ក្រឡេកមើលសមណសក្តិនៅភូមា

រដ្ឋាភិបាលភូមាពិចារណាប្រគេនសមណសក្តិទៅតាមចំណេះដឹងនិងសមត្ថភាពឆ្នើមផ្សេង ៗ គ្នា របស់ព្រះមហាថេរៈ ព្រះថេរៈ មេជី និង​ឃរាវាសដែលសាងគុណប្រយោជន៍សម្រាប់ព្រះពុទ្ធសាសនា ដូចតទៅនេះ

សមណសក្តិភូមាមានចំណុចចាប់ផ្តើមមកពីសិរីលង្កា ក្នុងបច្ចុប្បន្ន បែងចែកជា ២ ក្រុម គឺ

ក្រុមទី ១ ចែកជា ថ្នាក់ដំបូង ថ្នាក់កណ្តាល និង ថ្នាក់ខ្ពស់

ថ្នាក់ដំបូង ប្រគេននៅពេលអាយុ ៤០ ឆ្នាំឡើងទៅ

ថ្នាក់កណ្តាលប្រគេននៅពេលអាយុ ៦០ ឆ្នាំឡើងទៅ

ថ្នាក់ខ្ពស់ប្រគេននៅពេលអាយុ ៧០ ឆ្នាំឡើងទៅ

ក្នុងក្រុមនេះចាត់ជាគោល ៣ ផ្នែក គឺ

  • ផ្នែកវិជ្ជាការ
  • ផ្នែកផ្សព្វផ្សាយ
  • ផ្នែកកម្មដ្ឋាន

ក្នុងផ្នែកនីមួយ ៗ បែងចែកជា ៣ ថ្នាក់ គឺ

ផ្នែកវិជ្ជាការ ហៅថា គន្ថវាចកបណ្ឌិត អ្នកប្រាជ្ញបង្រៀនគម្ពីរ

សមណសក្តិផ្នែកនេះប្រគល់ចំពោះព្រះសង្ឃ និង មេជី​ គឺ

ថ្នាក់ដំបូង ហៅថា គន្ថវាចកបណ្ឌិត

ថ្នាក់កណ្តាល ហៅថា មហាគន្ថវាចកបណ្ឌិត

ថ្នាក់ខ្ពស់ ហៅថា អគ្គមហាគន្ថវាចកបណ្ឌិត

ផ្នែកផ្សព្វផ្សាយ ហៅថា សទ្ធម្មជោតិកធជៈ ប្រែថា​ អ្នកជ្រោងទង់​ប្រកាសព្រះសទ្ធម្ម

សមណសក្តិនេះប្រគល់ចំពោះព្រះសង្ឃ មេជី និង ​ឃរាវាស ផ្នែកនេះនឹងមានទង់ដោតពណ៌លឿងទុំ មាន ៤ ថ្នាក់ គឺ

ថ្នាក់ដំបូង ហៅថា សទ្ធម្មជោតិកធជៈ

ថ្នាក់កណ្តាល ហៅថា មហាសទ្ធម្មជោតិកធជៈ

ថ្នាក់ខ្ពស់ ហៅថា អគ្គមហាសទ្ធម្មជោតិកធជៈ

ថ្នាក់ខ្ពង់ខ្ពស់ ហៅថា អភិធជអគ្គមហាសទ្ធម្មជោតិកធជៈ

ផ្នែកកម្មដ្ឋាន ហៅថា កម្មដ្ឋានាចរិយៈ ប្រែថា​ ព្រះអាចារ្យបង្រៀន​កម្មដ្ឋាន​​

សមណសក្តិនេះប្រគល់ចំពោះព្រះសង្ឃប៉ុណ្ណោះ គឺ

ថ្នាក់ដំបូង ហៅថា កម្មដ្ឋានាចរិយៈ

ថ្នាក់កណ្តាល ហៅថា មហាកម្មដ្ឋានាចរិយៈ

ថ្នាក់ខ្ពស់ ហៅថា អគ្គមហាកម្មដ្ឋានាចរិយៈ

ក្រុមទី ២ ជាសមណសក្តិថ្នាក់ខ្ពង់ខ្ពស់មានតាំងពីដើមរហូតដល់បច្ចុប្បន្ន មាន ៣ ថ្នាក់ គឺ

ថ្នាក់ដំបូង ហៅថា តិបិដកធរ ប្រែថា​ អ្នកទ្រទ្រង់ព្រះត្រៃបិដក (អ្នកចងចាំព្រះត្រៃបិដកតាំងពីដើមដល់បច្ចុប្បន្នមិនលើស ២០ រូប)

ថ្នាក់កណ្តាល ហៅថា អគ្គមហាបណ្ឌិត ព្រះថេរៈដែលបាន​សមណសក្តិនេះតោងមានអាយុយ៉ាងតិច ៦០ ឆ្នាំ និង មានគុណោបការៈច្រើន

ថ្នាក់ខ្ពង់ខ្ពស់ ហៅថា អភិធជមហារដ្ឋគុរុ ប្រែថា បរមគ្រូនៃផែនដី​អ្នកជ្រោងទង់ព្រះសាសនា អ្នកដែលទទួលបានសមណសក្តិនេះតោងតែជា​ប្រមុខសង្ឃ(សម្តេចព្រះសង្ឃរាជ) និង មានអាយុយ៉ាងតិច ៨០ ឆ្នាំ

សរុបមក សមណសក្តិភូមាមិនទាក់ទងនឹងការគ្រប់គ្រងទេ ប៉ុន្តែត្រូវ​បានលើកតម្កើងទៅតាមចំណេះដឹង និង​សមត្ថភាព​របស់​ព្រះសង្ឃ មេជី និង ឃរាវាសដែលឆ្នើមផ្សេង ៗ គ្នា ដែលខុសពីសមណសក្តិ​របស់ខ្មែរ ឬ ថៃ ដែលសង្កត់ធ្ងន់លើការ​គ្រប់គ្រងគណៈសង្ឃ​ទូទាំង​ប្រទេសតាមលំដាប់ថ្នាក់ ដូចជា ចៅអធិការ គ្រូសូធ្យឆ្វេង គ្រូសូធ្យស្តាំ និង គណៈកម្មការវត្ត ជាដើម ដោយពុំបានចែង​ពីចំណេះដឹង ឬ សមត្ថភាពរបស់បុគ្គលទាំងនេះច្បាស់លាស់ទេ ។

ប្រភព : ព្រះមហាអនុជន សាសនកិត្តិ ប្រយោគ ៩ (ជនជាតិថៃ)

 

loading…

365 total views, 1 views today

Facebook Comments