មានបញ្ជាពីថ្នាក់លើ ក្រសួងធម្មការទើបហ៊ានចាត់ការរឿងរបៀបអាសនៈនិងការសំពះគ្រហស្ថរបស់ព្រះសង្ឃ

ក្រសួង​ធម្មការ និង​សាសនា បាន​តម្រូវ​ឲ្យ​មានការ​រៀបចំ​អាសនៈ​ថ្វាយ ឬ​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​សាសនា និង​ពិធី​ផ្លូវការ​នានា​របស់​រដ្ឋ ត្រូវតែ​ខ្ពស់​ជាង​គ្រហស្ថ ជា​ដរាប ដើម្បី​សេចក្ដីថ្លៃថ្នូរ និង​កិត្យានុភាព​ព្រះពុទ្ធសាសនា ស្របតាម​បាវចនា «​ជាតិ សាសនា ព្រះមហាក្សត្រ​» និង​ស្របតាម​រដ្ឋធម្មនុញ្ញ ប្រទេស​កម្ពុជា។

សារាចរ​ណែនាំ ៥​ចំណុច របស់​ក្រសួង​ធម្មការ ចុះ​ថ្ងៃ​ទី​១៤ កុម្ភៈ សរសេរ​ថា ដើម្បី​លើក​តម្កើង​ការ​គោរព​ប្រតិបត្តិ​ចំពោះ​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា​

ក្រសួង​ធម្មការ ណែនាំ ឧបាសក ឧបាសិកា ឬ​គ្រហស្ថ គប្បី​រៀបចំ​អាសនៈ​ព្រះសង្ឃ​ឲ្យ​បាន​សមគួរ សូម្បី​អាសនៈ​នោះ​ក្រាល​ដោយ​កន្ទេល ភួយ ព្រំចៀម ក្រមា គឺ​ត្រូវតែ​ខ្ពស់​ជាង​គ្រហស្ថ​ជា​ដរាប ក្នុង​ពិធី​ផ្លូវការ​របស់​រដ្ឋ ឬ​ក្នុង​ពិធី​សាសនា មានបុណ្យ​ទាន​ធំៗ អាសនៈ​គង់​របស់​ព្រះសង្ឃ ត្រូវ​រៀបចំ​ឲ្យ​បាន​ខ្ពស់​យ៉ាងតិច ២​តឹក ជាង​កន្លែង​អង្គុយ​របស់​គ្រហស្ថ និង​ភ្ញៀវ​ទាំងអស់។

សារាចរ​ដដែល បាន​ណែនាំ​ទៀត​ថា ក្នុង​កម្មវិធី​រាប់បាត្រ ឬ​ពិធី​ប្រគេន​ទេយ្យទាន​ផ្សេងៗ​ចំពោះ​ព្រះសង្ឃ ឧបាសក ឧបាសិកា ឬ​គ្រហស្ថ គប្បី​ដោះ​ទ្រនាប់ជើង​ជា​ដរាប ដើម្បី​សម្ដែង​ការ​គោរព​ចំពោះ​ព្រះសង្ឃ​ដែល​ជា​ឧត្ដមភេទ។

គ្រប់​ពិធី​ទាំងអស់​ដែលមា​ន​ព្រះសង្ឃ​ចូលរួម ពេល​ដែល​គ្រហស្ថ​គោរព​សំពះ​ដល់​ព្រះសង្ឃ ព្រះសង្ឃ​គ្រប់​អង្គ មិន​ត្រូវ​លើក​ព្រះហស្ត​សំពះ​តប​ទៅ​គ្រហស្ថ​វិញ​ទេ ដោយ​គ្រាន់តែ​សម្ដែង​អការៈ​គោរព​សង្រួម​ឥន្ទ្រីយ៍​សំវរ បន្ទន់​ព្រះ​កាយ​បន្តិច ជា​ការ​សមគួរ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា និង​ព្រះ​វិន័យ​បញ្ញត្តិ ជាដើម។

ព្រះតេជព្រះគុណ បូ បេត គង់នៅ​វត្ត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​សង្ឃដីកា​ថា ការ​ចេញ​សារាចរ​របស់​ក្រសួង​ធម្មការ គឺ​ត្រឹមត្រូវ​តាម​ព្រះ​វិន័យ​ក្នុង​ព្រះពុទ្ធសាសនា ដោយសារតែ​ព្រះសង្ឃ​ជា​ភេទ​បព្វជិត​សាវក​របស់​ព្រះពុទ្ធ​មិន​សម​នឹង​គង់​លើ​អាសនៈ​ទាប​ជា​គ្រហស្ថ ឬ​សំពះ​ដល់​គ្រហស្ថ​ឡើយ៖ «ការ​អង្គុយ​ទាប​ជាង ឬ​ខ្ពស់​ជាង បើ​តាម​សាសនាព្រះពុទ្ធ​មិន​​​មាន​ទោស​ដល់​ព្រះសង្ឃ​នោះ​​​​​​​​​​​​ទេ ប៉ុន្តែ​វា​អាច​មាន​បាប​ខ្លះ​ចំពោះ​គ្រហស្ថ ដោយសារ​ព្រះសង្ឃ​អ្នកមាន​សីល ជា​ឧត្ដមភេទ ហើយ​គ្រហស្ថ​ទោះ​មាន​សីល ការ​អង្គុយ​ស្មើ ឬ​ខ្ពស់​ជាង​ព្រះសង្ឃ នោះ​ជា​សេចក្ដី​ប្រមាថ​ចំពោះ​សង្ឃ»។

សម្ដេច​សង្ឃរាជ ទេព វង្ស ធ្លាប់​ត្រូវ​បាន​មហាជន​រិះគន់​នា​ពេល​កន្លង​មក​ដោយសារ​តែ​ព្រះអង្គ បាន​លើក​ព្រះហស្ត​សំពះ​គ្រហស្ថ ជាពិសេស​ព្រះអង្គ​បាន​សំពះ​មន្ត្រី​ថ្នាក់​ធំៗ ដែល​គាល់ ឬ​ថ្វាយបង្គំ​ព្រះអង្គ៕ rfa khmer

Facebook Comments