៣១.ពេទ្យក្រអឺតក្រអោង

ម្នាលលោកដ៏មានអាយុ ! នៅខណៈដែលដើរផ្លូវជិតដល់ក្រុងរាជគ្រឹះនោះ ខ្ញុំព្រះករុណាបានសង្កេតឃើញ ភូមិប្រទេសជាវាលស្រែច្រើនជាងព្រៃឈើ ផ្ទៃដីប្រកបដោយជីវជាតិពីព្រោះដើមស្រូវក្នុងស្រែដែលកសិករ ច្រូតកាត់មិនទាន់ហើយនៅឡើយមើលទៅល្អណាស់គុម្ពធំៗ និង គ្រាប់ថ្លោសត្រសោល
ក្នុងមួយថ្ងៃៗ ខ្ញុំព្រះករុណាធ្វើដំណើរដើរឆ្លងកាត់ភូមិស្រុកបានជាច្រើន សង្កេតឃើញអ្នកស្រុករស់នៅកុះករ តាមវាលស្រែ ​កសិករកំពុងច្រូតស្រូវជាពួកជាក្រុម ក្រុមខ្លះសន្ទនាគ្នាបណ្តើរជន្លជន្លេញលេងសើចជាមួយគ្នាបណ្តើរយ៉ាងរីករាយខ្ញៀវខ្ញារ ក្រុមខ្លះក៏ច្រៀងចម្រៀងឆ្លើយឆ្គងគ្នារវាងប្រុសនិងស្រី មើលទៅពួកគេហាក់នឹងថា សប្បាយរីករាយណាស់ គិតៗទៅគួរឲ្យចម្លែកដែរដែលពួកគេធ្វើការទាំងកណ្តាលថ្ងៃចែស មានសេទោញើសហូរជោកខ្លួន នៅតែញញឹមញញែមស្រស់ស្រាយរីករាយបាន ផ្ទុយគ្នាស្រឡះទៅនឹងមហាសេដ្ឋីដែលរស់នៅ លើប្រាសាទ ៧ ជាន់ក្នុងមហានគរ បែរជានៅក្រៀមក្រំក្រវល់ក្រវាយចិត្តឥតស្រាកស្រាន្តទៅវិញ នាំឲ្យកើត គំនិតគិតសង្ស័យថា អ្នកណាហ្នជាអ្នកមានសេចក្តីសុខពិត? គិតទៅគិតមកក៏ល្មមនឹងមើលឃើញចម្លើយថា សេចក្តីសុខស្ថិតនៅនឹងសេចក្តីពេញចិត្ត អ្នកស្រែដែលធ្វើស្រែបែកញើសហូរញើស បើពេញចិត្តនឹងភាវៈជា អ្នកស្រែ គេក៏មានសេចក្តីសុខ មហាសេដ្ឋីទោះមានប្រាក់ ៧០ កោដិ(៧០០លាន)រស់នៅក្នុងប្រាសាទវិឡាក៏ដោយ បើមិនពេញចិត្តនឹងភាវៈបែបនោះទេ ច្បាស់ជានៅត្រដរត្រដាស់ខ្នះខ្នែងស្វែងរកភាវៈដទៃទៀតមិន ខាន កាលបើដូច្នេះមុខជានឹងគ្មានសេចក្តីសុខសម្រាន្តក្សាន្តចិត្តឡើយ ម្លោះហើយយើងមិនអាចយកទ្រព្យ សម្បត្តិខាងក្រៅមកវាស់សេចក្តីសុខរបស់មនុស្សបានទេ
លុះដើរផ្លូវតទៅមុខទៀតមិនយូរប៉ុន្មាន ខ្ញុំព្រះករុណាក៏មើលឃើញជួរភ្នំមានពណ៌ខៀវស្រងាត់ឈរនៅ ច្រងាងចំខាងមុខឯទិសខាងកើត នុះឯងគឺជានិមិត្តរូបនៃក្រុងរាជគ្រឹះជារាជធានីនៃមគធរដ្ឋរបស់ ព្រះភូវនាថពិម្ពិសារ ក្រុងរាជគ្រឹះនៅមាននាមាភិធេយ្យម្យ៉ាងទៀតថា បញ្ចគិរីនគរ ព្រោះមានភ្នំ ៥ ខ្សែ គឺ វេភារៈ វេបុល្លៈ គិជ្ឈកូដ ឥសិគិលិ និង សោណៈ តាំងនៅរៀងរាយគ្នាជុំវិញក្រុង ជាកំពែងធម្មជាតិដ៏រឹង មាំដែលពួកបច្ចាមិត្រមិនហ៊ានរុករានទន្រ្ទានចូលវាយប្រហារ ខ្ញុំព្រះករុណាអង្គុយចុះនៅក្រោមម្លប់ដើម ព្រីងធំ ហើយសម្លឹងមើលកាត់ទៅក្សេត្រភូមិ(វាលស្រែ)ដ៏ល្វឹងល្វើយដែលកំពុងតែបង្អោនកួរលៀងទុំដូច មាសឆ្អិន មៀងមើលទៅមហាប្រាការនៃក្រុងរាជគ្រឹះដោយរន្តិភាព ព្រោះដឹងថាខ្លួនបានដើរផ្លូវជិតដល់ គោលដៅ ១ ដំណាក់ហើយ ។
នៅខណៈដែលកំពុងតែអង្គុយរំភើយអារម្មណ៍នោះឯង មានវុទ្ធជនម្នាក់ដើរស្ពាយយាមឆ្លងកាត់មក នៅ ពេលដែលឆ្មៀងភ្នែកក្រឡេកមើលមកឃើញខ្ញុំព្រះករុណាអង្គុយនៅក្រោមម្លប់ឈើក្បែរផ្លូវ គាត់ក៏ឈាង ចូលមកអង្គុយសម្រាកដែរ លុះដាក់យាមចុះនៅលើផ្ទៃដីហើយ គាត់ក៏ចាប់ផ្តើមណែនាំខ្លួនឯងថាជាគ្រូ ពេទ្យ ដើរព្យាបាលអ្នកជម្ងឺតាមស្រុកភូមិនានា ហើយក៏រៀបរាប់បូរបាច់ដល់សមត្ថភាពរបស់ខ្លួនក្នុងការ ព្យាបាលអ្នកជម្ងឺឲ្យខ្ញុំព្រះករុណាស្តាប់យ៉ាងហូរហែ នៅខណៈដែលអង្គុយលើចង្អេរលើកខ្លួនឯងយ៉ាងខ្ពស់ លើសគេនោះ គាត់ក៏រិះគន់និងតិះដៀលពេទ្យដទៃទៀតយ៉ាងចាស់ដៃផងដែរ គាត់និយាយហាក់នឹងថា ក្នុងលោកនេះ គាត់ជាអ្នកពូកែជាងអ្នកណាៗទាំងអស់ ឈ្លាសវៃប្រាជ្ញប្រាយក្នុងគ្រប់សាខាវិជ្ជា គ្មានអ្វី ដែលគាត់មិនចេះនោះទេ កាលបើសង្កេតមើលការនិយាយអួតក្អេងក្អាងរបស់គាត់ទៅ ខ្ញុំព្រះករុណាក៏ដឹង បានភ្លាមថាវុទ្ធជននោះកំពុងតែត្រូវទិដ្ឋិមានះគ្របសង្កត់ កំពុងតែឆ្កួតចំណេះរហូតដល់យល់ខុសថាខ្លួនជា អ្នកវិសេសតែម្នាក់ឯងក្នុងលោក ខ្ញុំព្រះករុណាគិតថាប្រសិនបើមិនបង្រាបមនុស្សនេះឲ្យអស់ព្យសន៍ពុត ត្បុតទេ តួនាទីប្រៀនប្រដៅមនុស្សរបស់ខ្ញុំព្រះករុណាមុខជាខ្វះចន្លោះមានខ្ចោះដោយពិត
ខ្ញុំព្រះករុណាទើបរៀបចំនយោបាយស្រាយទិដ្ឋិមានះរបស់គាត់ ដោយចាប់ផ្តើមសន្ទនាគ្នាថា
“ម្នាលឧបាសក ! អាត្មាកើតមកក្នុងលោកនេះក៏ច្រើនឆ្នាំហើយ ទាំងបានត្រាច់ចរមកស្ទើរតែផុតដែនដីក្នុង មជ្ឈិមប្រទេស ប៉ុន្តែនៅមិនដែលពើបពះប្រទះឃើញពេទ្យណាម្នាក់មានចំណេះចេះដឹងដូចយ៉ាងញោមទេ ញោមជាគ្រូពេទ្យដែលមានសមត្ថភាពបំផុតតាមដែលអាត្មាធ្លាប់បានប្រទះឃើញមក”
គាត់ញញឹមយ៉ាងពេញចិត្តពេញថ្លើមហើយនិយាយយ៉ាងមោទនភាពថា
“ត្រឹមត្រូវហើយ លោកសមណៈ ! បើនិយាយតាមការពិតទៅ គ្មានឱសថមុខណាដែលខ្ញុំកណាមិនចេះ នោះទេ គ្មានរោគប្រភេទណាដែលខ្ញុំកណាព្យាបាលមិនបាននោះទេ នេះបើនិយាយទៅតាមត្រង់ មិនមែន និយាយអួតខ្លួនងទេ”
“អាត្មាជឿញោម” ខ្ញុំព្រះករុណាក្លែងស៊ែមគាត់ថែមទៀត “ចាត់ទុកថាជាភ័ព្វសំណាងរបស់អាត្មាមែនទែន ដែលបានមកជួបញោម ពីព្រោះអាត្មាមានញាតិម្នាក់ក្នុងក្រុងរាជគ្រឹះនេះកំពុងតែកើតជម្ងឺតត្រាំតត្រែង ម្យ៉ាង អាត្មាចង់នាំញោមទៅពិនិត្យមើលរោគសញ្ញារបស់គាត់ហើយផ្សំថ្នាំព្យាបាលឲ្យផង បើញោមរក្សា ឲ្យជាសះស្បើយបាន អាត្មានឹងជូនរង្វាន់យ៉ាងលើសលន់បំផុត”
“ទុកចិត្តខ្ញុំកណាចុះ លោកសមណៈ !”គាត់និយាយទាំងសើចកក្អឹកដោយជឿជាក់លើខ្លួនឯង “ខ្ញុំកណា ត្រេកអរនឹងរក្សាព្យបាលអ្នកជម្ងឺដោយឥតគិតថ្លៃសោះក៏បាន សូមតែប្រាប់អាការៈរោគរបស់គាត់មកចុះ ខ្ញុំកណានឹងស្រាវរកសមុដ្ឋានរោគហើយផ្សំថ្នាំប្រគេនឥឡូវនេះឯង”
លុះបញ្ឆោតឲ្យពេទ្យស្មឿកធ្លាក់ចូលរណ្តៅងងឹតហើយ ខ្ញុំព្រះករុណាក៏ព្រលះព្រលាំងស្នៀតផ្តាច់ព្រលឹងភ្លាម ថា “អាការៈរោគរបស់គាត់យ៉ាងនេះ គឺ ពីមុនមក គាត់ស្វាហាប់ហំហែងណាស់ ប៉ុន្តែក្រោយមក គាត់ក៏ក្លាយ ទៅជាមនុស្សទន់ខ្សោយព្រវីព្រវារយ៉ាងគួរឲ្យអាណិត ស្បែកសាច់ដែលធ្លាប់តឹងណែនហាប់ក៏ប្រែទៅជាជ្រីវ ជ្រួញយុរយារពេញទាំងសារពាង្គកាយ សក់ដែលធ្លាប់តែខ្មៅរលើបរលង់ក៏ប្រែទៅជាមានពណ៌សសំពោង ដូចសំឡី កែវភ្នែកដែលធ្លាប់តែភ្លឺច្បាស់ស្រឡះស្រឡំក៏ប្រែទៅជាស្រវាំងស្រពិលមើលអ្វីៗមិនសូវឃើញ ត្រចៀកដែលធ្លាប់តែស្តាប់សម្លេងឮច្បាស់ក៏បែរទៅជាថ្លង់ហ៊ឹងសឹងស្តាប់អ្វីមិនបាន ធ្មេញដែលធ្លាប់តែសក្បុស ពេញអញ្ចាញក៏បែរទៅជាបាក់ជ្រុះរលុះអស់ម្តងមួយគ្រាប់ពីរគ្រាប់ទាល់តែអស់រលីង ខ្នងដែលធ្លាប់តែតាំង ត្រង់សង្ហាសង្ហាញក៏បែរទៅជាកោងទោរបោរទៅមុខ ពេលដើរត្រូវប្រើឈើច្រត់ សតិស្មារតីដែលធ្លាប់តែល្អ ល្អះក៏បែរទៅជារងាប់រងើវង្វេងវង្វាន់ មនុស្សមនានាំគ្នាហៅគាត់ថា កើតជម្ងឺជរា ឥឡូវនេះ គាត់មានអាការៈ រោគដាបខ្លាំងណាស់ទៅហើយ សូមញោមមេត្តាជួយរក្សាព្យាបាលគាត់ឲ្យជាសះស្បើយដូចដើមវិញផង”
គ្រាន់តែស្តាប់ខ្ញុំព្រះករុណានិយាយចប់ ពេទ្យស្មឿកក៏ផ្ទុះសំណើចសើចកាច់កកាច់ស្រង្គលាន់ឮពេញ ទាំងវាលស្រែហើយនិយាយថា “រោគនេះគ្មានអ្នកណាគេព្យាបាលទេ លោកសមណៈ ! ព្រោះវាជារោគធម្មតារបស់សង្ខារ”
“មិនព្យាបាលរោគនេះ ទៅព្យាបាលរោគឯណាទៅវិញ?”ខ្ញុំព្រះករុណាឈ្លេចសួរ
“ព្យាបាលរោគផ្សេងៗទៀតដូចជា រោគឈឺក្បាល ឈឺពោះ ឈឺធ្មេញ ជាដើម”
“រោគប្រភេទអស់ហ្នឹងជារោគរប៉ិចរប៉ីរាយរង អ្នកណាៗក៏អាចព្យបាលបានដែរ ប៉ុន្តែរោគជរានេះជារោគរ៉ាំរ៉ៃ បំផុតដែលមនុស្សជាតិទូទាំងពិភពលោកកើតគ្រប់តែគ្នា ពេទ្យដទៃទៀតមិនអាចរក្សាព្យាបាលបានទេ ព្រោះគេមិនពូកែដូចយ៉ាងញោម ញោមពូកែជាងពេទ្យណាៗទាំងអស់ គួរតែរក្សាព្យបាលបាន បើញោមអាចរក្សាព្យាបាលរោគនេះឲ្យជាស្រឡះបាន ញោមនឹងក្លាយជាពេទ្យស្តុកស្តម្ភបំផុតក្នុងលោក យ៉ាងម៉េចដែរ តើញោមនឹងរក្សាទេ?”
“ខ្ញុំកណារក្សាមិនបានទេ”ពេទ្យស្មឿកនិយាយដោយសម្លេងខ្សោយចុះ
“បើញោមព្យបាលរោគនេះមិនបានទេ ញោមក៏មិនពូកែវិសេសវិសាលជាងពេទ្យដទៃដែរ ការដែលញោម និយាយអួតថាពូកែជាងពេទ្យណាៗទាំងអស់ ជាការព្រោកប្រាជ្ញបំផ្លើសការពិត ព្រោះតែអំណាចនៃទិដ្ឋិ មានះប៉ុណ្ណោះឯង”
ពេទ្យស្មឿកអង្គុយឈ្ងោកមុខស្រតឹកដោយមង្កុភាព ​មិនតតបខ្ញុំព្រះករុណាថាដូចម្តេចទេ យកដៃទាំង សងខាងត្រដុសគ្នាទៅមក
“ម្នាលឧបាសក ! “ខ្ញុំព្រះករុណាឆ្លៀតឱកាសនោះទូន្មានគាត់ដូចតទៅ
“ជម្ងឺរ៉ាំរ៉ៃដែលកាត់បន្ថយសេចក្តីសុខរបស់មនុស្សមាន ៣ យ៉ាង គឺ រោគជរា រោគព្យាធិ រោគមរណៈ រោគជរានិងរោគមរណៈញោមមិនអាចរក្សាព្យាបាលឲ្យជាស្រឡះបានទេ ទាំងពេទ្យធម្មតាដទៃទៀតក៏មិនអាចរក្សាព្យាបាលបានដែរ រក្សាព្យាបាលបានតែរោគព្យាធិខ្លះប៉ុណ្ណោះ រោគខ្លះក៏ញោមមិនអាចព្យាបាល បានដែរ ជាការសមគួរហើយឬដែលញោមយល់ថាជាពេទ្យវិសេសវិសាលក្នុងលោក”
“ម្នាលនាយពេទ្យ ! មានសិល្បវិទ្យាច្រើនសន្ធឹកសន្ធាប់ណាស់ដែលមនុស្សរកឃើញហើយនាំគ្នាសិក្សារៀន សូធ្យ គ្រាន់តែក្នុងជម្ពូទ្វីបនេះមានដល់ទៅ ១៨ សាខាវិជ្ជាឯណោះ វេជ្ជសាស្ត្ររបស់ញោមត្រឹមតែ ១ ក្នុងចំណោម ១៨ សាខាវិជ្ជាប៉ុណ្ណោះ សូម្បីតែវេជ្ជសាស្ត្រ ១ មុខវិជ្ជាក៏មានវិសាលគមទូលំទូលាយហួសវិស័យ នឹងញោមសិក្សាឲ្យចេះចប់សព្វគ្រប់ទៅហើយ នឹងបាច់ពោលដល់ថ្វីដល់សិប្បសាស្ត្រដទៃទៀត គ្មានអ្នកណា អាចរៀនចេះចប់សព្វគ្រប់ក្នុងសិល្បសាស្ត្រទាំងពួងបានទេ ព្រោះត្រូវប្រើពេលវេលារាប់ពាន់ឆ្នាំ ប៉ុន្តែអាយុ របស់មនុស្សមានអាយុកាលមធ្យមយ៉ាងយូរត្រឹមតែ ១០០ ឆ្នាំប៉ុណ្ណោះ ហេតុនោះទើបគ្មានពេលវេលាគ្រប់ គ្រាន់នឹងសិក្សាឲ្យចេះចប់សព្វគ្រប់ក្នុងសិល្បសាស្ត្រទាំងពួងបានទេ”
“ម្នាលរោគហារី ! អ្វីៗទាំងពួងក្នុងសកលចក្រវាលនេះមានច្រើនប្រភេទជាអនេករាប់ម៉ឺនរាប់សែន ប៉ុន្តែញោម ចេះដឹងមុខវិជ្ជាវេជ្ជសាស្ត្រតែបន្តិចបន្តួចប៉ុណ្ណោះ ចំណេះចេះដឹងរបស់ញោមគ្រាន់តែជាចម្រៀកមួយក្នុង ចំនួនសែនប៉ុណ្ណោះ ចាត់ទុកថាជាចំណេះដឹងតិចតួចណាស់ ជាការសមគួរហើយឬដែលញោមដើរអួតប្រាប់ គេប្រាប់ឯងថាខ្លួនពូកែវិសេសវិសាលជាងអ្នកដទៃ”
“បពិត្រលោកសមណៈដ៏ចម្រើន ! ខ្ញុំកណាទើបនឹងដឹងខ្លួនអម្បាញ់មិញនេះថាខ្លួនពេញជាមានចំណេះដឹង ផ្នែកវេជ្ជសាស្ត្រតិចតួចមែនទែន ខ្ញុំកណានឹកអៀនខ្មាស់ពន់ពេកណាស់ដែលបាននិយាយប្រាប់អ្នកដទៃ ជាច្រើនដោយសារតែសេចក្តីយល់ឃើញខុសថាខ្លួនជាគ្រូពេទ្យឆ្នើមវិសេសក្នុងលោក ចាប់តាំងពីពេល នេះទៅ ខ្ញុំកណានឹងមិនធ្វើដូច្នេះទៀតទេ”និយាយហើយគាត់ក៏ឱនថ្វាយបង្គំខ្ញុំព្រះករុណាយ៉ាងលំអុត លំឱន
“ម្នាលរោគហារី ! មនុស្សល្ងង់នៅពេលបានសិក្សារៀនសូធ្យចេះដឹងតិចតួចច្រើនតែកើតអស្មិមានះទ្រើស ឃ្នងចំពោះឯកវិជ្ជារបស់ខ្លួន យល់ថាខ្លួនវិសេសវិសាលហើយដើរអួតប្រាប់គេឯងដើរផ្ទញ់ផ្ទាល់អ្នកដទៃ ជាមនុស្សប្រកាន់ទិដ្ឋិមានះរឹងរូសគគ្រីសគគ្រូស មិនព្រមចុះញ៉មទោរទន់នឹងអ្នកណាៗទេ មិនគិតថាខ្លួន កំពុងតែអួតចំហោតល្ងង់របស់ខ្លួនឡើយ បុគ្គលណាធ្វើដូច្នោះព្រះបោរាណាចារ្យប្រៀបប្រដូចទៅនឹង សត្វកង្កែបចាស់ដែលរស់នៅក្នុងស្រះទឹកតូចៗមិនដែលទៅឃើញស្ទឹង-បឹង-ទន្លេ-សាគរនិងមហាសមុទ្រ ម្តងណាឡើយ ក៏យល់ថាស្រះទឹករបស់ខ្លួនធំសម្បើមណាស់ក្នុងលោក លោតអួតប្រាប់គេឯងក្នុង ស្រះ លុះពេលណាកង្កែបនោះមានឱកាសចេញទៅឃើញស្ទឹងបឹងបួនៅខាងក្រៅ ទើបដឹងការពិតថា ស្រះទឹករបស់ខ្លួនតូចដល់ទៅមែនទែនទាល់តែឥតសព្ទឥតសារអ្វីឡើយ  វានឹងនឹកអៀនប្រៀនពន់ពេក ដែលបានដើរអួតប្រាប់គេឯងអំពីទឹកស្រះរបស់ខ្លួន ហើយវានឹងក្លាយជាកង្កែបគត់មត់ស្រគត់ស្រគំលែង ក្រអឺតក្រអោងតទៅទៀត”
“ម្នាលរោគហារី ! កង្កែបចាស់ដែលបានទៅប្រទះឃើញមហាសាគរ តែងមើលឃើញស្រះទឹករបស់ខ្លួន តូចទៅយ៉ាងណា ពហូសុតជនដែលបានសិក្សាសិល្បសាស្ត្រច្រើនៗទៅតែងតែមើលឃើញថាខ្លួនចេះ ដឹងតិចទៅយ៉ាងនោះដែរ កាន់តែរៀនចេះដឹងច្រើនមើលទៅខ្លួនក៏ហាក់នឹងថាចេះដឹងតិចទៅៗ ល្ងង់ទៅៗ ព្រោះអ្វីៗដែលរៀនសូធ្យចេះដឹងមានច្រើនលើសលុបទាល់តែអាយុនិងសមត្ថភាពខាងបញ្ញារបស់ខ្លួន មិនល្មាក់ល្មមនឹងរៀនសូធ្យឲ្យចេះចប់សព្វគ្រប់បាន ព្រោះហេតុនោះនរជនដែលមានប្រាជ្ញាច្រើនមែន ទែននោះតែងជាមនុស្សស្រគត់ស្រគំរម្យទមដាក់ខ្លួនគួរគោរពរាប់អាន មានចិត្តទូលំទូលាយ ទទួលស្គាល់ ថាខ្លួនមិនចេះក្នុងអ្វីដែលខ្លួនមិនបានសិក្សា និងព្រមទទួលខុសនៅពេលដែលខ្លួននិយាយខុសធ្វើខុស ចំណែកខាងអ្នករៀនសូធ្យចេះដឹងតិចតួចវិញច្រើនតែវង្វេងវង្វាន់ចើងម៉ើងក្នុងវិជ្ជាកូដរបស់ខ្លួន យល់ថាខ្លួនឆ្លាតបំផុត ពូកែបំផុតក្នុងចំណោមមហាជន កើតទិដ្ឋិមានះរឹងត្អឹងរនិងរនាំង យល់ថាអ្វីៗដែល ខ្លួនគិត និយាយនិងធ្វើសុទ្ធតែត្រឹមត្រូវជានិច្ច សូម្បីបើអ្នកដទៃមើលឃើញថាខុសក៏ដោយ ក៏នៅតែអះអាង ថាខ្លួនត្រូវដដែល ប្រសិនបើគ្មានផ្លូវណានឹងតស៊ូទស់ទប់ទេ ក៏ទម្លាក់កំហុសឲ្យអ្នកដទៃ មនុស្សប្រភេទនេះ មិនទទួលស្គាល់ថាខ្លួនល្ងង់ខ្លៅទេ ខំអួតថាឆ្លាតថ្វីបើគ្មានសេចក្តីឆ្លៀវឆ្លាតក៏ដោយ ទើបស្មើនឹងយកមាស ក្លែងក្លាយទៅដើរពពាយនាយលក់ ធានាថាលក់បានតែម្តងប៉ុណ្ណោះ ក្រោយមក លុះគេដឹងការពិតហើយ នឹងគ្មានអ្នកណាទិញទៀតឡើយ”
“បពិត្រលោកសមណៈដ៏ចម្រើន ! ហេតុផលរបស់ព្រះតេជព្រះគុណហាក់បីដូចជាដួងប្រទីបដ៏ភ្លឺស្វាងដែល ឆេះច្រាលរន្ទាលនៅក្នុងដួងចិត្តដ៏ងងឹតសូន្យសុងដោយមោហៈរបស់ខ្ញុំកណា ធ្វើឲ្យខ្ញុំកណាយល់យាក់ជាក់ ច្បាស់ក្នុងបញ្ហាជីវិតដែលមិនធ្លាប់បានដឹងឮមកពីមុន ព្រះតេជព្រះគុណបានធ្វើឧបការគុណដ៏ធំធេងដល់ ខ្ញុំកណា ខ្ញុំកណាគ្មានអ្វីនឹងបូជាគុណរបស់ព្រះតេជព្រះគុណទេ ប៉ុន្តែបើព្រះតេជព្រះគុណប្រាថ្នា ខ្ញុំកណារីក រាយនឹងបង្ហាត់បង្រៀនវិជ្ជាពេទ្យតាមដែលខ្ញុំកណាចេះដឹងទាំងប៉ុន្មានដល់ព្រះតេជព្រះគុណក្រែងលោព្រះ តេជព្រះគុណនឹងមានវិជ្ជាជាគ្រឿងរកទទួលទានជាមួយនឹងមនុស្សលោកតទៅ”
“សូមអរគុណណាស់ចំពោះបំណងល្អរបស់ញោម ប៉ុន្តែអាត្មាគ្មានបំណងនឹងរៀនវេជ្ជសាស្ត្រពីញោមទេ ព្រោះអាត្មាជាពេទ្យស្រាប់ទៅហើយ”
ព្រឹធជនសម្លឹងមើលខ្ញុំព្រះករុណាយ៉ាងប្លែកចម្លែកចិត្តហើយស្រដីឡើងថា
“ព្រះតេជព្រះគុណក៏ជាពេទ្យដែរឬ? តើព្រះតេជព្រះគុណមានជំនាញការក្នុងការព្យាបាលរោគអ្វី?”
“អាត្មាក៏ជាពេទ្យដែរ ប៉ុន្តែអាត្មាមិនមែនជាពេទ្យព្យាបាលរោគកាយទេ ជាពេទ្យព្យាបាលរោគចិត្ត អ្នកណាមិនស្រួលប្រាណអផ្សុកអប្បសាន្តរសាប់រសល់ព្រោះលោភ ក្រោធ វង្វេង អាត្មាព្យាបាលឲ្យជាបាន ឱសថរបស់អាត្មា គឺ បញ្ញាក្នុងសភាវធម៌ អ្នកជម្ងឺផ្លូវចិត្តពេលបានទទួលឱសថគឺបញ្ញាពីអាត្មាហើយ នឹងមាន ចិត្តបរិសុទ្ធស្ងប់សុខ ត្រជាក់ត្រជុំ ស្រឡះស្រលួនជានិច្ច រោគកាយដែលញោមព្យាបាល អ្នកខ្លះក៏ កើត អ្នកខ្លះក៏មិនកើត ប៉ុន្តែរោគចិត្តមនុស្សកើតគ្រប់គ្នាទាំងអស់  ហេតុដូច្នេះអ្នកជម្ងឺរបស់អាត្មាទើបមាន ពេញពិភពលោក អាត្មាត្រាច់ចរល្បាតព្យាបាលគេជារៀងរហូតមក”
“ព្រះតេជព្រះគុណជាពេទ្យឈ្លាសវៃនិងមានអ្នកជម្ងឺច្រើនបំផុត ខ្ញុំកណាគិតថាព្រះតេជព្រះគុណប្រាកដ ជាបានថ្លៃឈ្នួលច្រើនណាស់មើលទៅ”
“ត្រូវហើយ អាត្មាបានរង្វាន់ខាន់ខៅច្រើនណាស់ ប៉ុន្តែរង្វាន់ខាន់ខៅរបស់អាត្មាគឺសេចក្តីសុខផ្លូវចិត្តដែល បានសាងប្រយោជន៍ដល់មនុស្សជាតិ មិនមែនថ្លៃឈ្នួលគឺមាសប្រាក់លុយកាក់នោះទេ ព្រោះរតនជាតិ ទាំងនេះផ្តល់សេចក្តីសុខឲ្យបន្តិចបន្តួចម្តងម្កាលប៉ុណ្ណោះ ប៉ុន្តែសេចក្តីសុខខាងផ្លូវចិត្តដែលបានទទួល ពីការជួយស្រោចស្រង់អ្នកដទៃផ្តល់ឲ្យអាត្មាមានសេចក្តីសុខគ្រប់ពេលវេលា”
បុរសចំណាស់ថ្វាយបង្គំខ្ញុំព្រះករុណាយ៉ាងលំអុតលំឱនជាអវសាន ហើយក៏លាចេញទៅ ខ្ញុំព្រះករុណាតាម មើលគាត់ទៅរហូតដល់ដាច់កន្ទុយភ្នែក ទាំងនឹកស្ងើចក្នុងចិត្តដែលបានព្យាបាលគាត់ឲ្យជាសះស្បើយពី រោគយល់ច្រឡំ(អវិជ្ជា)គឺចំហោតល្ងង់ដែលធ្វើឲ្យចិត្តរបស់គាត់ងងឹតងងល់មកជាយូរអង្វែង ខ្ញុំព្រះករុណា នៅសម្រាកត្រង់កន្លែងនោះដដែល លុះស្កប់ស្កល់តាមតម្រូវការហើយក៏ស្ពាយបាត្រលីក្លស់ធ្វើដំណើរដើរ ផ្លូវតទៅទៀត ។

loading…

350 total views, 3 views today

Facebook Comments