អ្នកអង្គតន់ឡើងគ្រងរាជ្យជាសម្តេចព្រះនារាយណ៍រាជាធិរាជរាមាធិបតី

siam_khmer_king_01

ចំណែកខាងប្រទេសកម្ពុជា អ្នកអង្គតន់បានគ្រងរាជ្យនៅឆ្នាំខាល សំរឹទ្ធិស័ក ច.ស. ១១២០ ម.ស. ១៦៨០ គ.ស.១៧៥៨ ព.ស.២៣០២ មានព្រះបរមនាមថា សម្តេចព្រះនារាយណ៍រាជាធិរាជរាមាធិបតី កើតវិវាទជាមួយនឹងអ្នកអង្គនន់ ដែលមានព្រះនាមថា ព្រះរាមរាជា ជាព្រះញាតិវង្សរួមព្រះបយ្យិកា មានព្រះរាជបំណងចាប់ព្រះរាមរាជាសម្រេចទោស ព្រះរាមរាជាមិនអាចតស៊ូបាន ទើបភៀសព្រះកាយចូលមកពឹងព្រះចៅក្រុងធនបុរី ។

ក្នុងឆ្នាំឆ្លូវ ឯកស័ក ច.ស. ១១៣១ ម.ស.១៦៩១ គ.ស.១៧៦៩ ព.ស.២៣១៣ ព្រះចៅក្រុងធនបុរីមានព្រះសុភអក្សរទៅកាន់ព្រះនារាយណ៍រាជាព្រះចៅក្រុង កម្ពុជាថា ក្រុងស្រីអយុធ្យាទើបស្ថាបនាថ្មី បង្រ្កាបប្រាបប្រាមស្រុកទេសរួចរាល់ដូចមុនហើយ សូមឲ្យសម្តេចព្រះនារាយណ៍រាជាចាត់បញ្ជូនឈើមាសឈើប្រាក់គ្រឿងបណ្ណាការចូលមកថ្វាយដូចសម័យក្រុងអយុធ្យាចាស់ ។

ព្រះចៅក្រុងកម្ពុជាមានព្រះសុភអក្សរឆ្លើយតបមកវិញថា ព្រះចៅក្រុងធនបុរីទ្រង់មិនមែនជាសែស្រឡាយព្រះរាជាអង្គមុនទេ ហេតុនោះ ក្រុងកម្ពុជាមិនអាចធ្វើជាប្រទេសរាជបានឡើយ ។

លុះព្រះចៅក្រុងធនបុរីទ្រង់អានព្រះសុភអក្សរហើយ ក៏ទ្រង់ពិរោធ ត្រាស់បញ្ជាឲ្យចាត់កងទ័ពហ្លួងដែលទ្រង់ព្រះយសជាព្រះពញាអភ័យរណឫទ្ធិ និងសម្តេចព្រះអនុរាជាធិរាជដែលទ្រង់ព្រះយសជាព្រះពញាអនុជិតរាជាជាមេទ័ព នាំអ្នកអង្គនន់ដែលជាព្រះរាមរាជាទៅជាមួយក្នុងជួរកងទ័ព ព្រះពញាកោសា(ឡាយ) ជាមេទ័ព ១ កងទៀត វាយបានក្រុងសៀមរាប និង ក្រុងបាត់ដំបង ។

សម្តេចព្រះនារាយណ៍រាជាត្រាស់បញ្ជាឲ្យព្រះពញាក្រឡាហោម(បាង)ចេញមកទប់ទល់តស៊ូ ប៉ុុន្តែមិនអាចទប់ទល់តស៊ូនឹងកងទ័ពព្រះចៅក្រុងធនបុរីបាន  ព្រះពញាក្រឡាហោម(បាង)បានស្លាប់លើសមរភូមិ រេហ៍ពលក៏បាក់ទ័ពរត់រប៉ាត់រប៉ាយ កងទ័ពព្រះចៅក្រុងធនបុរីលើកប្រមាញ់ដេញតាម ប៉ុន្តែក្រោយបានទទួលដំណឹងចចាមអារាមថា ព្រះចៅក្រុងធនបុរីបានសោយព្រះទិវង្គតនៅនគរស្រីធម្មរាជ កងទ័ពសៀមក៏លើកត្រឡប់ចូលមកក្រុងធនបុរីវិញ ។

Facebook Comments