១៤ កុម្ភៈអន្ទាក់ស្នេហ៍កម្មប្រចាំឆ្នាំជើងកប

ព្រះសម្មាសម្ពុទ្ធជាម្ចាស់មុននឹងត្រាស់ដឹងសច្ចធម៌ទាំងពួងនោះ ព្រះអង្គក៏ធ្លាប់មានជីវិតរស់នៅទាក់ទងនឹង សេចក្តីស្រឡាញ់ដែរ ប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះអង្គជាប្រភេទនៃសេចក្តីស្រឡាញ់បែបបេមៈ ។

មិនមែនជាប្រភេទបែបស្នេហាអណ្តែតអណ្តូងរវើរវាយនោះទេ ឬថា ទំនៀមទម្លាប់នៅសម័យនោះមិនមាន ទិវាស្នេហា(Valentine’s Day)នោះទេ នៅព្រះជន្ម ១៦ វស្សា ព្រះអង្គបានស្រឡាញ់ព្រះនាងពិម្ពាយសោធរា ដោយសារតែទ្រង់ជាអ្នកប្រដៅងាយតាមបំណង របស់ព្រះបាទសុទ្ធោទនជាព្រះរាជបិតា ឬថា ព្រះរាជបិតា ជាអ្នកជ្រើសរើសមហេសីឲ្យមិនមែនរើសយកដោយចិត្តឯង ។

មិនតែប៉ុណ្ណោះព្រះអង្គមិនបានប្រគល់ផ្កាកុលាបដល់ព្រះនាងពិម្ពានោះទេ ប្រសិនបើព្រះនាងពិម្ពាដឹងថា Valentine’s Day ជាទិវាដែលប្រុសកម្លោះសម្តែងសេចក្តីស្រឡាញ់​ចំពោះសង្សាររបស់ខ្លួន​ដោយ​ការ​ប្រគល់​ផ្កាកុលាបក្រហមឲ្យ ព្រះនាងប្រហែលជាអាក់អន់ព្រះទ័យមិនខាន ។

ពីព្រោះសិទ្ធត្ថកុមារប្រុសកំពូលស្នេហ៍របស់ព្រះនាងមិនបានប្រគល់ផ្កា កុលាបក្រហមឲ្យនោះទេ ប៉ុន្តែជីវិត​ស្នេហា​​របស់សិទ្ធត្ថកុមារនិងព្រះនាងពិម្ពាមានសុភមង្គលជារៀងរហូតមកដរាបដល់ សិទ្ធត្ថកុមារទ្រង់​ចេញ​សាង​ផ្នួសស្វែងរកសុភមង្គលដែលប្រណីតជាងនេះ ។

លុះទ្រង់រកឃើញសុភមង្គលដែលប្រណីតជាងដែលធ្លាប់មានហើយក៏ទ្រង់វិលត្រឡប់ទៅប្រោសព្រះនាងវិញ ធ្វើឲ្យ ព្រះនាងបានជួបនឹងសុភមង្គលថ្មីមួយដែលហៅថា លោកុត្តរសុភមង្គល ទាំងប្រុសស្នេហ៍ទាំង​ព្រះនាង​បានរស់នៅ សោយសុខសុភមង្គលនេះដែលមនុស្សក្នុងលោកកម្រនឹងរកបាន ។

ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទោះបីជាព្រះអង្គដឹងថា សេចក្តីស្រឡាញ់ជាអន្ទាក់ដាក់ទាក់សត្វលោកឲ្យជាប់ក្នុងវដ្តសង្សារក៏ដោយ ប៉ុន្តែព្រះអង្គក៏នៅតែមិនរួញរាព្រះទ័យក្នុងការត្រាស់ណែនាំវេនេយ្យសត្វទាក់ទងនឹងសេចក្តីស្រឡាញ់នោះ ព្រះអង្គត្រាស់ថា

បុព្វេ វ សន្និវាសេន   បច្ចុប្បន្នហិតេន វា
ឯវន្តំ ជាយតេ បេមំ   ឧប្បលំវ យថោទកេ ។
សេចក្តីស្រឡាញ់កើតមានព្រោះហេតុ ២ យ៉ាង គឺ ដោយការធ្លាប់រួមរស់នៅជាមួយគ្នាក្នុងគ្រាមុន ១ ដោយការជ្រោមជ្រែងគ្នាក្នុងគ្រាបច្ចុប្បន្ន ១ គួរនាដូចជាលំចង់លូតរហង់ឡើងបានព្រោះអាស្រ័យភក់ និង ទឹកដូច្នោះ ។

កាលបើពិចារណាកម្រងព្រះតម្រាស់នេះឃើញថា សេចក្តីស្រឡាញ់កើតឡើងព្រោះចំណងអតីតកាល ដែលគូព្រេងទាំង ពីរធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាជាយូរអង្វែងហើយ ត្បិតថាជីវិតមនុស្សមិនមែន កើតមានតែជាតិនេះប៉ុណ្ណោះទេ មនុស្សទាំងអស់សុទ្ធតែធ្លាប់ជាប្តីប្រពន្ធ នឹងគ្នាមក ហើយរាប់ជាតិមិន អស់(អនេកជាតិ) កាមទេព(មទនោCupid)បានចងទាក់សត្វលោក ឲ្យអន្ទោលវិលវល់ក្នុងវដ្តសង្សារ ម្តងបានជាប្តីរបស់ស្រីនោះ ម្តងបានជាប្រពន្ធរបស់ប្រុសនោះ ។

កាមទេពមានឥទ្ធិពលចំពោះជីវិតសត្វលោកខ្លាំងណាស់ ឃើញថា ចំណងអតីតកាលបានចង​ប្រុសស្រីទាំងពីរ​ឲ្យបាន​ជួប​គ្នាទៀត​ក្នុងបច្ចុប្បន្នជាតិនេះ តាមធម្មជាតិប៉ែកវិជ្ជមាន បើគូព្រេងទាំងពីរបាន​កសាងគុណធម៌ ដូចជា មានសីលស្មើគ្នា មានសទ្ធាស្មើគ្នា មានចាគៈស្មើគ្នានិងមានបញ្ញាស្មើគ្នាក្នុងបច្ចុប្បន្នជាតិនេះទៀត អនាគតជាតិរបស់គូព្រេងទាំងពីរនេះអាចនឹងបានគ្នាជាប្តីប្រពន្ធទៀត បើមិនស្មើគ្នាទេ ប្រហែលជានឹង​ក្លាយទៅជាគូស្នេហ៍កម្ម ឬ គូព្រាត់ នោះឯង ម្យ៉ាងទៀត កាលដែលមានជីវិតរស់នៅក្នុងគ្រាបច្ចុប្បន្ននេះ បើប្រុសស្រីណាចេះជួយជ្រោមជ្រែងគ្នា ។​

បើជាសិស្សសាលាចេះជួយចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក បើធ្វើការងារណានីមួយ មានសន្តានចិត្តចេះ ជួយយកអាសាគ្នាទៅវិញទៅមកជាដើម ។

សេចក្តីស្រឡាញ់ដោយអាស្រ័យការជួយជ្រោមជ្រែងគ្នាបែបនេះក៏អាចកើត ឡើងបានដែរ សេចក្តីស្រឡាញ់មិនមែនកើតឡើងតែក្នុងទិវាស្នេហានោះទេ ប៉ុន្តែសេចក្តីស្រឡាញ់គប្បីកើតឡើងរាល់ ថ្ងៃ ស្នេហាដែលកើតឡើងក្នុងថ្ងៃ Valentine’s Day បើមិនលាយឡំដោយគុណធម៌ទេ ហៅថា ស្នេហាភ្លើងចំបើង ឬ ស្នេហាភ្លើងចំបែង ។

ដើម្បីឲ្យបានយល់អត្ថន័យនៃសេចក្តីស្រឡាញ់តាមគោលពុទ្ធសាស្ត្រ ស្មេរសូមលើកយកស័ព្ទដែល​ទាក់ទងនឹងសេចក្តី ស្រឡាញ់មកអធិប្បាយដូចតទៅ

រាគៈ ក៏ជាឈ្មោះនៃ​សេចក្តីស្រឡាញ់​ដែរ ប៉ុន្តែជាសេចក្តីស្រឡាញ់ស្ថិតក្នុងកម្រិតទាប គ្រោតគ្រាត អាសអាភាស ទាក់ទងនឹងសកម្មភាពផ្លូវភេទ ជាមូលហេតុនៃបញ្ហាសង្គម ដូចជា ជម្ងឺអេដស៍ ឬ សំនួនថា អេដស៍ៗទៅកុំឲ្យតែអត់ កើតចេញពីរាគៈនេះឯង ការពន្លូតកូនចោលជាដើម ។

ស្នេហា បានដល់​សេចក្តីស្រឡាញ់រវើរវាយរវាងប្រុសនិងស្រីដែល​ប្រាថ្នាចង់សេពសុខរួមរ័ក​ដោយខ្វះ​វិចារណញាណ ។

បេមៈ បានដល់ សេចក្តីស្រឡាញ់បែបមានទំនៀមទម្លាប់ ឬថា សេចក្តីស្រឡាញ់មានកំផែងបាំងខ្ទប់ គឺ សីលធម៌ ប្រុសនិងស្រីស្រឡាញ់គ្នាដោយចិត្តស្មោះស ប្រាថ្នាចង់សាងគ្រួសារជាមួយគ្នា ដោយសុខចិត្តដើរចូលរោងការជា ទីបំផុត ។

ឆន្ទៈ បានដល់ សេចក្តីស្រឡាញ់ក្នុងសកម្មភាពណាដែលជាហេតុនៃសុភមង្គល ដូចជា ស្រឡាញ់ការសិក្សារៀន សូធ្យ ស្រឡាញ់ការងារសុចរិត ស្រឡាញ់វប្បធម៌ ស្រឡាញ់ជាតិ ជាដើម ។
មេត្តិ បានដល់ សេចក្តីស្រឡាញ់ក្នុងន័យរាប់អានបានជាគ្នា ដូចជា ស្រឡាញ់ញាតិសន្តាន ស្រឡាញ់មិត្រភក្តិជាដើម ។

មេត្តា បានដល់ សេចក្តីស្រឡាញ់ដែលមិនលាយឡំដោយតម្រេកត្រេកត្រអាល ជាប្រភេទនៃ​សេចក្តីស្រឡាញ់​របស់ អ្នកមានគុណធម៌ ប្រាថ្នាចង់ឲ្យអ្នកដទៃមានសេចក្តីសុខ​ដោយចិត្តបរិសុទ្ធមិន​លាយឡំដោយ​សេចក្តីច្រណែនឫស្យា ។

ទិវាវេលិន្ថាញ (Valentine’s Day) គប្បីជាទិវានៃសេចក្តីស្រឡាញ់បែបស្ថាបនាឡើង មិនគប្បីជាទិវាបង្កើនបញ្ហា​ឲ្យដល់សង្គមនោះទេ កាលបើដល់ទិវាវេលិន្ថាញនេះ មានការប្រគល់ផ្កាកុលាបឲ្យដល់គ្នាទៅវិញទៅមក ដើម្បីជាចំណងដៃដល់ប្រិយមិត្រអ្នកអានប្លក់ទាំងអស់ ស្មេរសូមប្រគល់ផ្កាធម៌នេះ ទុកជាកាដូក្នុងបេះដូងរបស់ សមមិត្រប្រព្រឹត្តធម៌ទាំងអស់ ។

តទៅនេះ ជាអត្ថន័យនៃផ្កាកុលាបនាឱកាសទិវាវេលិន្ថាញតាមស្ទីលគុណធម៌
កុលាបក្រហម តំណាងឲ្យ រាគៈ តណ្ហា កាមទេព (erotic love, libido,cupid)
កុលាបស តំណាងឲ្យ សទ្ធា សច្ចៈ មេត្តា (faith, truth,loving-kindness)
កុលាបស៊ីជម្ពូ តំណាងឲ្យ កាម ស្នេហា (passion,romantic love)
កុលាបលឿង តំណាងឲ្យ បេមៈ មេត្តិ (affection,friendship)
សុកុឡា តំណាងឲ្យ បិយវាចា (kindly speech)

សរុបសេចក្តីមកថា ទិវាវេលិន្ថាញ ឬ ទិវាស្នេហាចាត់ជាទិវាដែលមនុស្សក្នុងសង្គម​សម្តែងសេចក្តីស្រឡាញ់​រាប់អានគ្នាក្នុងន័យជួយជ្រោមជ្រែងគ្នាក្នុងគ្រាបច្ចប្បន្នដើម្បីបានជាសេចក្តីស្រឡាញ់យ៉ាងឋិតថេរយូរអង្វែង មិនមែនជាទិវាខូចខ្លួន ទិវាបង្កើនជម្ងឺអេដស៍ ទិវាពពោះដោយគ្មានទំនួលខុសត្រូវ ឬទិវាបង្កើនបញ្ហាសង្គមឲ្យ​កាន់តែស្មុគស្មាញនោះទេ ប៉ុន្តែជាទិវាដែលសម្តែងសេចក្តីស្រឡាញ់ស្មោះស្ម័គ្រចំពោះគ្នាយ៉ាងពិតប្រាកដ ។

ទិវាស្នេហានេះកើតឡើងក្នងសង្គមឱរោប ប៉ុន្តែបានលូនចូលទៅក្នុងបេះដូងទំពាំងស្នងឫស្សីខ្មែរ​យ៉ាងទើមៗតាមប្រព័ន្ធពត៌មានវិទ្យា ធ្វើឲ្យទំពាំងស្នងឫស្សីខ្មែរចាប់ពុលប្រកាច់ប្រកិនជាបណ្តើរៗ ព្រោះយល់ថាជារបស់ទំនើបទាន់សម័យ ប៉ុន្តែតាមការពិត វាជាទឹកឃ្មុំស្រឡាបថ្នាំពឹសបំពុល​ទំពាំង​ស្នងឫស្សីខ្មែរឲ្យពុលងប់ងល់ទាល់តែភ្លេចវប្បធម៌បុព្វបុរសខ្លួនឯង បើពុលខ្លាំងមែនទែន​មានតែ​ស្លាប់ប៉ុណ្ណោះឯង ៕

អត្ថបទនេះចុះផ្សាយដោយព្រះមហាភិរម្យនៅលើវេបសាយព្រះពុទ្ធសាសនាតាំងពីថ្ងៃទី ៩ កុម្ភៈ ២០១១
ឥឡូវនេះ សូមយកមកចុះផ្សាយសាថ្មីដើម្បីអានជាគតិ ។

Facebook Comments