ជួយកែកំហុសបងប្រុសខ្ញុំដើម្បីសង្គមមើលជាគំរូ

ថ្ងៃនេះ បងប្រុសទី ៨ របស់ខ្ញុំ គឺ លោកអនុសេនីយ៍ឯក សៀង អ៊ិន ប្រចាំការនៅប៉ុស្ដិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត បានដើរលើផ្លូវជ្រុលជ្រួស ស្ទើរតែមិនអាចងាកក្រោយមកកែប្រែបាន ។

រាល់កំហុសខុសឆ្គងទាំងប៉ុន្មានក្នុងអតីតកាល នៅមិនទាន់ហួសពេលកែប្រែដើម្បីអនាគតនិងថ្ងៃស្អែកទេ ។
បងប្រុសរបស់ខ្ញុំធ្លាប់ប្រព្រឹត្តអបាយមុខអស់រយៈពេលជាង ៣០ ឆ្នាំហើយបានបំផ្លាញទ្រព្យសម្បតិ្ត និង សុភមង្គលគ្រួសារដោយឥតស្រាកស្រាន្ត ។

ខ្ញុំក្នុងឋានៈជាប្អូនប្រុសបង្កើតក៏បានដាស់តឿន និង ទុកឱកាសឲ្យកែប្រែខ្លួន ប៉ុន្តែនៅមិនព្រមលះបង់ លុះដល់យប់ថ្ងៃទី ១២ កុម្ភ: ២០១៨ បងថ្លៃស្រីរបស់ខ្ញុំបានទូរសព្ទមកប្រាប់ទាំងរៀបរាប់ដោយទឹកភ្នែក ខ្ញុំបានស្តាប់ហើយពិចារណាឃើញថា បើនៅតែបណ្ដោយឲ្យបងប្រុសរបស់ខ្ញុំប្រព្រឹត្តល្បែងនោះតទៅទៀត ចាត់ជាកំហុសរបស់ខ្ញុំ ហេតុនោះ ខ្ញុំទើបប្រើភាពដាច់ខាតប្រាប់បងប្រុសរបស់ខ្ញុំ ដើម្បីជ្រើសរើសដើរលើផ្លូវថ្មី គឺ លះបង់ល្បែងគ្រប់យ៉ាងដោយគ្មានលក្ខខណ្ឌ បើនៅតែទទួលស្គាល់ខ្ញុំថាជាប្អូន ។

 

ភាពដាច់ខាតរបស់ខ្ញុំបានធ្វើឲ្យគាត់ភ្លឺភ្នែកហើយបានសន្យាថា ចាប់ពីពេលនេះទៅ នឹងលះបង់ល្បែងស៊ីសង គ្រប់ប្រភេទ ហើយខ្ញុំបានប្រាប់គាត់ឲ្យទៅស្បថនៅឯវត្តហើយ និមន្តព្រះសង្ឃឲ្យជួយកោរសក់ជាសាក្សី លះបង់ល្បែងជារៀងរហូត ។

ជាការពិតណាស់ កំហុសខុសឆ្គងគឺជារឿងធម្មតារបស់បុថុជ្ជនទូទៅ ប៉ុន្តែកល្យាណបុថុជ្ជនកាលបើដឹងថា អំពើដែលប្រព្រឹត្តនោះជាកំហុសខុសឆ្គង ក៏តាំងចិត្តកែប្រែឡើងវិញ ផ្ទុយទៅវិញ អន្ធបុថុជ្ជនច្រើនតែធ្វើអំពើ ខុសឆ្គងទៅទាំងងងឹតងងុលដោយឥតកែប្រែ ។

ហេតុនោះ ការធ្វើខុសចាត់ជារឿងតូច ប៉ុន្តែការមិនទទួលកំហុសចាត់ជារឿងធំ ។
បើខុសហើយកែ នឹងក្លាយជាមនុស្សល្អ
បើខុសហើយដឹងថាខុស នឹងក្លាយជាមនុស្សឆ្លាត ពុំនោះសោតទេនឹងនៅតែជាមនុស្សចោលម្សៀតមិនដឹងខុសត្រូវដដែល ។
ភាពដាច់ខាតរបស់ខ្ញុំមិនត្រឹមតែដាក់ទោសបងប្រុសរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមេរៀនដល់អ្នកដែលត្រូវការកែប្រែខ្លួនផងដែរ ។

មេរៀននេះមិនមែនជាទណ្ឌកម្មសម្រាប់គាត់ទេ ប៉ុន្តែជាបទចងចាំឲ្យរាងចាល ដើម្បីកុំឲ្យភ្លេចភ្លាំងស្មារតីទៅបង្កអ្វី ៗ ជាថ្មីទៀត ។


សរុបសេចក្តីមក ភាពដាច់ខាតរបស់ខ្ញុំមើលទៅហាក់ដូចជាតឹងរ៉ឹងបន្តិច ប៉ុន្តែជាមេរៀនចាំបាច់ ដើម្បីកែប្រែជីវិតរបស់គាត់ ក្លាយជាមនុស្សល្អល្អិតល្អន់ជាងមុន រស់នៅយ៉ាងមានគោលដៅ ។
កំហុសដែលជាបំណុលអតីតកាល ត្រូវសងវិញដោយការបង្ការទប់ស្កាត់កំហុសអនាគតមិនឲ្យកើតឡើង ។

ខ្ញុំសង្ឃឹមថា បងប្រុសរបស់ខ្ញុំនឹងមិនសាងកំហុសច្រំដែល និងធ្វើទង្វើល្ងង់ខ្លៅដូចអតីតកាលមកបំផ្លាញខ្លួនឯង និង គ្រួសារទៀតទេ ប៉ុន្តែបងត្រូវចាំថា មុននឹងធ្វើអ្វីមួយ បងត្រូវសួរខ្លួនឯងថា តើខ្ញុំធ្វើទង្វើនេះដើម្បីអ្វី លុះធ្វើរួចហើយ បានអ្វីមកវិញហើយមេរៀនកន្លងមក បានបង្រៀនអ្វីខ្លះដល់ខ្ញុំ ។

ជាចុងក្រោយ សូមឲ្យបងស្ថិតក្នុងបេះដូងរបស់ប្អូនប្រុស និង គ្រួសារជារៀងរហូត ៕

សហរដ្ឋអាមេរិក ១៤ កុម្ភៈ ២០១៨
ព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ

Facebook Comments