ហេតុអីយេីងនិយាយ មួយ ទៅជា ម៉ា?

មួយ អាចជាគុណនាមចំនួន សព្វនាមចំនួន ឬគុណកិរិយា។មួយ មានទីតាំងនៅខាងស្តាំនាម កិរិយា ឬនៅខាងឆ្វេងគុណនាម គុណកិរិយា និងនាមរនាប់។ ឧទាហរណ៍ ថ្ងៃមួយ សំបុត្រមួយ កែវមួយ មួយក្បាល មួយនាក់ មួយទង…។

ក្នុងសម្តីប្រាស្រ័យទាក់ទងប្រចាំថ្ងៃ ពេលនិយាយភ្ជាប់ទៅនឹងនាមរនាប់ឬរង្វាស់រង្វាល់ មួយ /muəy/ ត្រូវប្រែប្រួលសូរទៅជា ម៉ា /ma:/ ដូចជា មួយដប > ម៉ាដប, មួយកំប្លេ > ម៉ាកំប្លេ, មួយកែវ > ម៉ាកែវ, មួយលីត្រ > ម៉ាលីត្រ…។ ដូចគ្នានេះដែរ បងប្អូនខ្មែរសុរិន្ទក៏និយាយដែរថា maa naang (ម្តង) maa ruuai (មួយរយ) maa-tnap (មួយដណ្ដប់)…។

មិនត្រឹមតែប៉ុណ្ណោះ សូរ ម៉ា /ma:/ នេះបានប្រែប្រួលសូរមួយដំណាក់កាលទៀតពី /ma:/ ទៅ /mə/ ដេីម្បីចូលផ្សំនឹងសូរព្យញ្ជនៈដេីមព្យាង្គនៃព្យាង្គបន្ទាប់ (នាមរនាប់) មួយចំនួនបង្កេីតបានជាព្យញ្ជនៈផ្សំ ដូចជា មួយដង > ម៉ាដង > ម្តង, មួយយ៉ាង > ម៉ាយ៉ាង > ម្យ៉ាង, មួយដុំ > ម៉ាដុំ > ម្តុំ, មួយង៉ៃ > ម៉ាង៉ៃ > ម្ង៉ៃ, មួយនាក់ > ម៉ានាក់ > ម្នាក់, មួយដេីម > ម៉ាដេីម > ម្តេីម…។

ការប្រែប្រួលសូរនេះមិនត្រឹមតែកេីតឡេីងនៅខាងឆ្វេងនាមរនាប់ប៉ុណ្ណោះទេ ពេលនៅខាងឆ្វេងកិរិយា គុណនាម ឬនាម ក៏ មួយ /muəy/ ប្រែប្រួលសូរទៅជា ម៉ា /ma:/ ដែរ ដែលបានលេចឡេីងក្នុងសម្តីថ្មីៗនេះ ដូចជា ម៉ាអេម ម៉ាកប់ ម៉ាស្អាត ម៉ាទំហឹង ម៉ាឡូយ ម៉ាឆ្ងាញ់ ម៉ារស់ ។ល។ ដែលត្រូវបាននិយាយយ៉ាងសកម្ម ហេីយគេមិនដែលនិយាយថា មួយអេម មួយកប់ មួយស្អាត មួយទំហឹង មួយឡូយ ឬមួយឆ្ងាញ់ឡេីយ។

និន្នាការប្រែប្រួលសូរ មួយ /muəy/ ទៅជា ម៉ា /ma:/ នេះក៏កេីតមានឡេីងនៅក្នុងភាសាកាទុ ដែលជាភាសាមួយស្ថិតក្នុងអំបូរមន-ខ្មែរផងដែរ ដូចជាពាក្យគេថា masóng (មួយគ្រួសារ) magoq (មួយឆ្នាំង) madong (មួយផ្ទះ)… តែបេីនៅខាងស្តាំនាមឬកិរិយាវិញ មួយ ពុំប្តូរសូរទេដូចជាពាក្យ chanô muui (ផ្លូវមួយ) tangai muui (ថ្ងៃមួយ) yaap muui…(រាប់មួយ…)…។

ដូចនេះការប្រែប្រួលសូរនៃពាក្យ មួយ គឺជាទំនោរបង្រួមព្យាង្គនៅក្នុងសម្តីនៃភាសាមន-ខ្មែរ គឺដំបូងផ្លាស់ប្តូរសូរស្រៈកណ្តាលព្យាង្គ ហេីយកាត់សូរព្យញ្ជនៈចុងព្យាង្គ /muəy/ > /ma:/ ។ បន្ទាប់មកដេីម្បីបង្រួមសូរពីពីរព្យាង្គទៅមួយព្យាង្គ ស្រៈវែងក៏ត្រូវផ្លាស់ប្តូរទៅជាស្រៈខ្លី /ma:/ > /mə/ ដោយចូលផ្សំនឹងព្យញ្ជនៈដេីមព្យាង្គនៃព្យាង្គបន្ទាប់ដេីម្បីបង្កេីតព្យញ្ជនៈផ្សំ។

138 total views, 0 views today

Facebook Comments