២៩.មេរៀនពីក្មេងតូច

រសៀលថ្ងៃព្រឹកឡើងនោះឯង ខ្ញុំព្រះករុណាក៏ចាប់ផ្តើមធ្វើការងារតាមនយោបាយដែលគិតឃើញបាន នៅខាងមុខគេហដ្ឋានរបស់មេភូមិ មានទីធ្លាល្វឹងល្វើយទាំងមានដើមឈើដុះច្រូងច្រាងចោលម្លប់ត្រឈឹង ត្រឈៃ ក្មេងក្មាងអ្នកស្រុកចូលចិត្តទៅប្រឡែងគ្នាលេងលើទីធ្លានេះណាស់ លោកប្រធានភូមិវិញក៏ចូល ចិត្តទៅអង្គុយត្រង់ទ្វារគេហដ្ឋានសម្លឹងមើលក្មេងៗប្រឡែងគ្នាដែរ ។

រសៀលថ្ងៃនោះ មានក្មេងម្នាក់ទៅលេងមុនគេ ក្មេងនោះជញ្ជូនយកដុំឥដ្ឋទៅកស្ថាបនាជារូបចេតីយ៍ខ្ពស់ ឡើងត្រឹមដើមទ្រូងរបស់ខ្លួន ហើយក៏យកដុំឥដ្ឋពិសេស ១ ដុំដាក់ថ្កល់លើកំពូលចេតីយ៍នោះ រួចហើយ ក៏អង្គុយចុះ សម្លឹងមើលសម្នាដៃរបស់ខ្លួនដោយពេញចិត្ត មួយស្របក់តមក ទើបយកដៃទាញដុំឥដ្ឋដែល នៅខាងក្រោមចេញ ២ ឬ ៣ ដុំ ភ្លាមនោះឯង ដុំឥដ្ឋដែលនៅខាងលើរួមទាំងដុំឥដ្ឋដែលនៅលើកំពូលផង ក៏បាក់ធ្លាក់ចុះមក រួចហើយក្មេងតូចនោះក៏ស្ថាបនាចេតីយ៍ឡើងជាថ្មីទៀត រួចហើយក៏បំផ្លាញចោលទៀត ដោយទាញយកដុំឥដ្ឋដែលនៅខាងក្រោមចេញ កុមារតូចបំផ្លាញបែបនោះម្តងហើយម្តងទៀតដោយមិន ចេះនឿយហត់   មេភូមិអង្គុយសម្លឹងមើលការលេងរបស់កុមារនោះដោយចំណាប់អារម្មណ៍ នៅខណៈ ដែលកុមារនោះកំពុងលេងយ៉ាងភ្លើតភ្លើននោះឯង ខ្ញុំព្រះករុណាក៏ដើរហួសទៅហើយឈាងចូលទៅ សម្រាកក្រោម​ម្លប់ឈើក្បែរកុមារនោះ ដោយធ្វើពើជាមិនឃើញមេភូមិដែលកំពុងតែអង្គុយត្រង់ទ្វារ គេហដ្ឋាន ខ្ញុំព្រះករុណារងចាំចង្វាក់ទាល់តែកុមារនោះកចេតីយ៍ដោយផែនឥដ្ឋរួចរាល់ហើយទើបសួរថា

“អានាង ! ឯងកំពុងតែលេងអី?”

“កណាកំពុងតែលេងកចាយដី”កុមារតូចឆ្លើយតបទាំងដាក់ផែនឥដ្ឋពិសេសថ្កល់លើកំពូលចេតីយ៍យ៉ាងប្រុង ប្រយ័ត្ន

“ហេតុអីបានជាឯងដាក់ផែនឥដ្ឋហ្នឹងលើកំពូលចាយដីទៅវិញ?”ខ្ញុំព្រះករុណាសួរត

“កណាសន្មតថាជាស្តេចគង់លើបល្ល័ង្ក ទើបត្រូវដាក់ថ្កល់លើកំពូលចាយដីលើផែនឥដ្ឋដទៃទៀត”

“ឯងលេងបានល្អណាស់ អានាង ! បើផែនឥដ្ឋដែលនៅលើកំពូលជាសេ្តច ផែនឥដ្ឋទាំងឡាយដែល ទប់ទ្រនៅខាងក្រោម ប្រៀបដូចជាពួកខ្ញុំរាជការសេនាមន្ត្រីនិងប្រជានុរាស្ត្រ”ខ្ញុំព្រះករុណានិយាយបែប គាំទ្រ

“កណា ! ត្រូវហើយ”កុមារតូចនិយាយយ៉ាងគួរឲ្យអាណិតហើយអង្គុយចុះសម្លឹងមើលស្នាដៃរបស់ខ្លួន លុះសម្លឹងមើលអស់មួយស្របក់ហើយ កុមារតូចក៏ទាញផែនឥដ្ឋខាងក្រោមចេញ ធ្វើឲ្យផែនឥដ្ឋទាំង ឡាយដែលនៅខាងលើភ្លាត់បាក់គ្រាំចុះមកភ្លាម

“យី ! អានាង ! ថីបានជាចាយដីរបស់ឯងបាក់ធ្លាក់ចុះមកអីចឹង សេ្តចដែលស្ថិតនៅលើកំពូលមិនបាក់ ធ្លាក់ចុះមកដែរទេឬ?”ខ្ញុំព្រះករុណាសួរដោយសម្លេងឮជាងធម្មតាបន្តិច

“ក៏ត្រូវបាក់ធ្លាក់ចុះមកដែរ”កុមារតូចឆ្លើយទាំងសើចកក្អឹក “ព្រោះតែកណាដកផែនឥដ្ឋដែលទល់ទ្រ នៅខាងក្រោមចេញ ផែនឥដ្ឋដែលនៅខាងលើទើបបាក់ធ្លាក់ចុះមកទាំងអស់”

“អានាងអើយ ! ការលេងរបស់ឯងពេញជាមានគតិធម៌ល្អមែន អាត្មាបានចំណេះថ្មីពីការលេងរបស់ ឯង ហើយ គឺថា ផែនឥដ្ឋដែលឯងសន្មតឲ្យជាស្តេចនោះនឹងស្ថិតនៅលើកំពូលចាយដីបានក៏ព្រោះអាស្រ័យ ផែនឥដ្ឋដែលនៅខាងក្រោមជាគ្រឿងទប់ទល់កល់ទ្រ បើពេលណាដែលឥដ្ឋនៅខាងក្រោមមិនទល់ទ្រ ទេ  ផែនឥដ្ឋដែលនៅខាងលើក៏បាក់ធ្លាក់ចុះមកនៅពេលនោះ ព្រោះហេតុតែផែនឥដ្ឋគ្រប់ៗផែនទើប ត្រូវអាស្រ័យគ្នាទៅវិញទៅមក ទើបករូបករាងជាចាយដីបាន បើផែនឥដ្ឋខ្ពស់បំផុតយល់ឃើញថា ខ្លួន​ល្អលើសលន់ជាងផែនឥដ្ឋដទៃទៀត ជាស្តេចរបស់ផែនឥដ្ឋដទៃទៀតមិនបាច់អាស្រ័យអ្នកណា ចាត់ទុក ថាជាមិច្ឆាទិដ្ឋិក៍សុទ្ធសាធ អានាងអើយ ! ការលេងរបស់ឯងជាគតិដាស់តឿនចិត្តអាត្មាបានយ៉ាងល្អណាស់”
“ការលេងរបស់ឯងធ្វើឲ្យអាត្មាយល់ដឹងស្ថានភាពរបស់សង្គមមនុស្សបានយ៉ាងល្អប្រសើរក្រៃលែង អាត្មាទើប តែដឹងឥឡូវនេះឯងថាអ្នកខ្លះកាលមានអំណាច មានទ្រព្យសម្បត្តិ មានយសស័ក្តិខ្ពស់ជាងអ្នកដទៃច្រើនតែ យល់ខុសថាខ្លួនល្អវិសេសបំផុតហើយ មិនបាច់អាស្រ័យអ្នកណារស់នៅទេ ខ្លួនចង់គិតធ្វើអ្វីក៏ធ្វើបានដោយ ឥតគិតគូរដល់ដើមទ្រូងអ្នកដទៃឡើយ ទោះអ្នកដទៃលំបាកលំបិនយ៉ាងណាក៏ដោយចុះ សូមឲ្យតែខ្លួន ស្រណុកសុខសប្បាយជាការគ្រប់គ្រាន់ នេះឯងជារំយល់ខុសយ៉ាងធ្ងន់ធ្ងរបំផុត ពីព្រោះនៅខណៈដែលគេ ប្រកាសថាមិនបានអាស្រ័យអ្នកណារស់នៅហ្នឹងឯង គេកំពុងតែអាស្រ័យអ្នកដទៃទៅហើយ គួរនាដូចជាឥដ្ឋ ដែលនៅលើកំពូលចេតីយ៍បានព្រោះអាស្រ័យឥដ្ឋជាច្រើនដុំនៅទល់ទប់ខាងក្រោមដូច្នោះ” ។
កុមារតូចអង្គុយស្តាប់ខ្ញុំព្រះករុណាថ្លាថ្លែងនៅក្បែរពំនូកឥដ្ឋយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែគោលបំណងរបស់ខ្ញុំ ព្រះករុណាមិនបានសំដៅទៅលើកុមារតូចនោះទេ ប៉ុន្តែសំដៅទៅរកមេភូមិដែលអង្គុយនៅឯទ្វារគេហដ្ឋាន នោះឯង
“អានាងអើយ ! អ្នកស្តុកស្តម្ភដោយទ្រព្យសម្បត្តិច្រើនតែឆ្មើងកន្ត្រើង លេងខ្លួនថាខ្លួនមានធូរធារហើយ មិនបាច់ងរអង្វរអ្នកណាទេ មិនបាច់ពឹងពាក់អាស្រ័យអ្នកណាទេ ផ្ទុយទៅវិញ ខ្លួនកំពុងតែពឹងពាក់អាស្រ័យ អ្នកដទៃនៅគ្រប់ច្រកល្ហក ពឹងពាក់យ៉ាងម៉េច? ពឹងពាក់យ៉ាងនេះ គឺ អ្នកមានទ្រព្យទាំងនោះ បើយើងនាំ គេឲ្យជិះសំពៅ នាវាព្រមទាំងមាសប្រាក់ទាំងអស់ដែលគេមានហើយយកគេទៅបំបរបង់ចោលនៅ កណ្តាលមហាសមុទ្រតែម្នាក់ឯងរហូតដល់ស្លាប់ តើគេសុខចិត្តទេ? ច្បាស់ជាមិនសុខចិត្តទេ ព្រោះបើទៅ រស់នៅនាកណ្តាលសមុទ្រតែម្នាក់ឯង មាសប្រាក់ជាចំនួនកោដិក៏ក្លាយជារបស់ឥតប្រយោជន៍ ទោះគ្រវែង ចោលទៅក្នុងទឹកសមុទ្រ ត្រីក៏មិនអើពើដែរ ទោះគ្រវែងឡើងទៅលើអាកាស បក្សីក៏មិនក្រឡេកមើលដែរ កាលបើគ្មានអ្នកណាធានារ៉ាប់រងតម្លៃប្រាក់ហើយ ប្រាក់នោះក៏នឹងក្លាយជាកម្ទេចលោហៈដែលឥតតម្លៃ ប្រាក់មានតម្លៃទៅបាន មនុស្សស្តុកស្តម្ភទៅបានព្រោះតែអ្នកផងទាំងពួងសុខចិត្តធានារ៉ាប់រងតម្លៃរបស់ ប្រាក់ ព្រោះហេតុនោះ មនុស្សយើងមានធូរធារម្នាក់ឯងមិនបានទេ ត្រូវអាស្រ័យការធានារ៉ាប់រងពីអ្នកដទៃ ទើបបានឈ្មោះថាពឹងពាក់អាស្រ័យអ្នកដទៃរស់នៅដោយផ្ទាល់”
“ម្នាលកុមារតូច ! អ្នកណាបានលាភសក្ការៈ បានយសស័ក្តិហើយ ឈ្លក់វង្វេង យល់ថា ខ្លួនល្អវិសេសជាង អ្នកដទៃ ហើយបៀតបៀនអ្នកតូចជាងខ្លួនឯង អ្នកនោះស្មើនឹងកំពុងគាស់ទម្លាយគ្រឹះស្ថានដែលជាគ្រឿង ទល់ទ្ររបស់ខ្លួនឯង មិនយូរមិនឆាប់ខ្លួនឯងនឹងរលំរលាយទៅប្រៀបដូចជាកុមារតូចឯងហូតយកផែនឥដ្ឋ ដែលនៅខាងក្រោមចេញហើយផែនឥដ្ឋដែលនៅខាងលើក៏បាក់ធ្លាក់ចុះមកដូច្នោះ អ្នកណាបានលាភ សក្ការៈ បានយសស័ក្តិហើយ មិនឈ្លក់វង្វេង យកលាភសក្ការៈនោះមកជួយជ្រោមជ្រែងអ្នកតូចជាងខ្លួន អ្នកនោះស្មើនឹងស្ថាបនាគ្រឹះស្ថានរបស់ខ្លួនឯងឲ្យរឹងប៉ឹងឡើង មនុស្សទាំងពួងនឹងតម្កុំតម្កើងគេឲ្យស្ថិតនៅ ក្នុងតំណែងខ្ពង់ខ្ពស់នោះតរៀងទៅ” ។
ម្នាលលោកដ៏មានអាយុ ! កាលដែលខ្ញុំព្រះករុណាសន្ទនាជាមួយនឹងកុមារតូចមកបានប៉ុណ្ណេះ ប្រធានភូមិ បានក្រោកចេញពីអាសនៈហើយដើរតម្រង់ចូលមករកខ្ញុំព្រះករុណាភ្លាម គាត់អង្គុយទៀបបាទមូលរបស់ ខ្ញុំព្រះករុណា ហើយក៏អង្គុយឱនមុខចុះយំអណ្តើតអណ្តកតែម្នាក់ឯង
“កើតរឿងអីឬ ? ឧបាសក !  “ខ្ញុំព្រះករុណាសួរដោយស្លន់ចិត្តព្រោះមិនដឹងដំណើរដើមទង មេភូមិមិនបាន ហើបមាត់ឆ្លើយតបចំពោះខ្ញុំព្រះករុណាទេ នៅតែយំស្រក់ទឹកភ្នែករហេមរហាម ហាក់បីដូចជាកំពុងកើតទុក្ខ ប៉ផ្អុកប៉ផ្អែបយ៉ាងធំមហិមា
“មានរឿងមិនគប្បីអ្វីកើតឡើងឬ សូមប្រាប់អាត្មាឲ្យឆាប់មក ឧបាសក ! អាត្មាត្រេកអរនឹងជូយអនុគ្រោះ ញោមដោយអស់សមត្ថភាព”ខ្ញុំព្រះករុណាអន្ទោកអន្ទោល
ប្រធានភូមិងើយមុខដ៏ដាបរហាមដោយទឹកភ្នែកឡើង សម្លឹងមើលខ្ញុំព្រះករុណាយ៉ាងទទូចអង្វរហើយ និយាយទាំងសស្លើតសស្លក់ថា
“បពិត្រព្រះគុណម្ចាស់ដ៏ចម្រើន ! សម្តីរបស់ព្រះគុណម្ចាស់ដែលសម្តែងដល់ក្មេងតូចអម្បាញ់មិញនេះ ធ្វើឲ្យខ្ញុំព្រះករុណាស្មារលាទោសមកបាន ព្រមជាមួយគ្នានោះ ទោមនស្សចិត្តដ៏ធំមហិមាក៏កើតឡើង ខ្ញុំព្រះករុណាទើបមិនអាចទប់ទឹកភ្នែកបាន ព្រោះខ្ញុំកណាជាអ្នកឈ្លក់វង្វេងក្នុងលាភសក្ការៈ យសស័ក្តិ ទាល់តែយល់ថាខ្លួនល្អវិសេសបំផុតហើយ មិនបាច់ពឹងពាក់អាស្រ័យអ្នកណាទេ ខ្ញុំព្រះករុណាបាន ប្រើប្រាស់ទ្រព្យសម្បត្តិនិងយសស័ក្តិរបស់ខ្លួនបៀតបៀនអ្នកស្រុកភូមិយ៉ាងឃ្នើសឃ្នង ប៉ុន្តែខ្ញុំកណាមិន ដែលគិតថាជាទារុណកម្មធ្វើបាបអ្វីទេ ត្រឡប់ជារីករាយត្រេកអរទៅទៀតដែលបានឃើញហាយនភាព របស់អ្នកស្រុកភូមិ ហើយមើលឃើញសម្បត្តិសម្បុកហូរហៀរចូលមកឯកឯង ខ្ញុំកណាចិញ្ចឹមជីវិតលើ ទឹកភ្នែករបស់អ្នកដទៃយ៉ាងជាក់ស្តែង លុះបានស្តាប់ព្រះតេជព្រះគុណសម្តែងហេតុផលជាមួយនឹង ក្មេងតូចចប់ហើយ ជម្លក់វិលវក់ក្នុងចិត្តរបស់ខ្ញុំកណាក៏ខ្ចាត់បាត់អស់រលីង ខ្ញុំកណាភ្ញាក់រលឹកនឹកឃើញ ទោសកំហុសខ្លួនឯងបានភ្លាមថា ខ្លួនបានធ្វើអំពើអាក្រក់ថោកទាបអ្វីខ្លះ ព្រះគុណម្ចាស់បានជួយស្រោច ស្រង់ខ្ញុំកណាចេញពីអន្លង់នៃបាបកម្មយ៉ាងពិតប្រាកដ”ប្រធានភូមិយំសោកសង្រេងទៅមួយសន្ទុះទៀត ទើបស្រដីឡើងថា
“បពិត្រព្រះគុណម្ចាស់ដ៏ចម្រើន ! ឥឡូវនេះ ខ្ញុំកណាភ្ញាក់រលឹកដឹងខ្លួនហាក់បីដូចជាទើបនឹងងើបពីសុបិន អាក្រក់ នៅពេលដែលរលឹកនឹកឃើញដល់អំពើអាក្រក់ក្នុងអតីតកាល ខ្ញុំកណានឹកសង្វេគស្លុតចិត្ត ពន់ប្រមាណ ខ្ញុំកណាសូមប្តេជ្ញាចិត្តចំពោះព្រះតេជព្រះគុណថា ចាប់តាំងពីពេលនេះតទៅ ខ្ញុំកណានឹង មិនធ្វើបែបនោះទៀតទេ ខ្ញុំកណានឹងលុបលើកបំណុលទាំងអស់ដែលអ្នកស្រុកចំពាក់ចំពោះខ្ញុំកណា ឲ្យហើយស្រេចនឹងគ្នាទៅ ខ្ញុំកណានឹងបែងចែកដីស្រែឲ្យជាបច្ចេកសម្បត្តិរបស់ពួកគាត់គ្រប់ៗគ្រួសារ ខ្ញុំកណានឹងជួយប្រដុងប្រជាយឹតយោងពួកគាត់ដោយសម្មាព្រឹត្តិតរៀងទៅ”
“ម្នាលឧបាសក ! អាត្មាមិននឹកស្មានថា សម្តីដែលអាត្មានិយាយលេងៗជាមួយនឹងកូនក្មេង អាចកែប្រែចិត្ត របស់ញោមបានដល់ម្លឹងសោះ អាត្មានិយាយទៅតាមគោលធម៌ទេ គ្មានចេតនាទូន្មានអ្នកឡើយ ទាំងមើល មិនឃើញញោមផង ប៉ុន្តែអាត្មាក៏សប្បាយចិត្តដែលសម្តីរបស់អាត្មាធ្វើឲ្យញោមភ្ញាក់រលឹកខ្លួន កែប្រែជា មនុស្សល្អបាន កុំយំសោកបោកប្រាណឡើយ ឧបាសកអើយ ! អតីតកាលកន្លងហួសទៅហើយ ក៏សូមឲ្យ កន្លងហួសទៅចុះ នៅមិនទាន់ហួសពេលទេដែលញោមសាងអំពើល្អកាយកប់លុបលាងអំពើអាក្រក់ដែល បានធ្វើទុកក្នុងគ្រាមុន ព្រះបរមសាស្តានៃយើងបានត្រាស់ទុកថា
មនុស្សពួកខ្លះមកក៏ងងឹតទៅក៏ងងឹត  គឺ ធ្វើអំពើអាក្រក់មកពីមុនហើយ ក៏ធ្វើអំពើអាក្រក់តទៅទៀត មនុស្សពួកនេះងងឹតទាំងមកងងឹតទាំងទៅ ។
មនុស្សពួកខ្លះមកក៏ភ្លឺទៅក៏ភ្លឺ គឺ ធ្វើអំពើល្អរៀងរហូតទាំងមកទាំងទៅ មនុស្សពួកនេះល្អបំផុត ។
មនុស្សពួកខ្លះមកងងឹតប៉ុន្តែទៅភ្លឺ គឺ ធ្វើអំពើអាក្រក់មកពីមុន ក្រោយមក ក៏កែប្រែខ្លួនខ្វល់ខ្វាយធ្វើអំពើ ល្អតទៅ មនុស្សពួកនេះមកងងឹតប៉ុន្តែទៅភ្លឺ ចាត់ទុកថាគ្រាន់បើ  ម្នាលឧបាសក ! ញោមចាត់ទុកជាមនុស្ស ប្រភេទនេះឯង ។
ឬ មនុស្សពួកខ្លះមកភ្លឺប៉ុន្តែទៅងងឹត គឺ កើតមកក្នុងត្រកូលស្តុកស្តម្ភមានសម្បុកសម្បត្តិច្រើនលើសលន់ ប៉ុន្តែមិនយកទ្រព្យសម្បត្តិនោះទៅធ្វើអំពើល្អទេ ផ្ទុយទៅវិញ ចូលចិត្តបៀតបៀនអ្នកដទៃ ចាយវាយខ្ជះ ខ្ជាយឥតប្រយោជន៍ មិនយកទ្រព្យទាំងនោះទៅជួយសង្គ្រោះអ្នកទីទ័ល ចូលចិត្តសាងអំពើអាក្រក់ច្រើន ជាង មនុស្សពួកនេះឈ្មោះថាមកភ្លឺប៉ុន្តែទៅងងឹត ចាត់ទុកថាគំរក់បំផុត ។
ក្នុងអតីតកាលកន្លងមក ញោមបានដើរលើផ្លូវងងឹតងងល់ ប៉ុន្តែឥឡូវនេះញោមបានដើរមកដល់ផ្លូវភ្លឺស្វាង ហើយ ចូរខ្នះខ្នែងធ្វើអំពើល្អតទៅ” ។
ឧបាសកជាប្រធានភូមិឱនចុះក្រាបថ្វាយបង្គំខ្ញុំព្រះករុណាដោយសទ្ធាជ្រះថ្លាម្តងទៀត ខ្ញុំព្រះករុណាបាន ទេសនាប្រៀនប្រដៅគាត់ឲ្យព្រឺសចិត្តក្នុងសម្មាបដិបត្តិហើយបញ្ចប់ដោយពុទ្ធភាសិតថា
ឧត្តមត្តនិវាតេន     សូរំ ភេទេន និជ្ជយេ
នីចំ អប្បកទានេន  វិធមេន សមំ ជយេ ។
ឈ្នះអ្នកថ្កើងដោយត្រុនបន្ទន់ប្រាណ ឈ្នះអ្នកក្លាហានដោយការទម្លាយ
ឈ្នះអ្នកក្រក្សត់ដោយឲ្យសម្លបាយ ឈ្នះអ្នកស្មើកាយដោយការព្យាយាម ។
បន្ទាប់មក ខ្ញុំព្រះករុណាក៏ចម្រើនពរលាគាត់ត្រឡប់ទៅខ្ទមសម្នាក់វិញ ប្រុសម្ចាស់ខ្ទមសួរដេញដោល ខ្ញុំព្រះករុណាថាទៅធ្វើការងារបានលទ្ធផលដូចម្តេចខ្លះ
“រងចាំមើលចុះថាលទ្ធផលនឹងដូចម្តេច ប៉ុន្តែអាត្មាបានបំពេញតួនាទីយ៉ាងល្អបំផុតហើយ”
លុះដល់ព្រឹកឡើងនាថ្ងៃនោះឯង មេភូមិក៏កោះហៅកូនភូមិទាំងអស់មកប្រជុំត្រង់ទីធ្លាមុខគេហដ្ឋានរបស់ គាត់ នៅពេលដែលអ្នកភូមិអង្គុយជួបជុំព្រមគ្នាហើយ លោកប្រធានភូមិក៏ក្រោកឡើង ទឹកមុខរបស់គាត់ ឡើងជួរព្រហួញជាងមុន ធ្វើឲ្យអ្នកភូមិស្ទើរតែទាំងអស់គ្នារសាប់រសល់មិនស្រួលចិត្ត ពីព្រោះយ៉ាងណា ក៏ដោយនៅថ្ងៃនេះ លោកប្រធានភូមិកំណាចប្រហែលជារកផ្លូវកេងប្រវ័ញ្ចពួកយើងទៀតមិនខាន ប៉ុន្តែអ្នកទាំងអស់គ្នាក៏ចម្លែកចិត្តសឹងតែស្តាប់មិនជឿត្រចៀកខ្លួនឯង ព្រោះលោកប្រធានភូមិបានប្រកាស ឡើងថា
“បងប្អូនទាំងឡាយ ! ខ្ញុំបាទសូមប្រកាសឲ្យបងប្អូនទាំងអស់ដឹងថា បងប្អូនណាដែលកំដឹងបំណុលខ្ញុំបាទ ជាចំនួនប៉ុន្មានៗក៏ដោយ ខ្ញុំបាទមិនគិតយកពីបងប្អូនវិញទេ សូមឲ្យបងប្អូនរួចផុតចាកបំណុលឥណទាន នេះចុះ ចូរមានឥស្សរភាពចំពោះខ្លួនគ្រប់ៗគ្នាហោង មួយវិញសោត ដីស្រែទាំងអម្បាលម៉ានរបស់ខ្ញុំបាទ ដែលបងប្អូនធ្វើប្រវាស់នោះ អ្នកណាធ្វើស្រែរបស់ខ្ញុំបាទជាចំនួនប៉ុន្មាន សូមឲ្យចូលគ្រប់គ្រងកាន់កាប់ យកជាកម្មសិទ្ធិក្នុងដីស្រែចំនួនប៉ុណ្ណោះចុះ ចាប់តាំងពីពេលនេះជាដើមទៅ ក្នុងអតីតកាល ខ្ញុំបាទបាន បង្កកម្មពៀរវេរាជាមួយនឹងបងប្អូនច្រើនណាស់ ឥឡូវនេះ ខ្ញុំបាទភ្ញាក់រលឹកដឹងខ្លួនបានហើយចំពោះទោស កំហុសទាំងនោះ ខ្ញុំបាទនឹកសោកស្តាយជាទីបំផុត សូមបងប្អូនមេត្តាអភ័យទោសដល់ខ្ញុំបាទផង ខ្ញុំបាទ សូមធានារ៉ាប់រងនៅចំពោះមុខព្រះសុរិយទេពថាចាប់តាំងពីពេលនេះជាដើមទៅ ខ្ញុំបាទនឹងមិនធ្វើបែប នោះទៀតជាដាច់ខាត ប្តេជ្ញានឹងរក្សាការពារបងប្អូនដោយសុចរិតយុត្តិធម៌ជារៀងរហូតទៅ” ។
នៅពេលដែលលោកប្រធានភូមិប្រកាសចប់ហើយ សេចក្តីស្ងប់ស្ងាត់គ្របដណ្តប់ទូទៅ ពីព្រោះគ្មានអ្នក ណានឹកស្មានថានឹងបានស្តាប់សម្តីបែបនោះពីប្រធានភូមិកំណាចនោះទេ ទើបនាំគ្នាភាន់ភាំងស្រឡាំង កាំងរហូតដល់ប្រធានភូមិក្រោកឈរឡើងពោលសម្តែងសេចក្តីបរិសុទ្ធនៃចិត្តរបស់ខ្លួនម្តងទៀត អ្នកស្រុក ទាំងអស់ទើបបាក់ចិត្តជឿ  រំពេចនោះឯងអ្នកស្រុកម្នាក់ៗមានទឹកភ្នែកហូររហាមដោយបីតិសោមនស្ស ពួកគេស្ទុះចូលទៅចាប់លើកមេភូមិលីលើស្មាហើយនាំហែហមទៅតាមផ្លូវក្នុងភូមិ ។
លុះដល់អធ្រាត ប្រុសម្ចាស់ខ្ទមត្រឡប់មកពីទីប្រជុំវិញ គាត់ស្ទុះហេចូលមកក្រាបបង្គំត្រង់ជើងរបស់ ខ្ញុំព្រះករុណាជាសារវ័ន្ត ។
នាថ្ងៃព្រឹកឡើង មេភូមិព្រមទាំងកូនភូមិទាំងអស់បាននាំគ្នាអារាធនាខ្ញុំព្រះករុណាឲ្យគង់នៅប្រចាំក្នុងភូមិ នោះ ប៉ុន្តែខ្ញុំព្រះករុណាមិនបានទទួលនិមន្តទេ ព្រោះតួនាទីរបស់ខ្ញុំព្រះករុណា គឺ ការត្រាច់រង្គត់ទៅលុះត្រា តែអស់ខ្យល់ដកដង្ហើម ព្រោះហេតុនោះ ខ្ញុំព្រះករុណាទើបចម្រើនពរលាអ្នកស្រុកទាំងអស់ធ្វើដំណើរ ដើរផ្លូវទៅទិសខាងកើតឆ្ពោះទៅកាន់ក្រុងរាជគ្រឹះ ។

loading…

334 total views, 1 views today

Facebook Comments