ហេតុអ្វីបានជាធ្វើបុណ្យថ្ងៃមាឃបូជា?

ថ្ងៃមាឃបូជាចាត់ជាថ្ងៃដែលមានសារៈសំខាន់សម្រាប់ពុទ្ធសាសនិកជនខ្មែរព្រោះថ្ងៃមាឃបូជានេះ​ព្រះសម្មាសម្ពទ្ធជាម្ចាស់នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័នដែល​ជាវត្តដំបូងបង្អស់ក្នុងព្រះពុទ្ធសាសនា ក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់ ៤ យ៉ាង កើតឡើង គឺ

១ ៖ ព្រះសង្ឃ​សមណៈ​ទូត ១២៥០ អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បញ្ជូនទៅកាន់​តំបន់​ផ្សេងៗ​ដើម្បីផ្សព្វផ្សាយ គោលធម៌បានវិល​ត្រឡប់មកចូលគាល់ព្រះអង្គវិញយ៉ាងព្រមព្រៀងគ្នា (សព្វេ ខីណាសវា) ។

២ ៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួសឲ្យដោយផ្ទាល់ដែលហៅថា ឯហិភិក្ខុឧបសម្បទា (សព្វេ ឯហិភិក្ខុកា)។

៣ ៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន ត្រចៀកទិព្វ ភ្នែកទិព្វ កំណត់ដឹងចិត្តអ្នកដទៃ បាន រលឹកជាតិបាន និងអស់អាសវៈ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័នដោយ​មិនបាន​ណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា) ។

៤ ៖ ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។
ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះហៅម្យ៉ាងទៀតថា ចតុរង្គសន្និបាត គឺ កិច្ចប្រជុំប្រកបដោយអង្គ ៤ ។

ចតុរង្គសន្និបាតនេះប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័នក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជា ម្ចាស់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណកន្លងហើយបាន ៩ ខែ គឺ មុន ព.ស. ៤៥ ឆ្នាំ ។

មូលហេតុសំខាន់ដែលព្រះសង្ឃសមណៈទូតទាំងនោះមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ននោះព្រោះថ្ងៃពេញបូណ៌មីខែមាឃនោះ ត្រូវនឹងថ្ងៃសិវរាត្រីរបស់សាសនាព្រាហ្មណ៍ ក្នុងថ្ងៃសិវរាត្រីនេះ សាសនិកព្រាហ្មណ៍តែង​ប្រារព្ធ​ពិធីលាង​ជម្រះបាបបូជា ព្រះសិវៈ ព្រោះហេតុនោះ ព្រះសង្ឃទាំងនោះទើបធ្វើដំណើរ​ទៅគាល់​ព្រះបរមសាស្តា​ដែលទ្រង់ធ្វើពុទ្ធដំណើរចេញពីល្អាង សុករខាតាមកគង់ប្រថាប់នៅក្នុងវត្តវេឡុវ័ន សូមជម្រាបថា ព្រះសង្ឃ​ដែល​ធ្វើដំណើរទៅផ្សព្វផ្សាយពុទ្ធធម៌នោះមិនមែន ធ្វើដំណើរទៅព្រមគ្នាទាំង ១២៥០ អង្គនោះទេ ប៉ុន្តែធ្វើ​ដំណើរ​ទៅតែមួយអង្គឯងប៉ុណ្ណោះ មានន័យថា ធ្វើដំណើរទៅដាច់ដោយឡែកពីគ្នា ការដែលព្រះ​សង្ឃអង្គ​នីមួយៗធ្វើដំណើរទៅវត្តវេឡុវ័នដោយមិនបានណាត់ទុកជាមុន ដូចជាណាត់តាមទូរសព្ទ ឬ ឥន្ធើណិតជាដើម ទើបចាត់ជាហេតុការណ៍អស្ចារ្យ ។

តើព្រះសង្ឃទាំង ១២៥០ អង្គនោះចេញមកពីប្រភពណាខ្លះ?

ប្រភពនៃព្រះសង្ឃទាំង ១២៥០ អង្គនោះ គឺ
១. សិស្សគណរបស់ព្រះឧរុវេលកស្សបៈចំនួន ៥០០ អង្គ
២. សិស្សគណរបស់ព្រះនទីកស្សបៈចំនួន ៣០០ អង្គ
៣. សិស្សគណរបស់ព្រះគយាកស្សបៈចំនួន ២០០ អង្គ
៤. សិស្សគណរបស់ព្រះសារីបុត្រនិងព្រះមោគ្គល្លានចំនួន ២៥០ អង្គ
សរុបព្រះសង្ឃទាំងអស់ ១២៥០ អង្គដោយមិនរាប់បញ្ចូលព្រះឧរុវេលកស្សបៈ ព្រះនទីកស្សបៈ ព្រះគយាកស្សបៈ ព្រះសារីបុត្រ និង ព្រះមោគ្គល្លាននោះទេ បើរាប់បញ្ចូល ៥ អង្គនេះទៀតបានជា ១២៥៥ អង្គ ។

ព្រោះអច្ឆរិយហេតុកើតឡើងដោយមិននឹកស្មានដល់បែបនេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបទ្រង់​ឆ្លៀត​ឱកាស​នោះសម្តែង ឱវាទបាដិមោក្ខដល់ព្រះសង្ឃចំនួន ១២៥០ អង្គនោះ ដោយទ្រង់កំណត់​គោលនយោបាយ​ក្នុងការផ្សព្វផ្សាយព្រះពុទ្ធ សាសនា ៥ ចំណុច គឺ

១. ឧត្តមគតិ បានដល់ អំណត់អត់ធ្មត់ចាត់ជាការតស៊ូយ៉ាងសិ្វតស្វាញ ។ (អភ័យទានផ្នែកនយោបាយ)
២. គោលបំណង បានដល់ ព្រះនិព្វានចាត់ជាគោលបំណងខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា ។(សាធារណៈប្រយោជន៍)
៣. វិធីបដិបត្តិ បានដល់ មិនរំលោភសិទ្ធិមនុស្សនិងសត្វ ។ (សិទ្ធិមនុស្ស)
៤. គោលការណ៍មាន ៣ ចំណុច គឺ មិនធ្វើអំពីអាក្រក់ទាំងពួង (សន្តិសុខ)
ធ្វើអំពើល្អឲ្យដល់ព្រម (ប្រយោជន៍សង្គម)
ធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់(អត្តាភិវឌ្ឍន៍)
៥. វិធីសាស្ត្រ មាន ៦ ចំណុច គឺ
មិនបរិហារកេរ្តិ៍បុគ្គលណា(វចីសុចរិត=សណ្ហវាចា,សច្ចវាចា,អបិសុណវាចា,មន្តាវាចា;ឃោសនាការ)
មិនធ្វើទុក្ខបុកម្នេញបុគ្គលណា (អហិង្សា ឬ សន្តិវិធី)
គោរពក្រមសីលធម៌ (ចរិយាសាស្ត្រ)
ស្គាល់ប្រមាណក្នុងអាហារ (សេដ្ឋកិច្ច)
អង្គុយឬសិងក្នុងទីស្ងាត់ (នគរូបនីយកម្ម)
ប្រកបព្យាយាមក្នុងអធិចិត្ត (សិក្សាធិការ)

ទាំង ៥ ចំណុចខាងលើនេះចាត់ជាគោលនយោបាយរបស់ព្រះពុទ្ធសាសនា ។

ថ្ងៃមាឃបូជាចាត់ជាថ្ងៃព្រះធម៌ ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធ ថ្ងៃអាសាឡ្ហបូជាចាត់ជាថ្ងៃព្រះសង្ឃ ។
តើប្រារព្ធពិធីមាឃបូជាបានប្រយោជន៍អ្វីខ្លះ?
ប្រយោជន៍នៃថ្ងៃមាឃបូជា គឺ

១ ៖ ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ ។
២ ៖ យល់ដឹងគោលធម៌និងគោលជំហររបស់ព្រះពុទ្ធសាសនា ។
៣ ៖ បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើងក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ។
៤ ៖ បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជនក្នុងថ្ងៃមាឃបូជានេះ ។
៥ ៖ បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនាឲ្យស្ថិតស្ថេរចេរកាលយូរអង្វែង ។

ថ្ងៃមាឃបូជាចាត់ជាគ្រឿងពិសោធនិងវាស់វែងគុណភាពនៃពុទ្ធសាសនិកជនឲ្យឃើញថាបុគ្គលណាជាពុទ្ធសាសនិកជន សកម្ម ឬ អសកម្មនៅថ្ងៃនេះឯង ប្រៀបដូចជាកញ្ចក់ឆ្លុះបំភ្លឺមុខដូច្នោះ ព្រោះហេតុនោះ បើបានឋានៈ​ជាពុទ្ធសាសនិកជន ហើយ មិនត្រូវវ្ហោះវ្ហើយកន្តើយនឹងកាតព្វកិច្ចរបស់ខ្លួននោះទេ ត្រូវព្យាយាមលើក​ស្ទួយ​ឋានៈពុទ្ធសាសនិកជនរបស់ខ្លួនឲ្យ សកម្មឡើង ការធ្វើដំណើរទៅកាន់វត្ត ឬ មណ្ឌលពុទ្ធសាសនា​មិនមែន​ជាការងារធ្ងន់ធ្ងរឡើយ ផ្ទុយទៅវិញ ជាការជួយលើក ស្ទួយគុណភាពជីវិត​ផ្នែកចិត្តវិញ្ញាណ​របស់ខ្លួនឲ្យប្រសើរ​ឡើងតាមគោលការណ៍ចំណុចទី ២ ថា ធ្វើអំពើល្អឲ្យដល់ព្រម ពោលគឺ បណ្តុះចិត្តឲ្យស្ថិត​ក្នុងបុណ្យកុលស​នោះឯង ៕

Facebook Comments