បទវិភាគវែកញែកសីល ៥ បទកាមេសុ មិច្ឆាចារ

ការសិក្សាអ្វីក៏ដោយ គប្បីសិក្សាឲ្យស៊ីជម្រៅដល់​កម្រិតអាចយក​ទៅប្រើនិងអនុវត្តក្នុងសង្គមបាន ដើម្បីឲ្យយល់ដឹង​កាន់តែ​ស៊ីជម្រៅ សូមលើកយកករណីសិក្សារឿងសីល ៥ ត្រង់បទទី ៣ គឺ កាមេសុ មិច្ឆាចារ មកអធិប្បាយលម្អិតថាតើការប្រព្រឹត្តយ៉ាង​ណាទើប ឈ្មោះថា ប្រព្រឹត្តខុសសីលកាមេនេះ ធម្មតា បុរសឬស្រ្តីដែល​រៀបការហើយតែងជាប់ចំពាក់ដោយ ចំណងសីលធម៌​(Moral Obligation)ប្រៀបដូចជាជាប់កិច្ចសន្យាដែល​មិនអាចល្មើស​បាន​ដូច្នោះ ការដែលព្រះពុទ្ធសាសនាបង្រៀនសីលបទទី ៣ នេះ ក៏ព្រោះ ដើម្បីឲ្យបុរសនិងស្រ្តីគោរពនិងស្រឡាញ់គ្នាយ៉ាងស្មោះត្រង់និងចៀសវាងជម្លោះទាស់ទែងរវាងគូស្វាមីភរិយាទាំងពីរ ដែលជាហេតុធ្វើ​ឲ្យបាត់​បង់សុភមង្គលគ្រួសារ ក្នុងការសិក្សានេះ សូមបែងចែកជា ២ ផ្នែក គឺ ផ្នែកសន្ថវកិច្ចផ្លូវភេទ​ជាមួយ​នឹង​ភេទផ្ទុយគ្នា និង ផ្នែកសន្ថវកិច្ផ្លូវភេទជាមួយនឹងភេទដូចគ្នា ។ ករណីសិក្សានីមួយ ៗត្រូវមានឧទាហរណ៍សម្រាប់វិភាគវែក​ញែកនិងវិនិច្ឆ័យជា​បន្ត​បន្ទាប់ដូចតទៅ

១.ផ្នែកសន្ថវកិច្ផ្លូវភេទជាមួយនឹងភេទផ្ទុយគ្នា

សន្ថវកិច្ច បានដល់ ការសេពសន្ថវៈរវាងបុរស និង ស្រ្តី (sexual intercourse)

ឧ.ទី ១ នាយ ត្រឡាច រៀបការរួចហើយ ថ្ងៃមួយបានលួចទៅរក​ស្រីពេស្យាដោយមិនបានប្រាប់ភរិយាឲ្យដឹង កាលទៅនោះ ក៏បាន​រួម​ភេទជាមួយនឹងស្រីពេស្យានោះផង សួរថា តើនាយ ត្រឡាច​ឬ​ស្រីពេស្យាបានប្រព្រឹត្តខុសសីលបទទី ៣ ឬទេ ព្រោះហេតុ​​អ្វី?

ចម្លើយ : ខុសសីលបទកាមេ

ភាគីបុរស : ខុសព្រោះក្បត់ភរិយារបស់ខ្លួននិងខុស​ព្រោះលើកស្ទួយ​អាជីពដែលមិនមានច្បាប់អនុញ្ញាត គឺ ស្រីពេស្យាមិនមាន​ច្បាប់​មាត្រាណាអនុញ្ញាតឲ្យលក់ខ្លួនដល់បុរសដទៃទេ ។

ភាគីស្រីពេស្យា : ខុសព្រោះល្មើសភរិយាអ្នកដទៃ និង ខុសព្រោះ​ប្រកប​អាជីព​ដែលមិនមានច្បាប់អនុញ្ញាត (ខ្មែរ : អាជីពស្រី ពេស្យា​មិន​ទាន់មានច្បាប់ហាមប្រាមឬអនុញ្ញាតនៅឡើយទេ ករណីក្រោយនេះ ស្រីពេស្យាអាចមិនខុសច្បាប់ក៏បាន) ។

ឧ. ទី ២ ​​នាយ ឡុង នៅលីវ មិនទាន់មានភរិយាទេ ហើយក៏មិនទាន់​មានសង្សារដែរ នៅថ្ងៃមួយ នាយ ឡុង បានទៅរក​ស្រី​ពេស្យា​ដើម្បីបំពេញតម្រូវការផ្លូវភេទរបស់ខ្លួន សួរថា តើ នាយ ឡុង ប្រព្រឹត្តខុសសីលបទទី ៣ ឬទេ ព្រោះហេតុអ្វី?

ចម្លើយ : មិនខុសសីលកាមេទេ ប៉ុន្តែខុសព្រោះជួយជ្រោមជ្រែង​អាជីពស្រីពេស្យាដែលមិនមានច្បាប់អនុញ្ញាត ។

ឧ. ទី ៣ នាង សោភា រៀបការរួចហើយ ថ្ងៃមួយបានលួចទៅ​រក​ប្រុសពេស្យាដោយមិនបាន​​ប្រាប់ស្វាមីឲ្យដឹងទេ កាលទៅនោះ ក៏បាន​រួម​ភេទជាមួយនឹងប្រុសពេស្យានោះផង សួរថា តើនាង សោភា ឬប្រុសពេស្យាបានប្រព្រឹត្តខុសសីលខទី ៣ ឬទេ ព្រោះហេតុ​អ្វី?

ចម្លើយ : ខុសសីលបទកាមេ

ភាគីស្រី : ខុសព្រោះក្បត់ស្វាមីរបស់ខ្លួននិង​ខុសព្រោះលើកស្ទួយ​អាជីព​ដែលមិនមានច្បាប់អនុញ្ញាត គឺ ប្រុសពេស្យាមិនមាន​ច្បាប់​មាត្រាណាអនុញ្ញាតឲ្យលក់ខ្លួនដល់ស្រីដទៃទេ ។

ភាគីប្រុសពេស្យា : ខុសព្រោះល្មើសស្វាមីអ្នកដទៃ និង ខុសព្រោះ​ប្រកបអាជីពដែលមិនមានច្បាប់អនុញ្ញាត (ខ្មែរ : អាជីព​ប្រុសពេស្យា​មិន​ទាន់មានច្បាប់ហាមប្រាមឬអនុញ្ញាតនៅឡើយទេ ករណីក្រោយនេះ ប្រុសពេស្យាអាចមិនខុសច្បាប់ក៏បាន) ។

ឧ.ទី ៤ នាង កែវ នៅលីវ មិនទាន់មានស្វាមីទេ ហើយក៏មិន​ទាន់​មានសង្សារដែរ នៅថ្ងៃមួយ នាង កែវ បានទៅរក​ប្រុស​ពេស្យា​ដើម្បីបំពេញតម្រូវការផ្លូវភេទរបស់ខ្លួន សួរថា តើ នាង កែវ ប្រព្រឹត្តខុសសីលបទទី ៣ ឬទេ ព្រោះហេតុអ្វី?

ចម្លើយ : មិនខុសសីលកាមេទេ ប៉ុន្តែខុសព្រោះជួយជ្រោមជ្រែង​អាជីពប្រុសពេស្យាដែលមិនមានច្បាប់អនុញ្ញាត ។

ឧ.ទី ៥ នាយ សំឡី បានរៀបការហើយអស់ជាច្រើនឆ្នាំ មានកូន ២ នាក់ ថ្ងៃមួយបានជួបនឹងនាង ពៅ ជាអតីតសង្សារ​កាលពីរៀន​នៅឯសាលា​ទាំងនាង ពៅក៏បានរៀបការហើយដែរ​ ប៉ុន្តែមិនទាន់​មានកូនទេ ភ្លើងស្នេហ៍ចាស់ក៏ចាប់ផ្តើមឆាបឆេះឡើងឈាន​រហូត​​ដល់បានប្រព្រឹត្តមោះមិនគប្បីជាមួយគ្នា សួរថា តើអ្នកទាំងពីរ​បាន​ប្រព្រឹត្តខុសសីលបទកាមេដែរឬទេ ព្រោះហេតុអ្វី?

ចម្លើយ : ទាំងពីរខុសសីលបទកាមេម្នាក់ដល់ទៅ ២ ខ្ទង់ គឺ

ភាគីបុរស : ខុសព្រោះប្រព្រឹត្តល្មើសភរិយា​អ្នកដទៃនិងខុស​ព្រោះ​ក្បត់ភរិយារបស់ខ្លួន ។

ភាគីស្រ្តី : ខុសព្រោះប្រព្រឹត្តល្មើសស្វាមីអ្នកដទៃ​និងខុស​ព្រោះ​ក្បត់ស្វាមីរបស់ខ្លួន ។

ឧ.ទី ៦ នាយ កាង បានរៀបការហើយ នាង ចន្ទ្រា នៅលីវ ពេញក្រមុំ និង មិនទាន់រៀបការ អ្នកទាំងពីរបានធ្វើការនៅរោងចក្រ​មួយ កើត​សេចក្តីស្រឡាញ់គ្នា ទាំងនាយ កាង ក៏មិនបានប្រាប់ថា ខ្លួនមាន​ប្រពន្ធដែរ នៅថ្ងៃមួយ អ្នកទាំងពីរបានប្រព្រឹត្តមោះមិន​គប្បីជា​មួយគ្នា ក្រោយមក នាយ កាង ក៏ប្រាប់ថា ខ្លួនមានប្រពន្ធ​ហើយ នាង ចន្ទ្រា បានខូចចិត្តយ៉ាងខ្លាំង តើអ្នកទាំងពីរបាន​ប្រព្រឹត្ត​ខុសសីលបទកាមេ​ឬទេ ព្រោះហេតុអ្វី?

ចម្លើយ : អ្នកទាំងពីរបានប្រព្រឹត្តខុសសីលបទកាមេ

ភាគីបុរស : ខុសព្រោះក្បត់ភរិយារបស់ខ្លួន និង ខុសព្រោះកុហកនាង ចន្រ្ទា (សីលបទទី ៤ ) ដើម្បីបានខ្លួននាង ទោះបី​សារភាព​ប្រាប់ការពិតនៅពេលក្រោយក៏ដោយ ពោលគឺ មិនអាចយកជាការបានទេក្រោយពីសេចក្តីខូចខាតបានកើតឡើង​ហើយ ។

ភាគីស្រ្តី : ខុសព្រោះប្រព្រឹត្តល្មើសស្វាមីអ្នកដទៃ ។

ឧ. ទី ៧ នាយ កន នៅលីវ បានទៅកំសាននៅរមណីយដ្ឋាន​មួយកន្លែង គាប់ជួនបានជួបនឹងនាង រំចង់ ដែលទើបតែ​រៀបការ​ហើយ​ថ្មី ៗ នៅពេលនោះ អ្នកទាំងពីរក៏បានប្រព្រឹត្តមោះមិនគប្បី​ជាមួយគ្នានៅឯរមណីយដ្ឋាននោះឯង សួរថា តើអ្នកទាំងពីរ​បាន​ប្រព្រឹត្ត​ខុស​សីលបទកាមេឬទេ ព្រោះហេតុអ្វី?

ចម្លើយ : អ្នកទាំងពីរខុសសីលបទកាមេ

ភាគីបុរស : ខុសព្រោះប្រព្រឹត្តលើ្មសភរិយាអ្នកដទៃ ។

ភាគីស្រ្តី : ខុសព្រោះក្បត់ស្វាមីរបស់ខ្លួន ។

ឧ. ទី ៨ កម្លោះ ភឹម និង ក្រមុំ រំដួល បានស្រឡាញ់គ្នាមកជាច្រើន​ឆ្នាំហើយនៅឯសាលារៀន ដោយសេចក្តីភ្លើតភ្លើន​តាម​យុវវ័យ ពួកគេក៏បានប្រព្រឹត្តមោះមិនគប្បីជាមួយគ្នាដោយគ្មានអ្នកណាដឹងទេ ក្រោយមក ក្រមុំ រំដួល បានលួចទៅពិនិត្យ​សុខភាព ក៏ឃើញថា បានមានផ្ទៃពោះ ៣ ខែហើយ ក៏ប្រាប់ទៅកម្លោះ ភឹម ដោយសេចក្តីភ័យ​ខ្លាចថា ខ្លួនមិនទាន់រៀន​ចប់នៅឡើយ នាយ ភឹម និង នាង រំដួល ក៏សម្រេចចិត្តទម្លាក់កូនក្នុងផ្ទៃនោះចោល​ដោយ​មិនប្រាប់ឲ្យអ្នកណាដឹងទេ សួរថា តើអ្នកទាំងពីរបានប្រព្រឹត្តខុស​សីលបទកាមេឬទេ ព្រោះហេតុអ្វី?

ចម្លើយ : ចំពោះសីលបទកាមេ អ្នកទាំងពីរមិនបានប្រព្រឹត្តខុសទេ ប៉ុន្តែបានប្រព្រឹត្តខុសសីលបទទី ១ វិញ គឺ រួមគំនិតគ្នាប្រព្រឹត្ត​មនុស្សឃាតនៅក្នុងផ្ទៃនិងអាចខុសច្បាប់របស់ប្រទេសជាតិទៀត ។

២.ផ្នែកសន្ថវកិច្ចផ្លូវភេទជាមួយនឹងភេទដូចគ្នា

សូមមិនលើកយកឧទាហរណ៍មកជាគ្រឿងបញ្ជាក់អំពីសីលបទកាមេទេ ប៉ុន្តែសរសេរ​យកខ្លឹមសារដោយ​ចំតែម្តង ទាំងអស់មាន ៦ ចំណុច គឺ

  1. បុរសរៀបការហើយមានសន្ថវកិច្ចផ្លូវភេទជាមួយនឹងបុរសរៀបការហើយ ម្នាក់ ៗ មានកំហុស ២ ខ្ទង់ គឺ ខុសព្រោះ​ល្មើស​ភរិយាអ្នកដទៃ និង ខុសព្រោះល្មើសភរិយារបស់ខ្លួន ។
  2. ស្រ្តីរៀបការហើយមានសន្ថវកិច្ចផ្លូវភេទជាមួយនឹងស្រ្តីរៀបការហើយ ម្នាក់ ៗ មានកំហុស ២ ខ្ទង់ គឺ ខុសព្រោះ​ល្មើស​ស្វាមីអ្នក​ដទៃ និង ខុសព្រោះល្មើសស្វាមីរបស់ខ្លួន ។
  3. បុរសរៀបការហើយមានសន្ថវកិច្ចផ្លូវភេទជាមួយនឹងបុរសនៅលីវ ទាំងពីរនាក់មានកំហុស ១ ខ្ទង់ គឺ បុរសទី ១ ខុសព្រោះល្មើស​ភរិយា​របស់ខ្លួន និង បុរសទី ២ ខុសព្រោះល្មើសភរិយាអ្នកដទៃ ។
  4. ស្រ្តីរៀបការហើយមានសន្ថវកិច្ចផ្លូវភេទជាមួយនឹងស្រ្តីនៅលីវ អ្នកទាំងពីរមានកំហុស ១ ខ្ទង់ គឺ ស្រ្តីទី ១ ខុសព្រោះល្មើស​ស្វាមី​របស់ខ្លួន និង ស្រ្តីទី ២ ខុសព្រោះល្មើសស្វាមីអ្នកដទៃ ។
  5. បុរសនៅលីវមានសន្ថវកិច្ចផ្លូវភេទជាមួយនឹងបុរសនៅលីវ ប្រសិនអ្នកទាំងពីរដល់នូវយុវភាព គឺ ជានីតិជន មិនចាត់ថាខុស​សីលបទកាមេទេ ។
  6. ស្រ្តីនៅលីវមានសន្ថវកិច្ចផ្លូវភេទជាមួយនឹងស្រ្តីនៅលីវ ប្រសិនអ្នកទាំងពីរដល់នូវយុវភាព គឺ ជានីតិជន មិនចាត់ថាខុស​សីលបទកាមេទេ ។

បទវិភាគវែកញែកសីលបទទី ៣ គឺ កាមេសុ មិច្ឆាចារ ឃើញថា ចប់សព្វគ្រប់ត្រឹមប៉ុណ្ណេះឯង ។

ដោយព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ ។

loading…

266 total views, 1 views today

Facebook Comments