សម្តេចព្រះនារាយណ៍រាជាបដិសេធមិនបញ្ជូនគ្រឿងបណ្ណាការថ្វាយព្រះចៅក្រុងធនបុរី

siam_khmer_king_02

លុះដល់ឆ្នាំថោះ ត្រីស័ក ច.ស. ១១៣៣ ម.ស.១៦៩៣ ព.ស.២៣១៥ គ.ស. ១៧៧១ អ្នកសោទត្តជាចៅហ្វាយក្រុងពាម មានគុណចំពោះសម្តេចព្រះនារាយណ៍រាជា ប៉ុន្តែនៅឈ្មោះអ្នកអង្គតន់មកពីមុន អ្នកអង្គតន់ព្រមធ្វើជាបុត្រចិញ្ចឹម លុះអ្នកអង្គតន់មានជ័យជម្នះលើព្រះរាមរាជាហើយ បានជារាជាធិបតីតែមួយព្រះអង្គឯង អ្នកសោទត្តក៏បះបោរ កេណ្ឌរេហ៍ពលក្នុងក្រុងបន្ទាយមាស និង ក្រុងក្រាំង(ទ្រាំង)ជាកងទ័ព លើកទៅវាយប្រហារក្រុងត្រាស់(ត្រាត) ក្រុងចន្ទបុរី កៀរគរយកគ្រួសារទៅជាច្រើន ។

ព្រះចៅក្រុងធនបុរីទ្រង់ពិរោធ ទើបត្រាស់បញ្ជាឲ្យចាត់កងទ័ពជើងគោក ដែលព្រះបាទសម្តេចព្រះពុទ្ធៈយ៉តហ្វាចុឡាលោកមហារាជកាលនោះទ្រង់ព្រះយសជាចៅពញាចក្រី បានជាមេទ័ពលើកទៅខាងក្រុងប្រាចីនបុរី នាំអ្នកអង្គនន់ ព្រះរាមរាជាទៅជាមួយក្នុងជួរកងទ័ព ចំណែកខាងកងទ័ពជើងទឹកវិញ ព្រះចៅក្រុងធនបុរីទ្រង់ជាមេទ័ពស្ដេចយាងទៅដោយព្រះអង្គឯង កងទ័ពហ្លួងវាយប្រហារបានក្រុងបន្ទាយមាស ហើយលើកទៅតាមព្រែកតូចរហូតដល់កោះភ្នំពេញ ចំណែកខាងកងទ័ពរបស់ចៅពញាចក្រីវាយប្រហារបានក្រុងបាត់ដំបង ក្រុងពោធិ៍សាត់ និងក្រុងបរិបូរណ៍ ហើយលើកហួសទៅវាយប្រហារបានក្រុងបន្ទាយពេជ្រ ។

សម្តេចព្រះនារាយណ៍រាជាទ្រង់ប្រយុទ្ធទប់ទល់មិនបានក៏នាំគ្រួសារភៀសព្រះកាយទៅក្រុងយួន  ។ ចៅពញាចក្រីបានលើកកងទ័ពទៅវាយប្រហារបានក្រុងបាភ្នំមួយក្រុងទៀត ហើយក៏លើកមកជួបប្រជុំគ្នាជាមួយនឹងកងទ័ពហ្លួងឯកោះភ្នំពេញ ។

Facebook Comments