ប្រែលោតប្រយោគ បរាភវសូត្រ ៣

៩៥. ឥតិ ហេតំ វិជានាម     ទុតិយោ សោ បរាភវោ

       តតិយំ ភគវា ព្រូហិ     កឹ បរាភវតោ មុខំ ។

[ទេវតា រីទេវតាទ. បុច្ឆឹសុ ទូលសួរហើយ ភគវន្តំ នូវព្រះដ៏មានព្រះភាគជាម្ចាស់] ថា

៩៥. ហិ ក៏ (មយំ) រីខ្ញុំព្រះអង្គទ. វិជានាម រមែងជ្រាបច្បាស់ តំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសនុះ ឥតិ តាមដែលព្រះអង្គត្រាស់មកយ៉ាងនេះ (តេសុ បរាភវមុខេសុ) ក្នុងចំណោមហេតុនៃសេចក្តីវិនាសនោះ (អម្ហេហិ បុច្ឆិតេសុ) ដែលខ្ញុំព្រះអង្គទ.ទូលសួរហើយ សោ បរាភវោ រីហេតុនៃសេចក្តីនោះ (ហោតិ) រមែងជា ទុតិយោ ជាហេតុទី ២ (តាវ) សិន ។

ភគវា បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ (ត្វំ) រីព្រះអង្គ ព្រូហិ សូមត្រាស់ប្រាប់ តតិយំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសទី ៣ ថា កឹ រីអ្វី (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលវិនាស (ឥតិ) ដូច្នេះ (ឥតិ) ដូច្នេះ ។

៩៦. និទ្ទាសីលី សភាសីលី         អនុដ្ឋាតា ច យោ នរោ

       អលសោ កោធបញ្ញាណោ    តំ បរាភវតោ មុខំ ។

[ភគវា រីព្រះដ៏មានព្រះភាគជាម្ចាស់ វិស្សជ្ជេសិ ទ្រង់ដោះស្រាយហើយ] ថា

យោ នរោ រីនរជនណា (ហោតិ) រមែងជា និទ្ទាសីលី ច ជាអ្នកមានកិរិយាដេកលក់ជាប្រក្រតីផង សភាសីលី ច ជាអ្នកមានកិរិយាជជែកគ្នាជាប្រក្រតីផង អនុដ្ឋាតា ច ជាអ្នកមិនខ្មីឃ្លាតផង អលសោ ច ជាអ្នកខ្ជិលច្រអូសផង កោធបញ្ញាណោ ច ជាអ្នកមានកំហឹងជាគ្រឿងប្រាកដផង តំ និទ្ទាសីលតាទិ ទោសជាតំ រីទោសជាតមានភាវៈនៃបុគ្គលអ្នកមានកិរិយាដេកលក់ជាប្រក្រតីជាដើមនោះ (តស្ស នរស្ស) របស់នរជននោះ (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ បុរិសស្ស នៃបុគ្គលវិនាស ឥតិ ដូច្នេះ ឥតិ ដូច្នេះ ។

អធិប្បាយសព្ទ

និទ្ទាសីលី វិ. និទ្ទា សីលំ អស្ស អត្ថីតិ និទ្ទាសីលី កិរិយាដេកលក់ ជាប្រក្រតី របស់នរជនោះ មាន ព្រោះហេតុនោះ នរជននោះ ទើបឈ្មោះថា អ្នកមានកិរិយាដេកលក់ជាប្រក្រតី ។ ឦ-បច្ច័យ ក្នុងតទស្សត្ថិតទ្ធិត ។

សភាសីលី វិ. សភា សីលា​ អស្ស អត្ថីតិ សភាសីលី កិរិយាជជែកគ្នា ជាប្រក្រតី របស់នរជននោះ មាន ព្រោះហេតុនោះ នរជននោះ ទើបឈ្មោះថា អ្នកមានកិរិយាជជែកគ្នាជាប្រក្រតី ។ ឦ-បច្ច័យ ក្នុងតទស្សត្ថិតទ្ធិត ។

អនុដ្ឋាតា (ន + ឧ + ឋា + តុ) អ្នកមិនក្រោកឡើង, អ្នកមិនខ្មីឃ្មាត អ្នកមិនឧស្សាហ៍ អ្នកមិនក្រវើនក្រតើន ។

អលស គុ.​ ខ្ជិល ខ្ជិលច្រអូស វេវ. កុសីត ហីនវីរិយ

បញ្ញាណំ វិ. បញ្ញាយតិ តេនាតិ បញ្ញាណំ នរជនតែងប្រាកដដោយហេតុនេះ ព្រោះហេតុនោះ ហេតុនេះ ទើបឈ្មោះថា ជាហេតុប្រាកដ ។ ឯតេន ការណេន ។

កោធោ បញ្ញាណមស្សាតិ កោធបញ្ញាណោ កំហឹង ជាគ្រឿងប្រាកដ របស់នរជននោះ ព្រោះហេតុនោះ នរជននោះ ទើបឈ្មោះថា អ្នកមានកំហឹងជាគ្រឿងប្រាកដ ។

មុខំ = ការណំ ហេតុ

ប្រែដោយអត្ថ (វោហារត្ថន័យ)

[ពួកទេព្តាបានទូលសួរព្រះដ៏មានព្រះភាគជាម្ចាស់] ថា

៩៥.ពួកខ្ញុំព្រះអង្គជ្រាបច្បាស់ហេតុនៃសេចក្តីវិនាសនុះតាមដែលព្រះអង្គត្រាស់​ប្រាប់មកយ៉ាងនេះ បណ្តាហេតុនៃសេចក្តីវិនាសដែលពួកខ្ញុំព្រះអង្គទូលសួរនោះ ហេតុនៃសេចក្តីវិនាសនោះចាត់ជាហេតុទី ២ សិន ។

បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ សូមព្រះអង្គត្រាស់ប្រាប់ហេតុនៃសេចក្តីវិនាសទី ៣ ថា អ្វីជាហេតុនៃបុគ្គលវិនាស ។

ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់បានដោះស្រាយថា

៩៦.នរជនដែលប៉ិនដេកលក់ ប៉ិនជជែកគ្នា មិនក្រវើនក្រតើន ខ្ជិលច្រអូស និង ប៉ិនខឹង ទោសជាតមានភាពជាអ្នកប៉ិនដេកលក់ជាដើមនោះរមែងជាហេតុនៃបុគ្គលវិនាស ។

 

loading…
Facebook Comments