ក្រោយពីសាត់អណ្តែតសែតអញ្ជង់មកជាច្រើនឆ្នាំ ឡៅពីបានសាងកិត្តិនាមដ៏ល្បីល្បាញក្នុងរឿងសាមកុកដោយបានលំឱនកាយចូលទៅរក ខុងបេង ជាមហាប្រាជ្ញដែលមាននាមថា នាគកំបាំងកាយ នៃភ្នំងោឡាំងកាំងដើម្បីអញ្ជើញមកជាទីប្រឹក្សាដល់ទៅ ៣ ដង នៅគ.ស.២០៨ ហេតុការណ៍នោះបានធ្វើឲ្យឡៅពីមានលំនឹងរឹងមាំឡើងយ៉ាងទាន់ហន់និងជាទីខ្លាចក្រែងនៃគេឯងទូទាំងដែនទីជាលើកដំបូង ។
ចំណេរកាលតមក ចូឆូដែលមានងារជាមហាឧបរាជបានលើកទ័ពទៅវាយលុកនៅភូមិភាគខាងត្បូង ដោយប្រើព្រះរាជឱង្ការរបស់ព្រះបាទហៀនតេនៅគ.ស.២០៨ ទ័ពរបស់ចូឆូបានរុលទៅមុខយ៉ាងលឿន ហើយបានរឹបយកក្រុងកែងជីវពីឡៅចងជាកូនប្រុសរបស់ឡៅពាវដែលជាអតីតៈចៅហ្វាយក្រុង ។
ចម្បាំងនៅច្រាំងថ្មក្រហម
ចូឆូនៅតែរុលចុះទៅភាគខាងត្បូងដើម្បីតាមវាយប្រហារឡៅពី គូខ្នក់គូខ្នាញ់ លើសពីនោះ នៅត្រូវការរឹបយកកាំងតាំងជាដែនទីរបស់ស៊ុនកួន ប្រាថ្នាគ្រប់គ្រងដែនដីភាគខាងកើតនៃទន្លេយែងស៊ីកៀងទាំងមូល ដើម្បីរួបរួមប្រទេសជាឯកភាពនិងបានជារដ្ឋាធិបតីតែម្នាក់ឯងនៅគ.ស.២០៨ ។
មហិច្ឆតារបស់ចូឆូបានរលំរលាយដោយសារទ័ពសម្ពន្ធមិត្ររវាងស៊ុន កួននិងឡៅពី ដឹកនាំដោយ ជីវយី និង ខុងបេង ប្រើភ្លើងដុតទ័ពនាវារបស់ចូឆូ ទ័ពរបស់ចូឆូត្រូវរត់ក្រចាត់ក្រចាយទៅភាគខាងជើងវិញយ៉ាងជ្រហិតជ្រហម ចម្បាំងលើកនេះហៅថា ចម្បាំងសេកផេក ឬ ចម្បាំងច្រាំងថ្មក្រហម (Battle of the Red Cliff)ដ៏ល្បីរន្ទឺ ។