បួសដើម្បីសងគុណម្តាយ ប៉ុន្តែបាយបាយព្រោះស្តាយអូន ភាគ ១

បួសដើម្បីសងគុណម្តាយ ប៉ុន្តែបាយបាយព្រោះស្តាយអូន ភាគ ១

ការបួស ចាត់ជាប្រពៃណីបុរាណមួយដែលប្រជាជនខ្មែរអ្នកកាន់​ព្រះពុទ្ធសាសនានិយម​ធ្វើតំាងពី​អតីតកាល​រហូត​ដល់បច្ចុប្បន្ន ស្ទើរក្លាយជាវិថីជីវិត​មួយបែបផ្សាភ្ជាប់នឹងព្រះពុទ្ធសាសនា មានព្រះពុទ្ធសាសនា​ជាមូលដ្ឋាន ។

ការបួស ឆ្លុះបញ្ចាំងដល់គុណធម៌ផ្នែកកតញ្ញូកតវេទិតាចំពោះបុព្វការីជន ទាំងជាការតបស្នងសង​គុណបុព្វការី​ជន​​ទាំងនោះផង យើងតែងតែឮតៗគ្នាមកថា បួសនេន សងគុណម្ដាយ បួសភិក្ខុសងគុណឪពុក។ ជំនឿនេះ ត្រូវបានចាស់ទុំបូរំបុរាណប្រកាន់ភ្ជាប់និងអនុវត្តបដិបត្តិតៗគ្នាមកអស់កាលយូរអង្វែង ក្លាយជាវប្បធម៌អប់រំ​បន្ទំនិស្ស័យកូនចៅរបស់ប្រជាជនពីមួយជំនាន់ទៅមួយជំនាន់ ព្រោះបុព្វការីជនទាំងឡាយយល់ឃើញថា អ្នកបួសមានឱកាសសិក្សា រៀនសូត្រ អប់រំ ហាត់ពត់លត់ដំ កាយ វាចា ចិត្ត តាមគន្លងព្រះពុទ្ធ​សាសនា​បានយ៉ាងល្អប្រពៃ ។

កាលកូនចៅបានអភិវឌ្ឍខ្លួន ក្លាយជាមនុស្សប្រសើរប្រកបដោយចំណេះវិជ្ជានិងគុណធម៌ហើយ ក៏អាចនាំយក​ចំណេះវិជ្ជានិង​គុណធម៌ទាំងនោះទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ និងជួយសង្គមបាន ។

ទោះបីសង្គមខ្មែរមានមូលដ្ឋានចេញពីព្រះពុទ្ធសាសនាដែលផ្សាភ្ជាប់នឹងវិថីជីវិតយ៉ាងនេះក្ដី  ក៏នៅតែ​ប្រឈម​មុខ​នឹងបញ្ហាឱនភាពផ្នែកសីលធម៌ ដូចជា ការប្រើអំពើហិង្សាក្នុងការដោះស្រាយ​បញ្ហាសង្គម​នានា មិនថាជាបញ្ហាហិង្សាក្នុងគ្រួសារ  បញ្ហាចោរកម្ម លួច ឆក់ ប្លន់ កាប់សម្លាប់ រហូតដល់បញ្ហានិន្នាការ​នយោបាយជាដើម  និង ចុងក្រោយ គឺ បញ្ហាជញ្ជីងយុត្តិធម៌សង្គម បញ្ហាទាំងអស់នេះ​សុទ្ធសឹងតែ​កើតឡើងដោយកង្វះអំណត់អត់ធ្មត់ ។

នៅពេលកង្វះអំណត់អត់ធ្មត់រាលដាលពាសពេញសង្គម ​អំពើហិង្សាក៏កើតបន្តកន្ទុយគ្នា​ជាកង់ច្រវាក់​ពីកន្លែងមួយទៅកន្លែងមួយដោយឥតហេតុផល បំណងល្អចំពោះគ្នាទៅវិញទៅមក ក្នុងការជួយ​បណ្តុះ​បណ្តាលគុណធម៌ ឬ សីលធម៌សង្គមក៏អន់ថយចុះខ្សោយជាលំដាប់ ។

ការបួសជាឧបាយវិធីមួយក្នុងការវៀរចាកបាប ផ្ទុយទៅវិញ ជាវិធីបំពេញបុណ្យកុសល​ដើម្បីចូលដល់​សេចក្ដីស្អាតស្អំសេចក្ដីភ្លឺស្វាង  និង សេចក្ដីស្ងប់ កាលបើមិនបានបួសក៏ឈ្មោះថាខនឱកាស ព្រោះត្រូវជាប់ ជំពាក់នឹងកិច្ចការផ្ទះសម្បែង និង កិច្ចការជាច្រើនផ្សេង ៗ ទៀត (ពហុកិច្ចា ឃរាវាសា)  ព្រោះអ្នកនៅពាក់ព័ន្ធ កិច្ចការផ្ទះ មិនអាចរលាស់ខ្លួនចេញទៅបំពេញសេចក្ដីព្យាយាមបានយ៉ាងពេញលេញទេ ហេតុនោះ ការបួសរបស់កូនប្រុសដែលមានកតញ្ញូកតវេទិតា គឺជានិមិត្តរូបនៃមនុស្សប្រសើរ ហេតុដូច្នេះ ដូនតាបុព្វបុរសយើងទើបសាបព្រោះវប្បធម៌ការបួសសងគុណនេះទុកឲ្យកូនចៅជំនាន់ក្រោយ ។

សារៈសំខាន់នៃការបួសនេះ  គឺ ការលើកកម្ពស់អ្នកបួសនោះឲ្យក្លាយជាផ្នែកមួយនៃព្រះរតនត្រ័យ កាលបើកូនចៅដែលបួសនោះបានក្លាយជាផ្នែកមួយនៃព្រះរតនត្រ័យហើយ មាតាបិតារបស់អ្នកបួសនោះ ក៏ឈ្មោះថា ជាញាតិរបស់ព្រះរតនត្រ័យ រហូតដល់ប្រជាជនមានផ្នត់គំនិតថា “បានតោងជាយចីពរកូនបួសមិនធ្លាក់នរក” ។

ផ្នត់គំនិតនេះចង់បង្ហាញថា ការបួសរបស់កូនជាបរិបទថ្មីសម្រាប់ឪពុកម្តាយ ដែលចាប់ផ្តើមមើលឃើញ ពន្លឺនៃការកែប្រែជីវិតដែលជាប់ចំពាក់វក់វីក្នុងលោកិយវិស័យដោយការផ្តើមចូលវត្ត ធ្វើបុណ្យកុសល សមាទានសីល ឬ អប់រំចម្រើនភាវនាជាដើម ដែលចាត់ទុកថាជាអំពើបុណ្យកុសលលើផ្លូវសុគតិភូមិ ចំណែកខាងកូនប្រុសដែលបានបួសក៏ផ្ដោតសេចក្ដីសំខាន់លើការប្រព្រឹត្ត បដិបត្តិ អភិវឌ្ឍខ្លួនឲ្យរួចផុត ពីកិលេសទំាងពួង ដើម្បីប្រយោជន៍ សេចក្ដីសុខ (បរមសុខ) និង អនុគ្រោះសង្គម ។

ធម្មតា អ្នកបួសមានទាំងល្អ និង អាក្រក់ ដែលថា អាក្រក់ ព្រោះអ្នកបួសនោះយកខ្លួនទៅពាក់ព័ន្ធនឹងស្រ្តី ព្រោះពាក្យថា ស្រ្តី ព្រះពុទ្ធជាម្ចាស់ត្រាស់ថាជាមន្ទិលរបស់ព្រះសាសនា សមដូចពុទ្ធវចនៈថា “ឥត្ថី មលំ ព្រហ្មចរិយស្ស” ស្រ្ដីជាមន្ទិលនៃព្រហ្មចរិយធម៌ ​ ពុទ្ធវចនៈនេះនាំឲ្យកើតសំណួរ ឬ សេចក្ដីសង្ស័យ​ចំពោះពុទ្ធសាសនិកជនទូទៅថា ​ហេតុអ្វីក៏ព្រះពុទ្ធសាសនាចាត់ទុកស្ត្រីថាជាមន្ទិលរបស់ព្រហ្មចរិយធម៌ ? តើពុទ្ធវចនៈនេះបង្កប់ន័យស៊ីជម្រៅដូចម្តេច?​

ត្រង់ចំណុចដែលព្រះពុទ្ធជាម្ចាស់ទ្រង់ចង្អុលបង្ហាញ ថា ស្រ្តីជាមន្ទិលនៃព្រហ្មចរិយធម៌ នេះហាក់ដូចជា មើលឃើញតែភាពអវិជ្ជមានចំពោះស្រី្ត​​ ​ប៉ុន្តែបើត្រិះរិះ ពិចារណាបរិបទនៃពុទ្ធវចនៈនេះឲ្យវែងឆ្ងាយបន្តិច នឹងឃើញថា ​ព្រះអង្គត្រាស់ឆ្លើយតបសំណួរដែលទេវតាព្យាយាមទូលសួរព្រះអង្គ ។​ ​

ទោះជាយ៉ាងនោះក្ដី ការឆ្លើយតបសំណួរទេវតានេះជាការបំភ្លឺផ្លូវមួយសម្រាប់ពុទ្ធបរិស័ទយកទៅគិតពិចារណា ​ព្រោះរាល់ពេល ដែលព្រះអង្គត្រាស់ទាក់ទងនឹងស្រ្ដី ​ព្រះអង្គតែងត្រាស់ដល់ទោស ឬ សេចក្ដីសៅហ្មងដែល អាចកើតឡើង ក្នុងករណីដែលស្ត្រីមានអាកប្បកិរិយាមិនសមរម្យចំពោះបព្វជិត ។

ដូច្នេះ ​ពាក្យថា “មន្ទិល” នោះ​ បានដល់ ភាពប្រឡូកប្រឡាក់ ភាពពព្រុះពព្រាល ឬ សេចក្តីសៅហ្មង ដែលអាច កើតឡើងក្នុងករណីដែលបព្វជិតយកខ្លួនទៅច្រឡូកច្រឡំនឹងស្រ្ដី ដោយពុំបានដឹងទាន់អារម្មណ៍ផ្សេងៗ ដែលកើតចេញពីបដិសម្ពន្ធភាពជាមួយស្រ្ដី ​។ ​តាមន័យនេះ ព្រះពុទ្ធជាម្ចាស់ទើបទ្រង់គ្មានទស្សនគតិ ជ្រុលនិយមក្នុងផ្លូវអវិជ្ជមានចំពោះស្រ្តីឡើយ ។​​

ផ្ទុយទៅវិញ ព្រះអង្គទ្រង់ប្រៀនប្រដៅគោលធម៌ដែលអ្នកផងគួរនាំយកទៅអនុវត្តបដិបត្តិតាមបែបជីវិតគូគ្រង ដូចជា ឃវាសធម៌ ឬ សង្គហធម៌ជាដើមសម្រាប់ស្វាមី ភរិយាដែលគប្បីគោរពបដិបត្តិចំពោះគ្នាទៅវិញទៅមក ​។ នៅពេលព្រះអង្គត្រាស់ដល់គោលធម៌ទាក់ទងនឹងសង្គមមនុស្សទូទៅ ព្រះអង្គមិនបានចាត់ទុកស្រ្តីថាជា មន្ទិល ឬ សត្រូវ នៃព្រហ្មចរិយធម៌ទេ ។

សូមមើល​ការទទួលនិមន្តដើម្បីទៅឆាន់ភត្តាហារឯផ្ទះរបស់ស្រ្តីពេស្យាជាច្រើននាក់ ដូចជា នាងអម្ពបាលី​និងនាងសិរិមា ជាឧទាហរណ៍ ព្រះអង្គមិនបានសម្ដែងអាកប្បកិរិយាស្អប់ខ្ពើមឬមើលឃើញស្ដ្រីទំាងនោះក្នុងផ្លូវអវិជ្ជមានទេ ។

ហេតុនោះ ​ពាក្យថា “​មន្ទិល”“សត្រូវ” នោះ​​  គង់សំដៅដល់ “ឧបសគ្គ”​របស់ភិក្ខុដែលកំពុងប្រព្រឹត្ត ព្រហ្មចរិយធម៌ច្រើនជាង ព្រោះត្រូវការបង្រៀនភិក្ខុឲ្យតម្កល់ខ្លួនឲ្យបានត្រឹមត្រូវចំពោះស្រ្តី​​ មិនសំដៅដល់ ​​ស្រ្តីនោះតាំងចិត្ត ឬមានចេតនាបំផ្លាញព្រហ្មចរិយធម៌របស់ភិក្ខុឡើយ​​ ។ ការលើកយកបញ្ហានេះឡើង  ក៏ដើម្បី ចង្អុលបង្ហាញសេចក្ដីពិត ២ ប្រការ គឺ​ ព្រហ្មចរិយធម៌ និង ស្រ្តី ទាំង ២ នេះ ពុំអាច​ប្រព្រឹត្តទៅព្រមគ្នា ដើម្បីភិក្ខុឡើយ ព្រោះបើនិយាយដល់ស្រ្តីដែលបំពេញសេចក្ដីព្យាយាម ​(តបៈ)​ ​បុរសក៏ជាមន្ទិលឬសត្រូវរបស់ព្រហ្មចរិយធម៌ដែរ ។

ដោយហេតុនេះ ឃើញថា ធម្មជាតិជាគូ គឺ បុរស និង ស្រ្តីនេះ មានឥទ្ធិពលទាក់ទាញ ឬគ្របសង្កត់ចិត្ត(បេះដូង)របស់គ្នាទៅវិញទៅមក នាំឲ្យឈ្លក់វង្វេង នែបនិត្យស្និទ្ធស្នាល កាត់បន្ថយឱកាសហ្វឹកហាត់បដិបត្តិខ្លួន ដើម្បីលះបង់កិលេស ឬថា ធ្វើឲ្យការងារលះបង់កិលេសដំណើរការទៅមុខបានដោយលំបាក ។

ក្នុងទស្សនន័យនេះ ស្រ្តីមិនមែនជាមនុស្សដែលគួរឲ្យស្អប់ខ្ពើមទេ ផ្ទុយទៅវិញ​ តម្រេកត្រេកត្រអាល គឺ រាគៈ របស់បុរស ឬ ស្រ្តី នុះឯង​​  ជាមន្ទិលឬសត្រូវនៃព្រហ្មចរិយធម៌ ។

ទោះមរតកពុទ្ធធម៌ដ៏មានតម្លៃនេះស្ថិតនៅក្នុងសង្គមខ្មែរយូរអង្វែងប៉ុនណាក៏ដោយ បើមនុស្សក្នុងសង្គម មិនព្រមរៀនឈ្វេងយល់ពុទ្ធធម៌នោះ  និង មិនចេះរៀបចំគោលពុទ្ធធម៌ឲ្យសមស្របនឹងបរិបទសង្គម ពុទ្ធធម៌នៅតែគ្មានតម្លៃសម្រាប់កែច្នៃវិថីជីវិតរបស់មនុស្សក្នុងសង្គម ប្រៀបដូចអង្កត់ឧសដែលគ្មាន ប្រយោជន៍ដេកដួលនៅលើដីដូច្នោះ  ព្រោះមនុស្សមិនចេះយកទៅប្រើប្រាស់ឲ្យកើតជាប្រយោជន៍ មិនត្រឹមតែមិនកើតជាប្រយោជន៍ទេ ថែមទំាងបង្កគ្រោះថ្នាក់ផ្នែកសីលធម៌ទៀតផង ។

ឃើញថា សព្វថ្ងៃនេះ ទំាងស្ថាប័នសង្ឃទាំងពុទ្ធបរិស័ទ នៅតែមិនទាន់យល់ដឹងខ្លួនឯង និង មិនស្គាល់ ច្បាស់សង្គមរបស់ខ្លួន ទំាងមិនដឹងខ្លួនឯងថា ល្ងង់ទៀត  ក្លាយជាសង្គមសាសនាប្រឡាំប្រកូវមិនច្បាស់លាស់ គួរឲ្យព្រួយបារម្ភ ។

កាលបើសង្គមសាសនាស្ថិតនៅក្នុងស្ថានភាពបែបនេះ ការដោះស្រាយបញ្ហានិងការអភិវឌ្ឍសាសនទាយាទ គឺ ភិក្ខុ សាមណេរ ក៏អន្ទោលទៅវិលវល់ច្រំដែល ។

ការធ្វើឲ្យពុទ្ធសាសនិជនខ្មែរយល់ពីសាសនាដែលខ្លួនគោរពបូជា គឺជាប្រធានបទគួរលើកយកមកជា ចំណោទតាំងពីព្រះសង្ឃរហូតប្រជាជនទូទៅ ទាំងនេះក៏ដើម្បីស្វែងយល់វិធីបដិបត្តិរវាង គ្នានិងគ្នាឲ្យបាន ត្រឹមត្រូវ បង្ការកុំឲ្យកើតមន្ទិលចំពោះព្រះសង្ឃនិងពុទ្ធបរិស័ទ ៕

សហនិពន្ធដោយព្រះមហាអូផាត  មហា ៩ ប្រយោគ និង ព្រះមហាភិរម្យ មហា ៨ ប្រយោគ

Facebook Comments