ជាការពិតណាស់ តម្រេកត្រេកត្រអាលតាមផ្លូវភេទចាត់ជារឿងធម្មតារបស់សត្វលោក ហេតុនោះ ការដែលបុរសជាប់ចិត្តដិតអារម្មណ៍ចំពោះស្ត្រីក៏ជារឿងធម្មតារបស់សត្វលោកដែរ ប៉ុន្តែ ពុំមែនមានន័យថា ស្រ្តីជាអ្នកអាក្រក់ឬថាបុរសចាត់ទុកស្ត្រីជាវត្ថុដែលគួរលេងសើចនោះ ប៉ុន្តែស្រ្តីតែងមានឥទ្ធិពលទាក់ទាញបុរសច្រើនជង សមដូចសេចក្ដីចែងក្នុងព្រះត្រៃបិដក ថា “ស្ត្រី ៗ តែងញំាញីប្រុស ៗ ដែលប្រមាទក្នុងសង្គម ពោលគឺ ពួកនាងរមែងអូសទាញចិត្តរបស់ប្រុស ៗទាំងនោះ ទៅបីដូចខ្យល់បក់ផាត់សំឡីដែលជ្រុះចេញពីដើមដូច្នោះ សភាពនោះ បណ្ឌិតទាំងឡាយពោល ថាជាជ្រោះសម្រាប់ព្រហ្មចរិយធម៌” ។
សេចក្ដីខាងលើនេះ បើពិចារណាមិនល្អិតល្អន់ទេ ហាក់មើលឃើញថា ស្រ្តីតាំងចិត្តបំផ្លាញព្រហ្មចរិយធម៌របស់បុរសអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ ដែលព្រហ្មចរិយធម៌ បីដូចជាសំឡីដែលងាយប៉ើងទៅតាមកម្លាំងខ្យល់ ចំណែក ធម្មជាតិរបស់ស្រ្តីនោះមានអំណាចខ្លាំងប្រៀបដូចជាខ្យល់ រមែងធ្វើឲ្យភិក្ខុឃ្លាតខ្ទាតចេញពីព្រហ្មចរិយធម៌បានដោយងាយ ប្រសិនបើមិនសង្រួមចិត្តរបស់ខ្លួនឲ្យល្អទេ ។
ទោះបីស្រ្តីពុំបានតាំងចិត្តគ្របសង្កត់ចិត្តបុរសក៏មែនពិត ប៉ុន្តែតម្រេកត្រេកត្រអាល គឺ រាគៈតណ្ហា ពោលគឺ សេចក្តីឈ្វក់វង្វេង នឹងធ្វើឲ្យបុរសបោះបង់ចោលព្រហ្មចរិយធម៌ ដែលយើងប្រើពាក្យថា សឹក លាសិក្ខ លាសិក្ខាបទ ជាដើម ។
ក្នុងសម័យពុទ្ធកាល សាមណេរជាក្មួយរបស់ព្រះចក្ខុបាលថេរ ឈ្មោះ បាលិត គ្រាន់តែឮសម្លេងស្រ្តីម្នាក់កំពុងរកឧសក្នុងព្រៃស្រែកច្រៀង ក៏មិនអាចទប់ទល់តម្រេកត្រេកត្រអាលរបស់ខ្លួនបាន ទើបលែងឈើច្រត់របស់លោកមាហើយទៅផ្ដោះផ្ដងញ៉ែញ៉ងស្រ្តីរកឧសនោះ ហើយក៏ប្រព្រឹត្តមោះមិនគប្បីជាមួយនឹងស្រ្តីនោះ បង្កើតសីលវិបត្តិដល់ខ្លួនឯង ។ ក្នុងករណីដូច្នេះ ចង់បង្ហាញថា ស្រ្តីនោះមិនមែនជាដើមហេតុនៃសីលវិបត្តិរបស់សាមណេរបាលិតនោះទេ សមដូចពាក្យបុរាណថា ទំពក់ទៅ ទើបព្នៅមក សាមណេរប្រៀបដូចជាទំពក់ ស្រ្តីប្រៀបដូចជាព្នៅ ហេតុនោះ ក្នុងករណីសីលវិបត្តិនេះ សាមណេរជាអ្នកផ្តើមនូវទង្វើមុន ដោយមិនសង្រួមក្នុងសីលដែលខ្លួនរក្សា យ៉ាងនេះ ហៅថា ល្មើសសិក្ខាបទកាមេដោយខ្លួនឯង មិនមែនស្រ្តីនោះញុះញង់សាមណេរឲ្យប្រព្រឹត្តខុសទេ ប៉ុន្តែព្រោះតែភាពទាក់ទាញរបស់ស្រ្តីនោះ ទើបធ្វើឲ្យសាមណេរប្រព្រឹត្តល្មើសព្រះវិន័យ (ព្រហ្មចរិយធម៌) ក្នុងរឿងដូច្នេះ ព្រះពុទ្ធជាម្ចាស់ទ្រង់ដាស់តឿនព្រះភិក្ខុទំាងឡាយថា
“ភិក្ខុទំាងឡាយ យើងពិចារណាមិនឃើញរូបដទៃ សូម្បីតែរូបមួយដែលគ្របសង្កត់ចិត្តរបស់បុរសបានដូចរូបស្ត្រីឡើយ ភិក្ខុទំាងឡាយ រូបស្រ្តីរមែងគ្របសង្កត់ចិត្តរបស់បុរសបាន ។
ភិក្ខុទំាងឡាយ យើងពិចារណាមិនឃើញក្លិនដទៃ សូម្បីតែក្លិនមួយដែលគ្របសង្កត់ចិត្តរបស់បុរសបានដូចក្លិនស្ត្រីឡើយ ភិក្ខុទំាងឡាយ ក្លិនស្រ្តីរមែងគ្របសង្កត់ចិត្តរបស់បុរសបាន ។
ភិក្ខុទំាងឡាយ យើងពិចារណាមិនឃើញរសដទៃ សូម្បីតែរសមួយដែលគ្របសង្កត់ចិត្តរបស់បុរសបានដូចរសស្ត្រីឡើយ ភិក្ខុទំាងឡាយ រសស្រ្តីរមែងគ្របសង្កត់ចិត្តរបស់បុរសបាន ។
ភិក្ខុទំាងឡាយ យើងពិចារណាមិនឃើញសម្ផស្សដទៃ សូម្បីតែសម្ផស្សមួយដែលគ្របសង្កត់ចិត្តរបស់បុរសបានដូចសម្ផស្សស្ត្រីឡើយ ភិក្ខុទំាងឡាយ សម្ផស្សស្រ្តីរមែងគ្របសង្កត់ចិត្តរបស់បុរសបាន ។
ស្រី្តសូម្បីកំពុងដើរ សូម្បីកំពុងអង្គុយ សូម្បីកំពុងដេក សូម្បីកំពុងលង់លក់ សូម្បីកំពុងសើច សូម្បីកំពុងនិយាយ សូម្បីកំពុងច្រៀង សូម្បីកំពុងយំ សូម្បីហើមហើយ សូម្បីស្លាប់ហើយ ក៏គ្របសង្កត់ចិត្តរបស់បុរសបាន ”
ពុទ្ធវចនៈខាងលើដែលត្រាស់ថា “ស្រ្តីជាមន្ទិលរបស់ព្រហ្មចរិយធម៌” នោះ ព្រះអង្គត្រូវការឆ្លុះបញ្ចាំង ថា បើភិក្ខុមិនសង្រួមឥន្រ្ទីយ៍របស់ខ្លួនទេ នៅពេលត្រូវទៅពាក់ព័ន្ធ នឹងស្ត្រី (បដិសម្ពន្ធ) ក្នុងស្ថានការណ៍ឬស្ថានភាពណានីមួយ ក៏អាចបង្កបង្កើតបញ្ហា ឬ ងាយនឹងប្រព្រឹត្តល្មើសព្រះវិន័យ ប្រការនេះមិនមែនមានន័យថា ស្រ្តីនោះជាភេទដែលអាក្រក់ បង្កទុក្ខទោស ឬ ភយន្តរាយចំពោះភិក្ខុ ឬ ជាដើមចមបង្កហាយនភាពចំពោះការប្រព្រឹត្តព្រហ្មចរិយធម៌នោះទេ គ្រាន់តែព្រះអង្គត្រូវការដាស់តឿន ក្រើនរំលឹកឲ្យភិក្ខុទំាងឡាយបានយល់ដឹងថា កាលបើត្រូវមានបដិសម្ពន្ធភាពជាមួយនឹងស្រ្តី គប្បីប្រុងប្រយ័ត្នឥន្រ្ទីយ៍របស់ខ្លួនឯង ។
កត្តាទំាងនេះធ្វើឲ្យកើតសំណួរដែលត្រូវរកចម្លើយឆ្លើយបន្តទៀតថា តាមពិត ព្រះអង្គទ្រង់ហាមមិនឲ្យភិក្ខុពាក់ព័ន្ធជាមួយនឹងស្រ្តី ឬថា ភិក្ខុអាចមានបដិសម្ពន្ធភាពជាមួយនឹងស្រ្តីបាន ប៉ុន្តែគប្បីមានកិរិយាសង្រួមក្នុងករណីមានបដិសម្ពន្ធភាព ។
សួរថា: ព្រះពុទ្ធជាម្ចាស់ទ្រង់ហាមមិនឲ្យពាក់ព័ន្ធនឹងស្រ្តី ឬ ទ្រង់បង្ហាញវិធីសាស្រ្តក្នុងការទៅពាក់ព័ន្ធនឹងស្រ្តី ?
ចម្លើយ: ពិតណាស់ កាលបើពិនិត្យ ពិចារណា វិភាគពុទ្ធបំណងត្រង់ចំណុចនេះ យើងអាចសិក្សាឈ្វេងយល់ពីព្រះចរិយាវត្តរបស់ព្រះអង្គ និង ព្រឹត្តិកម្មរបស់ព្រះសាវ័កក្នុងសម័យពុទ្ធកាលជាច្រើនអង្គបាន ឃើញថា ស្រ្តីមានសេចក្ដីសំខាន់យ៉ាងក្រៃលែងចំពោះព្រះពុទ្ធសាសនា រហូតដល់ព្រះអង្គចាត់ចូលក្នុងពុទ្ធបរិស័ទ ៤ បើពិចារណាដល់ការប្រព្រឹត្តទៅ និងការតំាងនៅរបស់ព្រះពុទ្ធសាសនាក្នុងសម័យពុទ្ធកាល ស្រ្តីគឺជាក្រុមជនមួយពួកដែលមានចំណែកយ៉ាងសំខាន់ក្នុងការសាងសេចក្ដីចម្រើន រុងរឿងឲ្យដល់ព្រះពុទ្ធសាសនា មានភិក្ខុនីច្រើនអង្គ ដូច នាងបជាបតីគោតមី នាងខេមា នាងឧប្បលវណ្ណាថេរី ជាដើម ស្រ្តីទំាងនេះ មានចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនាក្នុងសម័យពុទ្ធកាល ។
ក្នុងសម័យនោះឯង ស្រ្តីដែលមិនបានបួសជាភិក្ខុនី ដូចនាងវិសាខា មហាឧបាសិកា ក៏បានកសាងវត្តថ្វាយជាទីគង់ប្រថាប់របស់ព្រះពុទ្ធ និង ភិក្ខុសង្ឃ ក្រៅពីនោះ បានឧបត្ថម្ភបច្ច័យ ៤ ចំពោះព្រះពុទ្ធជាម្ចាស់ និង ភិក្ខុសង្ឃដែលនិមន្តមកពីទិសានុទិស ពិសេសជាងនេះទៀត អ្វីដែលសំខាន់ គឺ ការដែលនាងវិសាខា មហាឧបាសិកាបានទទួលកិត្តិយសពីព្រះពុទ្ធអង្គ ទ្រង់តែងតាំងជាតុលាការវិនិច្ឆ័យក្ដីរួមជាមួយព្រះឧបាលីថេរៈក្នុងការពិចារណាក្ដីដែលភិក្ខុនីជាមាតារបស់ព្រះមហាកស្សបថេរៈដែលតំាងគភ៌ក្នុងពេលជាភិក្ខុនី ការធ្វើការរួមគ្នា ដែលហៅសហការិយកម្ម(cooperation) ក្នុងគ្រានោះ បានធ្វើឲ្យភិក្ខុនីរូបនោះបានរួចផុតពីមន្ទិល ដោយនាងវិសាខា មហាឧបាសិកាបានវិនិច្ឆ័យក្ដីថា ភិក្ខុនីអង្គនេះបានតាំងគភ៌មុនពេលបួស(ឧបសម្បទា) ចំណេរកាលតមក ក្នុងអវសាននៃជីវិត ភិក្ខុនីរូបនោះក៏បានសម្រេចធម៌ជាន់ខ្ពស់បំផុត គឺ អរហត្តផលក្នុងព្រះពុទ្ធសាសនា ។
ទឡ្ហីករណ៍ទំាងនេះបង្ហាញឲ្យឃើញថា ទំាងព្រះពុទ្ធជាម្ចាស់ទាំងព្រះអរិយសាវ័កសុទ្ធសឹងមានវិថីជីវិតដែលត្រូវអាស្រ័យបច្ច័យ ៤ ពីស្រី្ត លើសពីនោះ ក៏មានឱកាសធ្វើការងាររួមគ្នា ធ្វើឲ្យព្រះពុទ្ធសាសនាក្នុងសម័យពុទ្ធកាលចម្រើន រុងរឿងរហូតដល់សព្វថ្ងៃ ។
ភស្តុតាងនិងអំណះអំណាងមួយចំនួនដែលបានលើកយកមកបង្ហាញនេះ ឃើញថា ព្រះពុទ្ធជាម្ចាស់និងព្រះអរិយសាវ័កទំាងឡាយ ក៏មានបដិសម្ពន្ធភាពជាមួយនឹងស្រ្ដីដែរ ព្រះអង្គពុំបានត្រាស់សង្កត់ឲ្យភិក្ខុសង្ឃរស់នៅឬមានវិថីជីវិតរស់នៅដាច់ស្រឡះពីស្រ្តីយ៉ាងដាច់ខាតឡើយ ប៉ុន្តែរាល់ស្រ្តីដែលព្រះពុទ្ធអង្គនិងភិក្ខុសង្ឃចូលទៅពាក់ព័ន្ធ មិនឃើញថា មានអង្គណាមួយសឹកឬលាចាកសិក្ខាបទទៅព្រោះស្រ្តីទំាងនោះទេ ហើយស្រ្តីទំាងនោះសុទ្ធសឹងមានកុសលកត្តុកាម្យតាឆន្ទៈក្នុងទំនាក់ទំនងជាមួយនឹងព្រះសាវ័កទាំងឡាយ ប្រសិនបើស្រ្តីទំាងនោះគ្មានកុសលកត្តុកាម្យតាឆន្ទៈយ៉ាងមុតមាំទេ ម្លោះសមភិក្ខុសង្ឃក្នុងសម័យនោះនាំគ្នាសឹកដើម្បីអូនៗអស់ហើយ សូម្បីតែព្រះពុទ្ធក៏មិនសល់ដែរ ៕