ប្រែលោតប្រយោគ បរាភវសូត្រ ៦

១០១. ឥតិ ហេតំ វិជានាម   បញ្ចមោ សោ បរាភវោ

       ឆដ្ឋមំ ភគវា ព្រូហិ             កឹ បរាភវតោ មុខំ ។

[ទេវតា រីទេវតាទ. បុច្ឆឹសុ ទូលសួរហើយ ភគវន្តំ នូវព្រះដ៏មានព្រះភាគជាម្ចាស់] ថា

១០១. ហិ ក៏ (មយំ) រីខ្ញុំព្រះអង្គទ. វិជានាម រមែងជ្រាបច្បាស់ តំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសនុះ ឥតិ តាមដែលព្រះអង្គត្រាស់មកយ៉ាងនេះ (តេសុ បរាភវមុខេសុ) ក្នុងចំណោមហេតុនៃសេចក្តីវិនាសនោះ (អម្ហេហិ បុច្ឆិតេសុ) ដែលខ្ញុំព្រះអង្គទ.ទូលសួរហើយ សោ បរាភវោ រីហេតុនៃសេចក្តីនោះ (ហោតិ) រមែងជា បញ្ចមោ ជាហេតុទី ៥ (តាវ) សិន ។

ភគវា បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ (ត្វំ) រីព្រះអង្គ ព្រូហិ សូមត្រាស់ប្រាប់ ឆដ្ឋមំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសទី ៦ ថា កឹ រីអ្វី (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលដែលវិនាស (ឥតិ) ដូច្នេះ (ឥតិ) ដូច្នេះ ។

១០២.     បហូតវិត្តោ បុរិសោ,    សហិរញ្ញោ សភោជនោ;

ឯកោ ភុញ្ជតិ សាទូនិ, តំ បរាភវតោ មុខំ ។

[ភគវា រីព្រះដ៏មានព្រះភាគជាម្ចាស់ វិស្សជ្ជេសិ ទ្រង់ដោះស្រាយហើយ] ថា

(យោ) បុរិសោ រីបុគ្គលណា បហូតវិត្តោ អ្នកមានទ្រព្យច្រើន សហិរញ្ញោ អ្នកប្រព្រឹត្តទៅមួយអន្លើដោយប្រាក់ សភោជនោ អ្នកប្រព្រឹត្តទៅមួយអន្លើដោយភោជន កោ ម្នាក់ឯង ភុញ្ជតិ តែងបរិភោគ (ភោជនានិ) នូវភោជនទ. សាទូនិ ដ៏ឆ្ងាញ់ តំ (ភោជនមច្ឆរិយំ) រីសេចក្តីកំណាញ់ក្នុងភោជននោះ (តស្ស បុរិសស្ស) របស់បុគ្គលនោះ (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលដែលវិនាស ឥតិ ដូច្នេះ ។

អធិប្បាយសព្ទ

បហូតវិត្តោ អ្នកមានទ្រព្យច្រើន

វិ.បហូតំ វិត្តំ យស្ស សោ បហូតវិត្តោ (បុរិសោ)

សហ ហិរញ្ញេហិ យោ វត្តតីតិ សហិរញ្ញោ (បុរិសោ)

យោ បុរិសោ រីបុគ្គលណា វត្តតិ​ តែងប្រព្រឹត្តទៅ សហ មួយអន្លើ ហិរញ្ញេហិ ដោយប្រាក់ទ. ឥតិ ព្រោះហេតុនោះ សោ បុរិសោ រីបុគ្គលនោះ សហិរញ្ញោ អ្នកប្រព្រឹត្តទៅមួយអន្លើយដោយប្រាក់ ។

សហ ភោជនេហិ យោ វត្តតីតិ សភោជនោ (បុរិសោ) អ្នកប្រព្រឹត្តទៅមួយអន្លើដោយភោជន ។

ប្រែដោយអត្ថ

១០១.ក៏ពួកខ្ញុំព្រះអង្គជ្រាបច្បាស់ហេតុនៃសេចក្តីវិនាសនុះតាមដែលព្រះអង្គត្រាស់​ប្រាប់មកយ៉ាងនេះ បណ្តាហេតុនៃសេចក្តីវិនាសដែលពួកខ្ញុំព្រះអង្គទូលសួរនោះ ហេតុនៃសេចក្តីវិនាសនោះចាត់ជាហេតុទី ៥ សិន ។

បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ សូមព្រះអង្គត្រាស់ប្រាប់ហេតុនៃសេចក្តីវិនាសទី ៦ ថា អ្វីជាហេតុនៃបុគ្គលវិនាស ។

ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់បានដោះស្រាយថា

១០២.បុគ្គលមានទ្រព្យច្រើន មានប្រាក់ មានភោជន តែងបរិភោគភោជនឆ្ងាញ់ម្នាក់ឯង សេចក្តីកំណាញ់ក្នុងភោជននោះរមែងជាហេតុនៃបុគ្គលដែលវិនាស ។

Facebook Comments