់សរសើរថាជាភេសជ្ជៈ ។ ព្រោះហេតុនោះឯង ទាយកដែលត្រូវការសេចក្តីសុខបែបមនុស្ស ត្រូវការសេចក្តីសុខបែបទិព្វ ឬ ត្រូវការសម្រស់ឆើតឆោមបែបមនុស្សទើបសមគួរនឹងប្រគេនបបរមែនពិតអស់កាលជានិច្ចហោង ។

ដោយព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ ។

Facebook Comments