ការតស៊ូតាមទ្រឹស្តីអហិង្សា

ការតស៊ូតាមទ្រឹស្តីអហិង្សា

មហាត្មះ​ គន្ធី កើតនៅថ្ងៃទី ២ ខែតុលា គ.ស. ១៨៦៩ (១៨៦៩-១៩៤៨)នៅទីក្រុងតូចមួយឈ្មោះពោធិ៍បាន់ដារ៍នៃគុជរដ្ឋប្រទេសឥណ្ឌា (Porbandar, in the present-day Indian state of Gujarat) ។ គាត់កើតក្នុងគ្រួសារពាណិជ្ជករដែលមានមុខរបរលក់គ្រឿងទេសនិងជាអ្នកនយោបាយក្នុងតំបន់ ។ ជីវិតគាត់កើតមកដើម្បីធ្វើប្រយោជន៍ដល់ជនរួមជាតិឥណ្ឌា។ ជីវិតគាត់គន្ធីជាជីវិតសាមញ្ញ សមថៈប្រកបដោយភាពមេត្តា​ទន់ភ្លន់សុភាពរាបសា​ស្មោះត្រង់និងអហិង្សាភាព​ ។ អយុត្តិធម៌គឺការគាបសង្កត់មកលើជនជាតិឥណ្ឌាក្រោមអាណានិគមចក្រភពអង់គ្លេសបានកើតឡើងជាហូរហែ បង្ខំឱ្យគាត់ចូលខ្លួន​ក្នុង​ចលនាការទាមទាឯករាជ្យរបស់ឥណ្ឌា។ គាត់មានសុទិដ្ឋិនិយមថា​​ រាល់បញ្ហានិងជម្លោះផ្សេងៗ​នៅក្នុង​លោកនេះអាចដោះស្រាយបាន ដោយមិនចាំបាច់ប្រើ​អំពើ​ហិង្សាឬសង្គ្រាមនោះទេ ។ មនុស្សមានវិធីផ្សេងទៀតដើម្បីកាត់បន្ថយបញ្ហានិងជម្លោះ។ វិធីនោះហៅថា  ទ្រឹស្តីអហិង្សា គឺ ការមិនបៀតបៀន មិនធ្វើទុកបុក​ម្នេញគ្នានិងគ្នា ជាវិធីល្អមួយដើម្បីកាត់បន្ថយ​បញ្ហានិង​ជម្លោះ​ក្នុងសង្គម ។ គាត់បានអនុវត្តតាមទ្រឹស្តីនេះក្នុងការទាមទាឯករាជ្យរបស់ប្រទេសឥណ្ឌាពីចក្រភពអង់គ្លេស,  ទ្រឹស្តីនេះមានគោលការណ៍សំខាន់ ៗ ៥ ប្រការដូចខាងក្រោម :

១.សេចក្ដីស្រឡាញ់(មេត្តា) គឺជាបេះដូង រឺ ចំនុចសំខាន់នៃភាព​អហិង្សា គ្មាននរណាម្នាក់អាច​បដិសេធនឹងសេចក្ដីស្រឡាញ់​ដ៏បរិសុទ្ធនេះបានទ្បើយ ហើយដោយក្ដីស្រឡាញ់ដ៏បរិសុទ្ធនេះ គាត់បានឈ្នះចិត្តប្រជាជននិងខ្មាំងសត្រូវរបស់គាត់

២.ការអត់ធ្មត់(ខន្តី)  ទ្រឹស្តីអហិង្សាតម្រូវឱ្យមាន​ការអត់ធ្មត់​យ៉ាង​ខ្លាំងក្នុងការអនុវត្តដើម្បីទទួលបានជ័យជំនះ​  វាមិនមែន​ជាវិធី​ធ្វើឱ្យបានជោគជ័យក្នុងមួយពព្រិចភ្នែកនោះទេ ប៉ុន្តែវាជាវិធីមួយ​ដែលមានប្រសិទ្ធិភាពបំផុតក្នុងការយកឈ្នះទឹកចិត្តនិងសេចក្ដីស្រឡាញ់របស់អ្នកដទៃ

៣. ភាពក្លាហាន​ (តបោ) មានន័យថា ការឥតភ័យខ្លាចគ្រប់បែបយ៉ាងដូចជាការភ័យខ្លាចសេចក្ដីស្លាប់, ការភ័យខ្លាចអំពើហិង្សា ការភ័យខ្លាចភាពក្រីក្រ, ភាពអត់ឃ្លាន ។ល។ ជីវិតរបស់គាត់ចាត់ជាគំរូល្អបំផុតព្រោះជាបុគ្គលដែលឥតមានភាពភ័យខ្លាច

៤. ភាពបរិសុទ្ធ (អាជ្ជវៈ)  គឺ ភាពស្អាតស្អំនៃទ្វារទាំងបី គឺ កាយ វាចា ចិត្ត  (ចិត្តសុចរិត សម្ដីសុចរិត និង ទង្វើសុចរិត) គាត់តែងត្រួតពិនិត្យនិងជំរះចិត្តគំនិតឱ្យបរិសុទ្ធជានិច្ច រីឯ​មាគ៌ានយោបាយវិញ គាត់ប្រើសន្តិវិធីដោយទន់ភ្លន់ តែអង់អាចក្លាហាន  ផ្អែកលើគោលជំហរនៃភាពត្រឹមត្រូវនិងយុត្តិធម៌ ។

នៅពេលណា គាត់បានឃើញមនុស្សរបស់គាត់​ចាប់ផ្តើមប្រើ​អំពើ​ហិង្សា គាត់បានហាមបា្រមជាបន្ទាន់ ម៉្យាងវិញទៀត កាលបើ​ហេតុការណ៍​នោះមិនអាចជៀសផុតពីអំពើហិង្សាបានទេ ចលនានយោបាយទាំងអស់ត្រូវតែបញ្ឈប់ដើម្បីជៀសវាងការកើតអំពើហិង្សា ហើយក៏ត្រទ្បប់ទៅត្រិរិះពិចារណារក​កំហុសរបស់​ខ្លួន​និងបក្សពួករបស់គាត់

៥. ភាពស្មោះត្រង់និងភាពជាក់លាក់(មទ្ទវៈ) គាត់ជឿថា រឿងទាំងពីរនេះអាចធ្វើឱ្យរួចផុតពីបញ្ហាស្មុគស្មាញនិងភាពច្របូកច្របល់ដែលកើតមានឡើងបាន  ការជឿជាក់យ៉ាងដូច្នេះ បណ្ដាលឱ្យគាត់មានឆន្ទៈមោះមុតក្នុងការអនុតាមទ្រឹស្តីអហិង្សា ។

គំរូវីរភាពដ៏មោះមុតលើគោលមាគ៌ាដ៏ថ្លៃថ្លានេះបានធ្វើឱ្យគាត់ក្លាយទៅជាមនុស្សម្នាក់ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ដូចយ៉ាង កាសែត New York Times បានសរសើរគាត់ក្នុងឃ្លាមួយថា «លោកមហាត្មះគន្ធីជាមនុស្សមិនមានគ្រោះថ្នាក់ រឺ សេចក្តីភិតភ័យដល់មនុស្សជាតិទ្បើយ គាត់បានបន្សល់ទុកនូវអំណាចចិត្តវិញ្ញាណ(MENTAL POWER ចិត្តានុភាព )សម្រាប់មនុស្សជំនាន់ក្រោយ តទៅខាងមុខ អំណាចចិត្តវិញ្ញាណនេះនឹងមានឥទ្ធិពលជាងអាវុធយុទ្ធភណ្ឌនិង លទ្ធិសង្គ្រាមនិយមណា ៗ ទាំងអស់ »។

សម្គាល់ : លោកមហាត្មះគន្ធីបានប្រើទ្រឹស្តីអហិង្សានេះ​រំដោះ​ប្រទេស​ឥណ្ឌាពីអាណានិគមចក្រភពអង់គ្លេស តើសង្គមខ្មែរយើងអាចប្រើទ្រឹស្តីនេះដើម្បីរំដោះប្រទេសជាតិឱ្យរួចផុតពីកណ្ដាប់ចោរឈ្លានពានសព្វថ្ងៃនេះបានដែររឺទេ?

ដកស្រង់ពី ​​https://www.gotoknow.org/posts/57948

ប្រែនិងរៀបរៀងដោយព្រះមហា​​  វិជាជីព​ សុទេព វរឃោសោ មហា ៦ ប្រយោគ បរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយ​ និង អនុបណ្ឌិត​នយោបាយសាធារណៈនិងយុទ្ធសាស្ត្រការអភិវឌ្ឍន៍សង្គម ។

loading…

351 total views, 1 views today

Facebook Comments